Thursday, February 10, 2011

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នឹង​បើក​កិច្ច​ប្រជុំ​ពី​បញ្ហា​ខ្មែរ-​ថៃ​នៅ​ថ្ងៃ​១៤ កុម្ភ


ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) គ្រោង​នឹង​បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ថៃ ដើម្បី​ដោះស្រាយ​សង្រ្គាម​ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ ព្រះវិហារ។
RFA/
០៧-កុម្ភៈ-២០១១: រថយន្ត​យោធា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​កុម្ភៈ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នឹង​ទៅ​ចូល​រួម​កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ​ប្រធាន​​ក្រុមប្រឹក្សា​សន្តិសុខ ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កុម្ភៈ ខាង​មុខ​នេះ ដើម្បី​ដោះស្រាយ​វិបត្តិ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ និង​បញ្ចប់​ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។
កិច្ច​ប្រជុំ​របស់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជា​ទ្រង់​ទ្រាយ​ធំ កាល​ពី​ថ្ងៃ​ទី​៤ និង​បន្ត​ផ្ទុះ​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​៧ ខែ​កុម្ភៈ។
លោក កុយ គួង បន្ត​ទៀត​ថា លោក ហោ ណាំហុង នឹង​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួយ​ដោះស្រាយ​ សង្គ្រាម​កម្ពុជា និង​ថៃ ៖ «បញ្ហា​សំខាន់​ដែល​យើង​ដាក់​ទៅ​ហ្នឹង គឺ​បញ្ហា​ដែល​កងទ័ព​ថៃ ឈ្លានពាន​កម្ពុជា អ៊ីចឹង​គឺ​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ឯង បញ្ហា​លម្អិត​ផ្សេង​ទៀត​ខ្ញុំ​មិន​អាច​ជម្រាប​បាន​ទេ»
កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​ការបរទេស​ថៃ និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក (New York) ផង​ដែរ។ មន្រ្តី​ការបរទេស​ថៃ សង្ឃឹម​ថា កិច្ច​ប្រជុំ​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ នឹង​បង្កើត​ឲ្យ​មាន​យន្តការ​ដោះ​ស្រាយ​វិបត្តិ​ព្រំដែន​ជា​លក្ខណៈ​ទ្វេ​ ភាគី។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​កុម្ភៈ បាន​បញ្ជាក់​ជា​ថ្មី​ឡើង​វិញ​ថា កម្ពុជា​នឹង​មិន​វិល​ទៅ​រក​ការ​ចរចា​ជម្លោះ​ព្រំដែន​ជា​លក្ខណៈ​ទ្វេ​ភាគី​ នោះ​ទេ ប៉ុន្តែ​កម្ពុជា​នៅ​តែ​រក្សា​គោលជំហរ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ ដោយ​សន្តិវិធី។
លោក​បន្ត​ថា ៖ «ឥឡូវ​នេះ​មិន​អាច​មាន​ការ​ពន្យារ​សា​ជា​ថ្មី​ទេ អ៊ីចឹង​ចាប់​ពី​ពេល​នេះ​ត​ទៅ​កម្ពុជា ត្រូវ​ប្រើ​ឲ្យ​ពេញ​ទំហឹង​នូវ​យន្តការ​អន្តរជាតិ​ទាំង​អស់»
លោក ហ៊ុន សែន បន្ថែម​ទៀត​ថា លោក​បាន​ប្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​សន្ទនា​តាម​ ទូរស័ព្ទ​ថា ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ បាន​ក្លាយ​ទៅ​ជា​សង្គ្រាម​រួច​ជា​ស្រេច​ហើយ ដោយសារ​ការ​ផ្ទុះ​អាវុធ​កន្លង​មក កងទ័ព​កម្ពុជា និង​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ។
លោក ហ៊ុន សែន ក៏​បាន​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិសុខ​ មក​ការពារ​តំបន់​ជម្លោះ​ព្រំដែន រហូត​ដល់​មាន​ដំណោះស្រាយ​មួយ។
កងទ័ព​កម្ពុជា-​ថៃ បាន​ពើប​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ហើយ​បន្ត​ប្រយុទ្ធ​គ្នា​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កុម្ភៈ ទើប​ផ្អាក។ ការ​ផ្ទុះ​អាវុធ​នេះ បាន​បណ្ដាល​ឲ្យ​កងទ័ព និង​ជន​ស៊ីវិល​ចំនួន ៨​នាក់​ស្លាប់ និង​រង​របួស​មួយ​ចំនួន​ទៀត។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ រាប់​ពាន់​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ក្បែរ​តំបន់​ ព្រំដែន ដើម្បី​គេច​ចេញ​ពី​សង្គ្រាម។
ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​ប្រាសាទ​ព្រះវិហារ​ទទួល​រង​ ការ​បែក​បាក់​​រាប់​ពាន់​កន្លែង ដោយសារ​តែ​ត្រូវ​គ្រាប់​ផ្លោង និង​គ្រាប់​កាំភ្លើង​យន្ត​​​របស់​ទាហាន​ថៃ។ គ្រាប់​កាំភ្លើង​របស់​ថៃ ក៏​បាន​បំផ្លាញ​វត្ត​កែវសិក្ខាគិរីស្វារៈ ផង​ដែរ។ វត្ត​នេះ​បាន​ទទួល​រង​ការ​ខូចខាត​កុដិ​ព្រះសង្ឃ និង​សាលាឆទាន​យ៉ាង​ធ្ងន់ធ្ងរ។
ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ និង​ពិភពលោក​ព្រួយ​បារម្ភ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ម៉ាឡេស៊ី និង​វៀតណាម កាល​ពី​សប្ដាហ៍​មុន​បាន​ទទូច​ឲ្យ​កងទ័ព​កម្ពុជា-​ថៃ រក្សា​ភាព​អត់ធ្មត់​ទាក់ទង​នឹង​ការ​ផ្ទុះ​អាវុធ៕

No comments:

Post a Comment