ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ក្រុងប៉ោយប៉ែត ៖ តាចាស់អាយុ៧៧ឆ្នាំម្នាក់ជាប់ចោទរំលោភក្មេងស្រីវ័យ១០ឆ្នាំ ត្រូវប៉ូលិសសង្កាត់រដ្ឋបាលប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង៦ ល្ងាច ថ្ងៃទី២៣ កុម្ភៈ ។ តាចាស់ជាប់ចោទឈ្មោះហម ទន្ទឹម ជាគ្រូទាយ ធ្វើខ្សែគាថា យ័ន្ត និងស្តោះផ្លុំ នៅសង្កាត់ប៉ោយប៉ែត និងមានស្រុកកំណើតនៅភូមិតាហែល ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ មន្ត្រីប៉ូលិសសង្កាត់ប៉ោយប៉ែតប្រាប់ថា ស្ត្រីម្នាក់នៅសង្កាត់ប៉ោយប៉ែតបាននាំក្មេងស្រីអាយុ១០ឆ្នាំ ទៅប្តឹងថា ក្មួយស្រីរបស់ខ្លួនត្រូវតាចាស់នោះរំលោភ៤ដង។ ក្មេងស្រីនោះរៀបរាប់ថា នាងត្រូវតាចាស់រំលោភ ខណៈទៅលេងផ្ទះគាត់។
ចំណែកលោកយាយវ័យ៧៨ឆ្នាំ ត្រូវជាជីដូនក្មេងស្រីនោះប្រាប់ថា ក្រុមគ្រួសារគាត់បានតាមដានចៅស្រីតាំងពីថ្ងៃទី១៩ កុម្ភៈ មក បន្ទាប់ពីឃើញនាងមានលុយចាយខុសប្រក្រតីក្នុងមួយថ្ងៃ៥ពាន់រៀល។ ពេលសួររឿងលុយនោះនាងប្រាប់ថា តាចាស់ជាគ្រូទាយនោះឱ្យ។ ទាក់ទិនរឿងរ៉ាវនោះដែរ ក្មេងប្រុសជាបងជីដូនមួយរបស់ក្មេងស្រីរងគ្រោះប្រាប់ថា រូបគេទទួលព័ត៌មានពីមិត្តភកិ្តរបស់ប្អូនជីដូនមួយគេថា នាងមានលុយចាយដោយសារតាចាស់នោះឱ្យក្រោយពេលរំលោភនាងរួច។ ទន្ទឹមនេះក្រុមគ្រួសារសង្កេតឃើញនាងមានអាការប្លែក គឺមិនសូវហូបបាយទេ។ លោកយាយជាជីដូនបន្តថា តាមរយៈការសួរនាំ ចៅស្រីគាត់ប្រាប់ថា នាងត្រូវតាចាស់នោះរំលោភ៤ដងមកហើយ។ ដឹងដូច្នេះហើយទើបក្រុមគ្រួសារគាត់ប្តឹងប៉ូលិសតែម្តង។
ប៉ូលិសប្រាប់ថា តាចាស់នោះបដិសេធទៅលើការចោទប្រកាន់រូបគាត់បែបនោះ។ លោកអនុសេនីយ៍ទោគង់ គួន នាយសង្កាត់ប៉ោយប៉ែតប្រាប់ថា តាចាស់ជាប់ចោទត្រូវបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុង ខណៈកំពុងរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យក្មេងស្រីពីគ្រូ ពេទ្យជំនាញ។ មានការលើកឡើងថា បើការចោទប្រកាន់នោះមិនមែនជាការពិតវាប្រសើរ ប៉ុន្តែបើជាការពិតវិញជាគ្រោះថ្នាក់បំផុតសំរាប់ក្មេងស្រីរង គ្រោះ ព្រោះតាចាស់ជាប់ចោទនោះប្រពន្ធទើបតែស្លាប់១០០ថ្ងៃកន្លងមក ដោយសាររោគអេដស៍ ៕
No comments:
Post a Comment