ថ្ងៃ សៅរ៍ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះទៅលើលំនៅឋានអ្នកក្រីក្រ គឺលេបត្របាក់អស់ចំនួន៤ខ្នង ខណៈអ្នកផងកំពុងលង់លក់កាលពីវេលាម៉ោងប្រមាណ១១ អធ្រាត្រ ថ្ងៃទី១១ កុម្ភៈ ២០១១ នៅភូមិតាងួនខាងជើង ជាប់ស្ថានីយរថភ្លើងឆៀងខាងលិច ក្រោយផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើលភ័យរន្ធត់ជាមួយសម្លេងរញៀវប្រកូកប្រកាសឱ្យជួយផង ។
អគ្គីភ័យនេះបានឆាបឆេះប្រើពេលប្រមាណជិតមួយម៉ោងទើបត្រូវបានរលត់ជាស្ថាពរក្រោមការបាញ់ទឹកយ៉ាងសកម្មពីសមត្ថកិច្ចកងពន្លត់អគ្គីភ័យដែលបញ្ចេញរថយន្តពន្លត់អគ្គីភ័យ១០គ្រឿងទៅកាន់កន្លែងកើតហេតុ ប៉ុន្តែបាញ់ទឹកអស់តែ៣គ្រឿងប៉ុណ្ណោះ ។ អគ្គីភ័យនេះមិនបានបង្កឱ្យមនុស្សស្លាប់ ឬរបួសនោះទេ ព្រោះម្ចាស់ផ្ទះបានដឹងខ្លួន និងរត់ចេញទៅក្រៅផ្ទះទាន់ពេល ព្រមទាំងដង្ហោយអ្នកភូមិជួយស្រោចទឹក ជះផងដែរ...ផ្ទះតូចៗ៤ខ្នងសង់អំពីឈើដំបូលប្រក់សង្កសី ត្រូវឆេះម៉ដ្ឋបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ។
ដើមហេតុនៃអគ្គីភ័យនេះត្រូវបានគេដឹងថា មុនដំបូងទុស្សេខ្សែភ្លើងផ្តើមចេញពីបង្គោលភ្លើងនៅអមផ្លូវ ហើយបែកផ្កាភ្លើង យ៉ាងខ្លាំងគួបផ្សំក្បែរនោះសំបូរផ្ទះឈើផងក៏រាលឆ្លងសន្ធោសន្ធៅតែម្តង ៕
No comments:
Post a Comment