Friday, February 11, 2011

ថាស្ថានការណ៍​ព្រំដែន​ខ្មែរ-ថៃ ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ

ព័ត៌មានថ្មីៗ 13:02:38, 12 February 2011
ទាហានខ្មែរដែលត្រៀមនៅតំបន់ប្រាសាទព្រះវិហារ។ (រូបភាព៖ ABC)
ទាហានខ្មែរដែលត្រៀមនៅតំបន់ប្រាសាទព្រះវិហារ។ (រូបភាព៖ ABC)
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កងទ័ពកម្ពុជា-ថៃ ដែលកំពុងឈរជើង
នៅតាមបណ្តោយព្រំដែនតំបន់ប្រាសាទព្រះវិហារ អាចនឹងងាយផ្ទុះអាវុធជាថ្មីទៀត ព្រោះ
បច្ចុប្បន្ននេះប្រទេសថៃបានបញ្ជូនកម្លាំង និងសព្វាវុធទំនើបៗ មកដាក់ពង្រាយតាមបណ្តោយ
ព្រំដែនក្បែរប្រាសាទព្រះវិហារដ៏ច្រើនសន្ធឹកសន្ធាប់។ កញ្ញាទូច រង្សី រាយការណ៍ ធ្វើសេចក្ដី
រាយការណ៍ជូន។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍
ឲ្យវិទ្យុអូស្រា្តលីដឹងនៅចុងសប្តាហ៍នេះថា បន្ទាប់ពីកងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាដោយ
អាវុធកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈរួមមក ទំនាក់ទំនងការទូតកម្ពុជា-ថៃ មិនទាន់ធ្លាក់ក្នុង
ស្ថានភាពធ្ងន់ធ្ងរ ដែលនាំឲ្យប្រទេសទាំងពីរប្រកាសដកតំណាងទូត របស់ខ្លួនត្រឡប់មកកាន់
ប្រទេសរៀងៗខ្លួននោះទេ។
(សំឡេងលោក កុយ គួង)
លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ បានថ្លែងនៅ
រសៀលថ្ងៃទី១១ ខែកុម្ភៈថា បច្ចុប្បន្ននេះស្ថានការណ៍នៅតាមព្រំដែនតំបន់ប្រាសាទព្រះវិហារ
ស្ថិតក្នុងសភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជា បានត្រៀមលក្ខណៈប្រយុទ្ធជាប់ជានិច្ច។
បន្ថែមលើនេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា
ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ អាចនឹងឈានដល់ការផ្ទុះអាវុធជាថ្មីទៀត ព្រោះ
សព្វថ្ងៃនេះកងទ័ពថៃ បានបន្តបញ្ជូនកម្លាំង និងសព្វាវុធទំនើបធុនធ្ងន់មកដាក់ពង្រាយតាម
ព្រំដែន ជិតតំបន់ប្រាសាទព្រះវិហារដ៏ច្រើនសន្ធឹកសន្ធាប់។
ទាក់ទងបញ្ហានេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីល្ងាចថ្ងៃទី១១
ខែកុម្ភៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមចេញទៅកាន់បូរីញូវយ៉កសហរដ្ឋអាមេរិក
ដើម្បីចូលរួមតុប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងរៀបចំនៅ
ថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១១។
កិច្ចប្រជុំនៅថ្ងៃទី១៤ ខែកុម្ភៈ ត្រូវបានលោក ហោ ណាំហុង បញ្ជាក់ថា មានការចូលរួមពី
សមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំនួន
១៥ប្រទេស និងមានភាគីជម្លោះ កម្ពុជា-ថៃ ព្រមទាំងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុង
នាមជាប្រធានអាស៊ានចូលរួមផងដែរ។ ហើយថា ក្នុងកិច្ចប្រជុំរូបលោក នឹងលើកយក
សកម្មភាពឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា ជាពិសេសការបាញ់
កាំភ្លើងធុនធ្ងន់ បំផ្លាញប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជំរាបជូនមន្ត្រី
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជ្រាបជាព័ត៌មាន និងជួយអន្តរាគមន៍៕

No comments:

Post a Comment