ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តតាកែវ ៖ ប្រធានសួនសត្វភ្នំតាម៉ៅ លោកញឹក រតនៈពេជ្រ បានឱ្យដឹងនៅរសៀលថ្ងៃពុធ ទី១៦ កុម្ភៈ ២០១១ ថា ឃាតកដំរីឈ្មោះអាសំបូរ បានងាប់ហើយកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ កុម្ភៈ កន្លងមកនេះ ។ ចំពោះមូលហេតុនៃការងាប់ លោកមិនទាន់អាចបញ្ជាក់ឱ្យបានពិតប្រាកដនៅឡើយទេ ដោយលោកអះអាងថា ពេលនេះក្រុមជំនាញពេទ្យសត្វបាននិងកំពុងធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់ ពីព្រោះមុនពេលងាប់គឺមានរោគសញ្ញាមួយចំនួនដូចជា នៅលើក្បាល និងដងខ្លួនរបស់វាមានស្នាមរបកៗជាច្រើនកន្លែង ហើយវាមិនសូវស៊ីចំណីនោះជាដើម ។
ទោះជាយ៉ាងណា លោកប្រធានសួនសត្វភ្នំតាម៉ៅ ញឹក រតនៈពេជ្រ បន្តថា ដំរីឈ្មោះអាសំបូរ វាក៏មានវ័យចំណាស់ផងដែរ ប៉ុន្តែលោកមិនច្បាស់ពីអាយុកាលរបស់វា ដោយគ្រាន់តែមានការបញ្ជាក់ពីម្ចាស់វាថា អាសំបូរ មានអាយុ៩៦ឆ្នាំ និងអ្នកដែលស្គាល់អាសំបូរ ផងដែរនោះអះអាងថា វាមានអាយុជាង៨០ឆ្នាំតែប៉ុណ្ណោះ ។ ប្រធានសួនសត្វភ្នំតាម៉ៅ លោកញឹក រតនៈពេជ្រ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទពីសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ទីដែលអាសំបូរ កំពុងស្នាក់នៅនោះថា អាសំបូរ មុនពេលងាប់នៅតែមានចរិតកាចសាហាវដដែល។ ពីព្រោះអាសំបូរ ឱ្យតែឃើញម៉ូតូ រថយន្ត ឬមនុស្សគឺវារុញ និងបោលបុក បណ្តាលឱ្យទ្រុងដែកដែលដាក់វានោះកោងស្ទើរតែបាក់ ។ លោកប្រធានសួនសត្វភ្នំតាម៉ៅរូបនេះបញ្ជាក់ដែរថា សពឃាតករដំរីឈ្មោះអាសំបូរ ត្រូវបានកប់នៅក្នុងទីតាំងសួនសត្វភ្នំតាម៉ៅ នៅថ្ងៃចន្ទ ទី១៤ កុម្ភៈ ដដែលនោះ ។
គួរបញ្ជាក់ថា អាសំបូរ ត្រូវបានក្រុមជំនាញសត្វព្រៃចាប់ដាក់ច្រវាក់ដើម្បីអប់រំ និងផ្សាំងវាកាលពីថ្ងៃទី១៥ ធ្នូ និងបានបញ្ជូនទៅកាន់សួនសត្វភ្នំតាម៉ៅកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១០ កន្លងមកនេះ ក្រោយពេលវាបានសម្លាប់មនុស្សម្នាក់កាលពីរសៀលថ្ងៃសៅរ៍ ទី៤ ធ្នូ នៅចំណុចជ្រោះបាក់ ស្ថិតក្នុងភូមិមន ឃុំធម្មតាអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងធ្វើឱ្យប្រជាសហគមន៍មានការភ័យខ្លាចចំពោះវាយ៉ាងខ្លាំង។ បុរសដែលត្រូវអាសំបូរ ជាន់សំលាប់នោះឈ្មោះសែ ណុល អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកន្លែងកើតហេតុខាងលើ ។ ហេតុការណ៍ដ៏កម្រជួបប្រទះ និងគួរឱ្យសោកស្តាយនេះបានកើតឡើង ខណៈពេលជនរងគ្រោះ និងម្ចាស់របស់វាដែលពិការជើងម្ខាង កំពុងស្រាយច្រវាក់ចេញពី.កដំរីស្រាប់តែដំរីនោះបានបុះ ជនរងគ្រោះឱ្យដួល រួចជាន់ពីលើរហូតដល់ស្លាប់នៅនឹងកន្លែង៕
No comments:
Post a Comment