ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ យោងតាមការថ្វាយយោបល់ពីសម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋ រដ្ឋមន្ត្រីព្រះបរមរាជវាំង ដល់ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដើម្បីព្រះរាជទានអំណោយថ្លៃថ្លាដល់កងទ័ពកម្ពុជាដ៏ក្លាហានអង់អាចការពារទឹកដីនៅសមរភូមិនមុខតាមខ្សែបន្ទាត់ព្រំដែនព្រះវិហារ និងប្រជាពលរដ្ឋភៀសសឹកនោះ នាពេលថ្មីៗនេះសម្តេចឪ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ និងសម្តេចម៉ែ ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យ ព្រះរាជទានអំណោយថ្លៃថ្លាជូនដល់កងទាហានការពារទឹកដី និងប្រជាពលរដ្ឋនិរភ័យចេញពីតំបន់អសន្តិសុខ ។
យោងតាមលិខិតទូលថ្វាយរបស់សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងបានបង្ហាញថា ព្រះមហាវីរក្សត្រព្រះបាទនរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានសព្វព្រះរាជហឫទ័យ ព្រះរាជទានអំណោយថ្លៃថ្លាដល់កងទ័ពការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ ចំនួនទឹកប្រាក់សរុប២៥.០០០ដុល្លារ មី៥០០កេស ត្រីខប្រអប់១០០កេស និងទឹកបរិសុទ្ធ៥០០កេស ។ ចំណែកប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ព្រំដែនខេត្តព្រះវិហារ ប្រមាណ៣.០០០គ្រួសារ ត្រូវបានសម្តេចឪ សម្តេចម៉ែ ទាំងពីព្រះអង្គ ព្រះរាជទានសំរាប់គ្រួសារនីមួយៗមានសារុង១ ក្រមា១ មី១៥កញ្ចប់ និងថវិកា២០.០០០រៀល ។
គួររំលឹកថា តំបន់ប្រាសាទព្រះវិហារគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៧ កុម្ភៈ ២០១១ ស្ថានភាពវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងកងទ័ពកម្ពុជាការពារទឹកដី និងទាហានឈ្លានពានសៀមត្រូវបានស្ងាត់ស្នូរគ្រាប់កាំភ្លើងតូច-ធំ បន្ទាប់ពីកើតឡើងដ៏គួរឱ្យព្រួយបារម្ភរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ព្រឹកទី៧ កុម្ភៈ ២០១១ បង្កឱ្យទាហានសៀមឈ្លានពានទឹកដីស្លាប់ រាប់សិបនាក់ និងជាងរយនាក់រងរបួស ព្រមទាំងខូចខាតលេណដ្ឋានយោធា រថយន្ត គ្រឿងចក្រ រថក្រោះជាច្រើនផងដែរ...ចំណែកកងទ័ពកម្ពុជាស្លាប់ និងរងរបួសតិចតួចបំផុត ដោយឡែកប្រជាពលរដ្ឋកម្ពុជាបាននិរភ័យទៅកាន់តំបន់មានសុវត្ថិភាពយ៉ាងប្រញាប់ប្រញាល់៕
No comments:
Post a Comment