Friday, February 18, 2011

ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី

 

2011-02-18
សកម្មជន​ការពារ​បរិស្ថាន និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល បាន​យល់​ឃើញ​ថា ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា មាន​ផល​ប៉ះពាល់​ច្រើន​ជាង​ផល​ចំណេញ​ពី​វារីអគ្គិសនី។
RFA/Kong Youthana
៩-កុម្ភៈ-២០១០: អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។
សកម្មជន​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ការ​ វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី។
អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​៣ គឺ​ទន្លេ​សេសាន ស្រែ​ពក និង​ទន្លេ​សេកុង មាន​ទីស្នាក់ការ​ប្រចាំ​នៅ​ខេត្ត​រតនគិរី លោក មៀច មាន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​រស់​នៅ​តាម​ដង​ទន្លេ​សេសាន បាន​ទទួល​រង​ផល​ប៉ះពាល់​ផ្ទួនៗ​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ ប្រទេស​វៀតណាម ជា​ច្រើន​កន្លែង ហើយ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ មិន​ទាន់​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង បន្ថែម​ទៅ​លើ​នេះ​ទៀត គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​ស្រុក​បាន​ចាប់​ផ្ដើម​អនុវត្ត​បន្ត ​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ឃើញ​ថា នៅ​ពេល​ខាង​មុខ​នេះ សហគមន៍​យើង​នឹង​ប្រឈម​នឹង​បញ្ហា​ពីរ​ផ្ទួន​គ្នា។ បញ្ហា​មុន​កើត​ឡើង​មិន​ទាន់​បាន​ដោះស្រាយ ឬ​មាន​ដំណោះស្រាយ​បែប​ណា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធូរ​ស្រាល​ក្នុង​អារម្មណ៍ ​ទេ តែ​ឥឡូវ​ផែនការ​អភិវឌ្ឍន៍​ថ្មី​មួយ​ទៀត​ត្រូវ​បាន​ដាក់​ចូល អ៊ីចឹង​ក្ដី​បារម្ភ​របស់​គាត់​ត្រូវ​បាន​ផ្ទួន»
លោក មៀច មាន បន្ត​ថា ផល​ប៉ះពាល់​ដែល​គេ​មើល​ឃើញ​មាន ២​ផ្នែក​ធំៗ គឺ​ផល​ប៉ះពាល់​ដោយ​ប្រយោល និង​ប៉ះពាល់​ដោយ​ផ្ទាល់។ មាន​ជា​អាទិ៍ គម្រោង​សាងសង់​ទំនប់​សេសាន​២ ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ចុង​ឆ្នាំ​២០១១​នេះ គេ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ៥​ឃុំ ដែល​មាន​ប្រជាពលរដ្ឋ​ប្រហែល​ជាង ១​ម៉ឺន​នាក់ ត្រូវ​ប្ដូរ​ទី​លំនៅ​ថ្មី ដី​ស្រែ​ចម្ការ​រាប់​សិប​ហិកតារ​ត្រូវ​បោះបង់​ចោល និង​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​ជា​ច្រើន​ទៀត។
លោក មៀច មាន បញ្ជាក់​បន្ថែម ៖ «ជា​ពិសេស​ទំនប់​មួយ​នៅ​ឡូត៍​សេសាន​២ ត្រូវ​ប្លុក (បិទ) អស់​ពីរ​ទន្លេ វា​មិន​អាច​ធ្វើ​ឲ្យ​ត្រី​បន្លាស់​ទី​ពី​ក្រោម ពី​ទន្លេ​មេគង្គ ឡើង​ទៅ​ក្នុង​ទន្លេ​សេសាន ទន្លេ​ស្រែពក​អី​បាន​ទេ ដោយសារ​ទំនប់​នោះ​ខ្ពស់។ អ៊ីចឹង​វា​ប្លុក​ទាំង​ស្រុង​តែម្ដង​ចំពោះ​ចរាចរណ៍​របស់​ត្រី ហើយ​ប្រជាជន​ទាំង​ផ្នែក​ខាង​ក្រោម និង​ផ្នែក​ខាង​លើ​មិន​អាច​ធ្វើ​ដំណើរ​តាម​ទូក​បាន​ទេ»
សកម្មជន​បរិស្ថាន​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​ផល​ប៉ះពាល់​កន្លង​មក​ដែល​ បណ្ដាល​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​ប្រទេស​វៀតណាម ជាដើម​នោះ បាន​ជះ​ឥទ្ធិពល​មក​លើ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​សេសាន ក្នុង​ប្រទេស​កម្ពុជា ដូចជា​បញ្ហា​ធ្វើ​ឲ្យ​ទិន្នផល​ត្រី​ថយ​ចុះ និង​មាន​ពូជ​ត្រី​មួយ​ចំនួន​ត្រូវ​បាត់បង់​តែម្ដង។
ការ​បាក់​ច្រាំង​ទន្លេ ការ​កើន​ឡើង​នូវ​ខ្សាច់​បាត​ទន្លេ​បណ្ដាល​ឲ្យ​លុប​អន្លង់​ត្រី ដែល​ជា​ជម្រក​ត្រី​ពង​កូន​យ៉ាង​សំខាន់ បាត់​តំបន់​ថ្ម​ប៉ប្រះ​ទឹក ការ​ប្រែប្រួល​នូវ​ល្បឿន​នៃ​ចរន្ត​ទឹក​ហូរ​មិន​ទៀង​ទាត់ បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​លិច​ផ្ទះសម្បែង ស្រែ​ចម្ការ​ប្រជាពលរដ្ឋ ហើយ​ពេល​ខ្លះ​បណ្ដាល​ទឹក​ទន្លេ​រីង​រាក់​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បញ្ហា​ទឹក​ប្រែប្រួល​នេះ​បណ្ដាល​ឲ្យ​គុណភាព​ទឹក​មាន​ភាព​មិន​ប្រក្រតី បង្ក​ឲ្យ​អ្នក​ប្រើប្រាស់​ទឹក​ជួប​ប្រទះ​បញ្ហា​ប៉ះពាល់​ដល់​សុខភាព ៖ «នៅ​ពេល​ងូត​ទឹក ប្រើ​ទឹក​ទៅ​វា​រមាស់ កើត​រោគ​ផ្សេងៗ ជាពិសេស​ក្មេង អ្នក​នេសាទ និង​ស្ត្រី​ហ្នឹង…»
ប្រធាន​សមាគម​ការពារ​បរិស្ថាន និង​វប្បធម៌ ហៅ​កាត់​ថា សេប៉ា (Cepa) លោក ទេព ប៊ុនរិទ្ធិ បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ទំនប់​វារីអគ្គិសនី​មាន​ផល​ប៉ះពាល់​ជា​ច្រើន ដែល​មាន​កន្លែង​ខ្លះ​មិន​អាច​កាត់​ថ្លៃ​បាន។
នាយក​ប្រតិបត្តិ​នៃ​វេទិកា​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO FORUM) លោក ឈិត សំអាត បាន​ធ្វើការ​កត់​សម្គាល់​ឃើញ​ថា ផល​ប៉ះពាល់​ពី​វារីអគ្គិសនី​នៅ​តំបន់​តាម​ដង​ទន្លេ​មាន​ភាព​ធ្ងន់ធ្ងរ​ ខ្លាំង​ជាង​នៅ​តំបន់​ព្រៃ​ភ្នំ និង​ដងស្ទឹង ដែល​តំបន់​នេះ​អាច​ប៉ះពាល់​ដល់​ព្រៃ​ឈើ ជីវចម្រុះ​ជា​ច្រើន​ប្រភេទ មាន​ដូចជា​សត្វ​ព្រៃ​ជាដើម។
លោក ឈិត សំអាត បន្ត​ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​មាន​ផល​ប៉ះពាល់ គេ​មិន​រំពឹង​ថា នឹង​ទទួល​បាន​ផល​ពី​វារីអគ្គិសនី​នោះ​ប៉ុន្មាន​ទេ ៖ «ពួកគាត់​មិន​មាន​អី​ចាំបាច់ អគ្គិសនី​ធំដុំ​ប៉ុន្មាន​ទេ តាម​ខ្ញុំ​យល់ តាម​ជនបទ​ពួកគាត់​គ្រាន់​តែ​មាន​ភ្លើង​ដើម្បី​បំភ្លឺ​អ៊ីចឹង»
តំណាងរាស្ត្រ​បក្ស​ប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ដែរ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ភាគ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា គេ​ពុំ​ឃើញ​មាន​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​លើ​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ ​នោះ​ទេ។ លោក​បន្ត​ថា បើ​សិន​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​គេ​នឹង​ឃើញ​ផល​ប៉ះពាល់​លើ​ ប្រជាពលរដ្ឋ និង​បរិស្ថាន គឺ​មាន​ចំនួន​រាប់​សិប​ដង​លើស​ពី​ផល​ចំណេញ​ពី​អគ្គិសនី​នោះ​ទៅ​ទៀត។
លោក សុន ឆ័យ បន្ថែម​ដូច្នេះ ៖ «ពលរដ្ឋ​នឹង​បាត់បង់​ចំណូល និង​ជីវភាព ហើយ​និង​ខ្វះខាត​ម្ហូប​អាហារ​ហ្នឹង គឺ​យើង​ឃើញ​ទំហំ មិន​មែន​រាប់​រយ​លាន​ទេ គឺ​អាច​រាប់​ពាន់​លាន​ដុល្លារ បើ​គិត​ជា​តម្លៃ។ យើង​ឃើញ​ទំនប់​ជា​ច្រើន​កន្លែង កាលណា​បិទ​ទំនប់ វា​ត្រូវ​តែ​កាប់​ឈើ វា​ត្រូវ​តែ​ធ្វើ​ឲ្យ​លិចលង់​តំបន់​ព្រៃ​ភ្នំ​ទាំង​នោះ ហើយ​នេះ​ជា​កត្តា​បរិស្ថាន​មួយ​ដែល​យើង​អាច​បញ្ជាក់​ជា​ទូទៅ​ថា វា​នឹង​ធ្វើ​មាន​ផល​វិបាក​ដទៃៗ​ទៀត»
ទាក់ទង​នឹង​ការ​រិះគន់​លើ​គម្រោង​សាងសង់​ទំនប់​អគ្គិសនី​នេះ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​គិតគូរ​យ៉ាង​ដិតដល់​រវាង​ផល​ប៉ះពាល់ និង​ផល​ចំណេញ​ទើប​មាន​ការ​សម្រេច​ជា​ផ្លូវការ​ឲ្យ​មាន​ការ​សាងសង់ ៖ «ដូច្នេះ ​ការ​សិក្សា​ហ្នឹង សាងសង់​យ៉ាង​ម៉េច​ក៏ដោយ អត់​ឲ្យ​ប៉ះពាល់​រឿង​បាត់​ត្រី​ទេ បាន​ន័យ​ថា គំនូរ​នៃ​ទំនប់​ហ្នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ផ្លូវ​ត្រី​ចេញ​ចូល មិន​បិទ​ជិត​ត្រី​ចេញ​ចូល​អត់​រួច​នោះ​ទេ»
លោក ស៊ុយ សែម បន្ត​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ហើយ​ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ​ថ្មី​នោះ រដ្ឋាភិបាល​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ដោយ​គិតគូរ​ពី​បញ្ហា​ផ្ដល់​សំណង​ឲ្យ​ បាន​សមរម្យ​តាម​ការ​ចរចា និង​ព្រមព្រៀង​គ្នា​យ៉ាង​ច្បាស់លាស់។
លោក ស៊ុយ សែម មាន​ប្រសាសន៍​ទៀត​ថា ៖ «យើង​ឲ្យ​គាត់​នៅ​មាត់​ទឹក​ហ្នឹង ​គ្រាន់តែ​ឡើង​មក​ពី​ទឹក​មក​នៅ​មាត់​ទឹក​វិញ​ដដែល​ហ្នឹង អា​ត្រី​នេសាទ គាត់​នេសាទ​នៅ​ក្នុង​ទំនប់​ហ្នឹង​ទៅ មាន​អី! ធ្វើ​ផ្ទះ​ឲ្យ​គាត់ ធ្វើ​ផ្លូវ​ឲ្យ​គាត់​ឡើង​វិញ​ទៅ។ អ្នក​ខ្លះ​បាន​ផ្ទះ​ល្អ​ជាង​មុន​ផង ផ្ទះ​គាត់​មុន​កំពេតកំពោត ខ្ទម​អី​ផង ដល់​យើង​ធ្វើ យើង​ធ្វើ​ផ្ទះ​មែនទែន ព្រោះ​អា​ហ្នឹង​គេ​ដាក់​ចូល​ក្នុង​ថ្លៃ​លក់​អគ្គិសនី ថ្លៃ​ដើម​ដែល​វិនិយោគ យើង​ចង់​ឲ្យ​គេ​សង​ប៉ុន្មាន​គេ​ចេះ​តែ​សង​ហើយ រួច​ទៅ​គេ​បញ្ចូល​ក្នុង​ថ្លៃ​ដើម»
ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ពី​សកម្មជន​បរិស្ថាន និង​គណបក្ស​នយោបាយ​លើ​បញ្ហា​សង់​ទំនប់​វារីអគ្គិសនី​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ដែល​បាន​រិះគន់​លើ​ការ​វិយោគ​វិស័យ​ អគ្គិសនី​នៅ​កម្ពុជា​ថា ជា​ក្រុម​ជ្រុល​និយម។
លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​បិទ​ស្ទឹង​ឫស្សីជ្រំ​ក្រោម ដើម្បី​បើក​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១០ យ៉ាង​ដូច្នេះ ៖ «ដើម្បី​បាន​វារីអគ្គិសនី ៣៣០​មេហ្គាវ៉ាត់​នៅ​ឫស្សីជ្រំ​ក្រោម យើង​នឹង​ត្រូវ​បិទ​ស្ទឹង​នេះ ហើយ​វា​នឹង​លិចលង់​ព្រៃ​មួយ​ចំនួន​របស់​យើង ប៉ុន្តែ​នោះ​ជា​ការ​ដោះដូរ​មួយ ដើម្បី​បាន​វារីអគ្គិសនី ៣៣០​មេហ្គាវ៉ាត់ រឿង​វា​នៅ​ត្រង់​នេះ! ប៉ុន្តែ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឲ្យ​បញ្ចេញ​ទៅ​ចុះ!»
ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​លើ​អ្នក​ភូមិ និង​ធនធាន​ធម្មជាតិ​ដោយសារ​ទំនប់​វារីអគ្គិសនី បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​សូម​ឲ្យ​ជួយ​ដោះស្រាយ​នោះ ពុំ​ដែល​មាន​ការ​ឆ្លើយ​តប​ម្ដង​ណា​ឡើយ។
អង្គការ​វេទិកា​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ចេញ​របាយការណ៍​មួយ​ដោយ​សិក្សា​លម្អិត​លើ​ការ​វិនិយោគ​វិស័យ​ វារីអគ្គិសនី​នៅ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០០៩ បាន​សន្និដ្ឋាន​ថា ការ​វិនិយោគ​វិស័យ​វារីអគ្គិសនី ហាក់​បី​ដូច​ជា​ហួស​សម័យ​ទៅ​ហើយ ដោយសារ​ត្រូវ​ចំណាយ​ដើម​ទុន​ខ្ពស់ និង​បង្ក​ឲ្យ​មាន​ហានិភ័យ​ជា​ច្រើន ជា​ពិសេស​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ប្រជាពលរដ្ឋ។
កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ គណៈកម្មការ​ទន្លេ​មេគង្គ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ជា​ យុទ្ធសាស្ត្រ​អំពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន ដែល​បណ្ដាល​មក​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ។
របាយការណ៍​នេះ​បាន​បង្ហាញ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​ចំនួន ១២ ដែល​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ គ្រោង​សាងសង់​ជា​បន្តបន្ទាប់​នោះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ១​លាន​នាក់ នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល។
ក្រុម​អ្នក​ជំនាញ​បាន​ផ្ដល់​អនុសាសន៍​ដល់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ ទន្លេ​មេគង្គ​ថា គេ​គួរ​តែ​ផ្អាក​គម្រោង​សាងសង់​វារីអគ្គិសនី​នេះ​ក្នុង​រយៈពេល ១០​ឆ្នាំ​សិន ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​លក្ខណៈ​ចាំបាច់​នានា ដែល​ត្រូវ​អនុវត្ត​ក្នុង​ដំណើរការ​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​ខូចខាត​ដល់​ប្រព័ន្ធ​ធម្មជាតិ។
ក្នុង​ឆ្នាំ​២០១១​នេះ តំបន់​ដែល​កំពុង​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​កម្ពុជា មាន​ចំនួន ៧​កន្លែង ក្នុង​នោះ​មាន​មួយ​កន្លែង​បាន​ធ្វើ​អាជីវកម្ម​ហើយ។
ទី​១ វារីអគ្គិសនី​គិរីរម្យ​១ ដែល​មាន​ថាមពល ១២​មេហ្គាវ៉ាត់ សព្វថ្ងៃ​កំពុង​ដំណើរការ​ធ្វើ​អាជីវកម្ម។ ទី​២ វារីអគ្គិសនី​គិរីរម្យ​៣ នៅ​ខេត្ត​កំពង់ស្ពឺ ផលិត​បាន​អគ្គិសនី​ចំនួន ១៨​មេហ្គាវ៉ាត់។ ទី​៣ ទំនប់​វារីអគ្គិសនី​កំចាយ ស្ថិត​នៅ​ខេត្ត​កំពត អាច​ផលិត​ថាមពល​អគ្គិសនី​បាន ១៩៣​មេហ្គាវ៉ាត់ អាច​ដំណើរការ​បាន​នៅ​ដើម​ឆ្នាំ​២០១២ ខាង​មុខ។ ទី​៤ ទំនប់​វារីអគ្គិសនី​អាតៃ នៅ​ខេត្ត​ពោធិ៍សាត់ មាន​កម្លាំង ១២០​មេហ្គាវ៉ាត់ អាច​ដំណើរ​ការ​បាន​នៅ​ចុង​ឆ្នាំ​២០១២។ ទី​៥ ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​ឫស្សីជ្រំ​ក្រោម ស្ថិត​នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង មាន​កម្លាំង ៣៣៨​មេហ្គាវ៉ាត់ អាច​ដំណើរការ​​បាន​នៅ​ឆ្នាំ​២០១៥។ ទី​៦ ទំនប់​វារីអគ្គិសនី​​ស្ទឹង​តាតៃ ស្ថិត​នៅ​ក្នុង​ឃុំ​ឫស្សីជ្រំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង មាន​កម្លាំង ២៤៦​មេហ្គាវ៉ាត់ អាច​ដំណើរ​ការ​បាន​នៅ​​​ឆ្នាំ​២០១៥ និង​ទី​៧ វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង គេ​គ្រោង​សាងសង់​នៅ​ចុង​ឆ្នាំ​២០១១​នេះ មាន​ថាមពល​ធំ​ជាង​គេ មាន​រហូត​​ដល់​ទៅ ៤០០​មេហ្គាវ៉ាត់ អាច​ដំណើរការ​បាន​នៅ​អំឡុង​ឆ្នាំ​២០១៧៕

No comments:

Post a Comment