Thursday, February 10, 2011

សម្តេច​ឪ-ស​ម្តេច​ម៉ែ ​ព្រះរាជ​ទាន​​អំណោយ​​ថ្លៃថ្លា​ដល់​​កង​ទ័ព​​ការពារ​​ទឹកដី​និង​ប្រជាពលរដ្ឋ​​​ភៀសសឹក

ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១



រាជធានីភ្នំពេញ ៖ យោងតាម​​ការ​ថ្វាយ​យោ​បល់​ពី​សម្តេច​​ចៅហ្វាវាំង​​គង់ សំអុល ​ឧប​នាយករដ្ឋ​ រដ្ឋ​មន្ត្រី​​​ព្រះបរមរាជ​វាំង​ ដល់​ព្រះ​វរ​រាជ​​បិតា​ជាតិខ្មែរ ​និង​សម្តេច​​ព្រះ​វរ​រាជមាតា​ជាតិខ្មែរ​ ដើម្បី​​ព្រះ​​​រាជ​ទានអំណោយ​​​ថ្លៃ​ថ្លា​ដល់​កង​​ទ័ព​កម្ពុជាដ៏ក្លាហាន​​អង់អាច​​ការពារ​ទឹកដី​​នៅ​សមរ​ភូមិន​​​មុខ​តាមខ្សែ​​បន្ទាត់ព្រំដែន​​ព្រះវិហារ ​និង​ប្រជា​ពលរដ្ឋ​​​​ភៀស​សឹក​​នោះ នា​ពេល​ថ្មី​ៗ​នេះ​​សម្តេច​​ឪ ព្រះ​មហា​​វីរក្សត្រ​​ ព្រះបាទ​​នរោត្តម​​ សីហនុ ​និង​សម្តេច​​ម៉ែ ព្រះ​មហា​ក្សត្រី​នរោត្តម ​មុនិនាថ សីហនុ ​បាន​សព្វ​ព្រះ​​​រា​ជ​ហឫទ័យ​​ ព្រះ​រាជ​​ទាន​​​អំណោយថ្លៃ​ថ្លា​​​ជូនដល់​កង​ទាហាន​​ការ​ពារទឹកដី​ និង​ប្រជា​ពលរដ្ឋ​​​​និរភ័យ​​ចេញពី​តំបន់​អសន្តិសុខ ។​

យោងតាម​​លិខិត​​​ទូលថ្វាយ​​របស់​សម្តេច​​ចៅ​ហ្វា​​វាំង​គង់​ សំអុល ​​ឧបនាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ព្រះ​បរមរាជ​វាំង​​​បាន​បង្ហាញ​ថា ​ព្រះ​​មហាវីរ​ក្សត្រ​​​ព្រះបាទ​​នរោត្តម ​សីហនុ និង​​សម្តេច​​ព្រះ​មហា​​ក្សត្រី នរោត្តម មុនីនាថ សីហនុ ​បានសព្វ​ព្រះ​រាជ​​​ហឫទ័យ ​​ព្រះរាជ​​ទាន​អំណោយ​​ថ្លៃ​ថ្លា​​ដល់កង​​ទ័ព​​ការពារ​ទឹកដី​នៅ​​​តាមខ្សែ​​បន្ទាត់ព្រំដែន​​​​ខេត្តព្រះ​វិហារ ចំនួន​ទឹក​ប្រាក់​សរុប​​​​២៥​.០០០​ដុល្លារ មី​​៥០០កេស ត្រីខ​ប្រអប់​​១០០កេស ​និង​ទឹក​បរិ​សុទ្ធ​​​​​៥០០កេស ។ ​ចំណែក​​​ប្រជា​ពលរដ្ឋ​​​​ដែល​ភៀស​ខ្លួន​​​ចេញពី​​តំបន់​ព្រំដែន​​ខេត្ត​ព្រះវិហារ ប្រមាណ​​​៣.០០០គ្រួសារ ​ត្រូវបាន​សម្តេច​ឪ សម្តេច​​ម៉ែ ​ទាំង​ពីព្រះអង្គ​​​ ព្រះ​រាជ​​ទាន​​សំរាប់​គ្រួសារ​​នីមួយៗ​មាន​សារុង​១ ក្រមា​១ មី​១៥​កញ្ចប់ និង​ថវិកា​​២០.០០០រៀល ។

គួររំលឹក​ថា តំបន់ប្រាសាទព្រះវិហារ​គិតត្រឹម​​​ម៉ោង​​១១​ព្រឹកថ្ងៃ​​ទី​​៧ កុម្ភៈ ​២០១១ ​ស្ថាន​ភាព​​វាយប្រយុទ្ធគ្នា​​​យ៉ាងស្វិត​ស្វាញ​រវាង​កងទ័ព​កម្ពុជា​ការពារ​ទឹក​ដី​ និងទាហាន​ឈ្លាន​ពាន​​សៀម​​​ត្រូវ​បាន​​ស្ងាត់​ស្នូរ​​គ្រាប់កាំភ្លើង​​តូច​-ធំ​​ បន្ទាប់ពី​​​​​កើត​ឡើង​ដ៏គួរ​ឱ្យព្រួយ​បារម្ភរយៈ​ពេល​​​​៤ថ្ងៃ ចាប់ពី​ថ្ងៃទី​​​៤ ដល់ព្រឹក​​ទី​​៧ កុម្ភៈ ​​២០១១ បង្ក​ឱ្យ​​ទាហាន​សៀម​​​ឈ្លានពាន​​ទឹកដី​​​​ស្លាប់ រាប់​សិប​នាក់ និង​ជាង​រយ​នាក់​​រង​របួស​​ ព្រមទាំង​​ខូ​ចខាត​លេណដ្ឋាន​​យោធា​ រថ​យន្ត​ គ្រឿង​ចក្រ រថក្រោះ​​​ជា​ច្រើន​​ផងដែរ​...​​ចំណែក​​​កង​ទ័​ព​កម្ពុជា​​​ស្លាប់ និង​​​រង​របួស​​​តិច​តួច​​បំផុត ដោយឡែក​​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​បាននិរភ័យ​​ទៅ​កាន់​​តំបន់​​មាន​សុវត្ថិភាព​យ៉ាង​ប្រញាប់​ប្រញាល់​៕

No comments:

Post a Comment