Saturday, February 12, 2011

UNESCO តែងតាំង​អ្នក​តំណាង​មក​ពិនិត្យ​ប្រាសាទ​ព្រះវិហារ


2011-02-12
អង្គការ យូណេស្កូ (UNESCO) បាន​តែងតាំង​អតីត​អគ្គ​នាយក​យូណេស្កូ ជា​បេសកជន​ពិសេស ដើម្បី​ពិនិត្យ​ស្ថានភាព​ប្រាសាទ​ព្រះវិហារ។
ប្រភព​ពី​បណ្ដាញ​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ (UNESCO) បាន​ឲ្យ​ដឹង​ថា អតីត​អគ្គ​នាយក​អង្គការ​យូណេស្កូ លោក កូជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា (Koichiro Matsuura) ត្រូវ​បាន​គេ​តែងតាំង​ជា​បេសកជន​ពិសេស នៃ​ប្រាសាទ​ព្រះវិហារ ហើយ​លោក​នឹង​អញ្ជើញ​មក​ដល់​ក្រុង​បាងកក និង​ក្រុង​ភ្នំពេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។
ការ​តែងតាំង​លោក កូជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​របស់​អង្គការ​យូណេស្កូ ដែល​គេ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ ថ្ងៃ​ទី​១១ កុម្ភៈ​នេះ អ្នក​ស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ថ្លែង​ថា លោក កូជីរ៉ូ ម៉ាត់ស៊ូអូរ៉ា នឹង​អញ្ជើញ​មក​កាន់​ក្រុង​ភ្នំពេញ និង​ក្រុង​បាងកក ដើម្បី​ពិភាក្សា​ថា តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការពារ​តំបន់​បេតិកភណ្ឌ​ពិភព​លោក។ លោក​នឹង​ធ្វើ​ការ​ជា​មួយ​ភាគី​ទាំង​ពីរ ដើម្បី​បន្ថយ​នូវ​ភាព​តានតឹង ហើយ​នឹង​ជំរុញ​ការ​ជជែក​ជុំវិញ​ការ​ថែ​រក្សា​ប្រាង្គ​ប្រាសាទ។
កិច្ច​ប្រជុំ​នោះ បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​សមាគម​អាស៊ាន នា​ពេល​បច្ចុប្បន្ន​នេះ គឺ​លោក ម៉ាធី ណា​តា​លី​ហ្គា​វ៉ា (Marty Natalegawa) បាន​ផ្ញើ​លិខិត​ទៅ​គ្រប់​សមាជិក​ប្រទេស​អាស៊ាន​ទាំង​១០ ដើម្បី​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ស្ដី​អំពី​បញ្ហា​ខ្មែរ-ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ខាង​មុខ​នេះ​ដែរ នៅ​ទីក្រុង​ចាការ៉ាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ ហើយ​និង​មិន​ទទួល​យក​ការ​ដោះ​ស្រាយ​បញ្ហា​ទ្វេ​ភាគី​ទៀត​ឡើយ បើ​ទោះ​បី​ជា​មាន​សំណើ​នោះ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នោះ​ក្ដី ៖ "សំខាន់​កម្ពុជា​ចង់​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រយ៍។ ហើយ​អាស៊ាន ក៏​គួរ​តែ​យល់​ដែរ បើ​សិន​ជា​បញ្ហា​ទ្វេ​ភាគី​ហ្នឹង​អាច​ទៅ​រួច​បាន មិន​មែន​កម្ពុជា​ធ្វើ​លិខិត​ទៅ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ទេ។ បញ្ហា​ទ្វេ​ភាគី​នេះ វា​ហួស​សម័យ​ហើយ ចំពោះ​ប្រទេស​ឈ្លាន​ពាន​មួយ​ព្យាយាម​និយាយ​បែប​នេះ"
ការ​កោះ​ហៅ​របស់​លោក ម៉ាធី ណា​តា​លី​ហ្គា​វ៉ា ដើម្បី​បើក​កិច្ច​ប្រជុំ​បន្ទាន់​របស់​អាស៊ាន ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​ដោយ​ឡែក​មួយ​ទៀត នៅ​ទីក្រុង​ញីវយ៉ក បន្ទាប់​ពី​ការ​វាយ​ប្រហារ​គ្នា​ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ បាន​កើត​ឡើង បណ្ដាល​ឲ្យ​មាន​យោធា​នៃ​ភាគី​ទាំង​សងខាង​ជា​ច្រើន​នាក់​ស្លាប់ និង​របួស។
អគ្គ​លេខាធិការ​នៃ​សមាគម​អាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន (Surin Pitsuwan) ដែល​ត្រូវ​ស្រង់​សំដី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ថ្លែង​ថា ការ​កោះ​ប្រជុំ​របស់​អាស៊ាន គឺ​សំដែង​នូវ​កិច្ច​ប្រឹងប្រែង​ស្វែង​រក​ការ​ដោះ​ស្រាយ​នៃ​ជម្លោះ​ប្រទេស​ទាំង​ពីរ ដែល​ជា​សមាជិក​របស់​ខ្លួន។
លោក ហោ ណាំ​ហុង បាន​ថ្លែង​នៅ​មុន​ការ​ចេញ​ដំណើរ​ទៅ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ កាល​ថ្ងៃ​ទី​១១ ថា​ថៃ​នៅ​តែ​បន្ត​ការ​ឈ្លាន​ពាន​របស់​ខ្លួន​មក​លើក​កម្ពុជា​នៅ​ឡើយ​ទេ ៖ "ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ​ជា​បរាជ័យ​របស់​ថៃ ឱកាស​មួយ​របស់​សហគមន៍​អន្តរ​ជាតិ​ទាំង​មូល ឲ្យ​គេ​ស្គាល់​ពុត​ត្បុត និង​ភាព​ឈ្លាន​ពាន​របស់​ថៃ ការ​បោក​បញ្ឆោត​របស់​ថៃ​មក​លើ​កម្ពុជា និង​ការ​ដាក់​គំនាប​យោធា​របស់​ថៃ​មក​លើ​កម្ពុជា"
ប្រភព​ពី​ក្រសួង​ការ​បរទេស​ខ្មែរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ថៃ​បាន​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ប្រមាណ ២​ម៉ឺន​នាក់​មក​កាន់​ព្រំដែន​បន្ថែម​ទៀត។ ប៉ុន្តែ​ភាគី​ថៃ​វិញ បាន​និយាយ​ថា ភាគី​ខ្មែរ​បាន​បើក​ការ​វាយ​ប្រហារ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ការ​ពារ​របស់​ភាគី​ថៃ។
នៅ​ជុំវិញ​ការ​វាយ​ប្រហារ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ ដល់​ប្រាង្គ​ប្រាសាទ​ព្រះវិហារ អ្នក​ស្រី​បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ប្រសាទ​បូរាណ​នេះ ដែល​ទើប​នឹង​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ។ អ្នក​ស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ខ្មែរ និង​ថៃ គោរព​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដី​អំពី​ការ​ការ​ពារ និង​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ផង​ដែរ៕

No comments:

Post a Comment