Wednesday, February 16, 2011

លោក​ហោ​ ណាំ​ហុង ៖ ក​ម្ពុជា​នឹង​លើក​យក​ការ​រំលោភ​​បទឈប់បាញ់​ទៅប្រកាស​ក្នុងកិច្ចប្រជុំ​អាស៊ាន

ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
 
រាជធានីភ្នំពេញ ៖ ​លោកឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំ​ហុង ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កា​សែត​ ​​​​បន្ទាប់ពីលោក​ និង​គណៈ​ប្រតិភូ​​អម​ដំណើរ​​​បានវិលត្រឡប់​​មកពីចូលរួម​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​កាល​ពី​វេលា​ម៉ោង​​​ជាង​៩​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ ​នេះ នៅ​ព្រលានយន្តហោះ​​អន្តរជាតិភ្នំពេញថា កម្ពុជា​នឹងលើក​​យកការរំលោភ​​សេចក្តី​ប្រកាស​ឈប់​បាញ់របស់​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​កាលពីថ្ងៃទី​១៤ កុម្ភៈ ទៅ​ប្រកាស​ប្រាប់​កិច្ច​ប្រជុំ​​អាស៊ាន​នៅថ្ងៃទី​​២២ កុម្ភៈ ខាង​មុខ ពី​ការ​រំលោភ​បំពាន​របស់ថៃ​មកលើ​កម្ពុជា​គឺ​ថៃ​​នៅ​តែ​​បាញ់​​កាំ​ភ្លើង​​ត្បាល់ និង​បោកគ្រាប់​បែក​​ជា​ច្រើន​គ្រាប់​កាលពីយប់​ថ្ងៃទី​​១៤ និង​១៥ កុម្ភៈ ​កន្លង​ទៅ​នេះ​ ​ហើយភាគី​កម្ពុជា​​បានធ្វើ​​ការ​អត់ធ្មត់​​មិន​តប​ត​នោះទេ ។​
ទាក់​​ទង​ទៅនឹងការរំលោភ​​​បទ​ឈប់​បាញ់​​ពីសំណាក់​​ទាហានសៀម​នេះ​ដែរ លោករដ្ឋ​មន្ត្រី​​ការ​បរទេស​​កម្ពុជា ក៏បានទាមទារ​ឱ្យ​មាន​​អ្នក​​អង្កេត​ការណ៍​​​អាស៊ាន​​មកឃ្លាំមើល​​បទ​ឈប់​បាញ់​​​ជា​អចិន្ត្រៃយ៍​ ហើយកិច្ចប្រជុំ​​​គណៈ​កម្មការ​ព្រំដែន​​ចំរុះ​ទ្វេភាគី​​កម្ពុជា​-ថៃ​​នៅចុង​ខែ​កុម្ភៈ ខាង​មុខនេះ លោកហោ ណាំហុង ​ក៏បានស្នើ​​ឱ្យ​មាន​​អ្នក​អង្កេត​ការណ៍​​អាស៊ាន​ចូលរួម​ផងដែរ ។ លោក​ឧបនាយករដ្ឋមន្ត្រី​​បានបន្ត​ថា ​កម្ពុជា​ប្រកាន់​​យកការ​​ចរចា​ដោយសន្តិវិធី​​ជាមួយថៃ ដោយ​មាន​​ការ​ចូលរួម​ពីភាគីទី​៣ គឺ​អាស៊ាន ដើម្បី​​ធ្វើជា​អ្នក​សម្របសម្រួល​ក្នុងការ​ដោះ​ស្រាយ​​ជម្លោះ​នោះ​។​ លោកបន្ថែម​​ថា សេចក្តី​​ប្រកាស​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គ​ការ​​​​សហ​ប្រជាជាតិ អត់មាន​​និយាយ​​ពី​ការចរចា​ទ្វេ​ភាគី​​ជា​មួយ​ថៃ​ទេ គឺ​​ថៃ​បានបរាជ័យ​ក្នុងការ​រារាំង​មិន​​ឱ្យ​ក្រុមប្រឹក្សា​​​សន្តិសុខ អ.ស.ប ​បើកកិច្ចប្រជុំ​​​ និង​បាន​បរាជ័យ​​ផងដែរ ​ចំពោះការ​​រារាំង​​មិន​ឱ្យ អ.ស.ប ចេញសេចក្តីថ្លែងការណ៍នោះ ។
សូមបញ្ជាក់​ថា យោង​តាម​មន្ត្រីយោ​ធា​​មេ​បញ្ជា​ការ​​វរសេនាតូច​មួយ​រូប​ប្រចាំ​ការ​នៅ​​ខ្សែ​ត្រៀម​​ភ្នំទ្រព្យ​​ទឹកដី​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់តាំងពី​​ក្បាលល្ងាចម៉ោង​ប្រហែល​​​៦​និង​​៣០​នាទី​​ថ្ងៃទី​១៥ កុម្ភៈ ២០១១ ទាហានសៀម​​នៅ​​តែ​ប៉ុនប៉ង​បញ្ឆេះ​ភ្លើងសង្គ្រាម​​ដាក់ទាហាន​កម្ពុជា យ៉ាង​គឃ្លើន​ គ្មាន​​វិន័យ​ថ្លៃ​ថ្នូរទាល់តែ​សោះ ដោយ​បាញ់​ផ្លោង​​គ្រាប់កាំភ្លើង​​ត្បាល់​ប្រភេទ​៦០​មីល្លីម៉ែត្រ​ ប្រភេទ​៨០មីល្លីម៉ែត្រ ​និង​គប់​​​គ្រាប់​បែក​មក​កាន់ខ្សែ​ត្រៀម​​ជួរមុខ​របស់ទាហាន​កម្ពុជារាប់សិប​គ្រាប់ (ជិត​១០០គ្រាប់) បង្ក​ផល​លំបាក​ដល់ទាហានកម្ពុជា​យ៉ាង​ខ្លាំង ។​
លោកមេ​បញ្ជា​ការ​វ​រសេនាតូច​​ដែលសុំ​មិន​​បញ្ចេញ​ឈ្មោះ​​រូបនេះ​​បាន​ឱ្យ​​ដឹង​ទៀត​ថា ទាហាន​កម្ពុជា ដែលឈរជើង​​នៅខ្សែ​ត្រៀម​ជួរ​មុខ​​សព្វ​ថ្ងៃ​នេះ​​កំពុងមានការ​ព្រួយបារម្ភ​​យ៉ាង​ខ្លាំង ខ្លាច​ក្រែង​តែ​គ្រាប់​កាំភ្លើង​​ធំ​របស់​​ទាហាន​សៀម​​​​​ធ្លាក់​ចំត្រង់សេ ឬ​ជំរំយោធា​​របស់​យើង​នោះ​​ទេ ​ព្រោះទាហាន​​សៀម​តែង​តែ​បាញ់​ដាក់​ទាហាន​​កម្ពុជា​​ជា​រៀង​រាល់​​​ថ្ងៃ មិនដែល​​​ខានទេ...​​ជាក់ស្តែង​យប់​មិញ​នេះ​ទី​១៥ កុម្ភៈ ២០១១ គឺ​ទាហាន​​សៀមបាញ់​​កាំភ្លើង​​ធំ​ផង គប់គ្រាប់បែក​​ផង តាំង​​ពីក្បាល​ល្ងាច​រហូត​ដល់​​វេលាម៉ោង​​៥ភ្លឺ​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ ។ បើ​​សៀម​នៅតែ​​​បាញ់​ផ្លោង​​កាំភ្លើង​​ធំដាក់​ទាហាន​កម្ពុជា ហើយ​ទាហាន​កម្ពុជា​​នៅតែ​អត់ធ្មត់ (សៀម) ​បែបនេះ​ ថ្ងៃ ណា​មួយ​នឹង​រងគ្រោះមិន​ខាន ។​​ នេះ​ជា​ការ​គឃ្លើន​​របស់ទាហាន​​សៀម​​ដែល​ជា​​អំបូរគ្មាន​​សេចក្តីថ្លៃ​ថ្នូរ គ្មាន​​ចេះច្បាប់​​​ទម្លាប់​...​​ចង់តែ​​បញ្ឆេះ​​សង្គ្រាម​​ឱ្យមាន​​មហន្ត​រាយ ​បើ​ទោះណា​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​​អង្គការ​សហ​ប្រជា​ជាតិ​​បានកំណត់​​ឱ្យភាគី​កម្ពុជា-ថៃ​បញ្ឈប់​ការ​បាញ់​ ផ្ទុះអាវុធ ឬ​សង្គ្រាម​​​ជា​អចិន្ត្រៃយ៍​ក៏ដោយ​...​។​ ព័ត៌មាន​​លំអិត​នឹង​ផ្សាយ​ជូននៅ​ពេល​ក្រោយ និង​នៅលើទំព័រ​កាសែត​​កោះសន្តិ​ភាព ៕

No comments:

Post a Comment