វេលាម៉ោង៦ល្ងាចនេះរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដឹកនាំប្រតិភូ និងភស្តុតាងទៅកាន់ អ.ស.ប បង្ហាញពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី១១ កុម្ភៈ ២០១១ ថា លោកហោ ណាំហុង ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមួយក្រុម និងឯកសារជាច្រើនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយគណៈប្រតិភូរាជរដ្ឋាភិបាលគ្រោងចេញដំណើរពីរាជធានីភ្នំពេញ នៅវេលាម៉ោង៦ល្ងាចនេះ ។
លោកកុយ គួង បន្តថា លោកមិនអាចបញ្ជាក់ប្រាប់អ្នកកាសែតថា តើលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងយកទៅជាមួយនូវឯកសារអ្វីខ្លះនោះទេ ប៉ុន្តែច្បាស់ណាស់ថា ប្រមុខការទូតកម្ពុជា នឹងដាក់ឯកសារពិសេសៗជូនដល់ អ.ស.ប ពាក់ព័ន្ធនឹងជម្លោះឈ្លានពាននេះ ។ លោកបន្តថា កម្ពុជាបានរៀបចំរួចរាល់អស់ហើយនូវលក្ខណសម្បត្តិដោះស្រាយជម្លោះ ។ លោកឧបនាយករដ្ឋមន្ត្រីនឹងថ្លែងដោយផ្ទាល់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ កុម្ភៈ ២០១១ ខាងមុខ តាមការគ្រោងទុក ហើយកម្មវិធីប្រជុំមិនមានការប្រែប្រួលនោះទេ ៕
No comments:
Post a Comment