ដោយ មណ្ឌល កែវ
2011-02-22
កូនឈើតំបន់ព្រៃលិចទឹកចំនួន ១០០០ដើម ត្រូវបានអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) យកទៅដាំនៅតំបន់ព្រៃលិចទឹក ដែលរងការកាប់ និងដុតបំផ្លាញពីសំណាក់ជនល្មើស។មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធន ធានជលផល ដែលហៅកាត់ជាភាសាអង់គ្លេសថា FACT គឺអ្នកស្រី នូ សារឹម បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២២ កុម្ភៈ បន្ទាប់ពីបញ្ចប់ការដាំកូនឈើចំនួន ១០០០ដើម ជាមួយប្រជាសហគមន៍ភូមិកំពង់ថ្គោលនោះថា គោលបំណងនៃការដាំកូនឈើនេះ គឺដើម្បីបង្ហាញឲ្យប្រជាសហគមន៍ក៏ដូចជាជនល្មើសមួយចំនួន ដែលបានកាប់បំផ្លាញព្រៃលិចទឹក យល់ដឹងអំពីសារប្រយោជន៍របស់ព្រៃលិចទឹក ចំពោះជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាពលរដ្ឋ។
អ្នកស្រី នូ សារឹម មានប្រសាសន៍បញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖ «គោល បំណងយើងដាំនេះ គឺដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក ការដុតព្រៃចាប់សត្វបំផ្លាញធនធានធម្មជាតិ ហើយទី២ នោះគឺយើងចង់បង្កើនធនធានព្រៃលិចទឹកឲ្យសម្បូណ៌ឡើងវិញ ដើម្បីបង្កើនជម្រកត្រីពងកូន។ មួយទៀតគឺជួយទប់ស្កាត់ការនេសាទខុសច្បាប់ និងការពារបរិស្ថាន...»។
ប្រភពពីសហគមន៍ការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះកំពង់ថ្គោល បានឲ្យដឹងថា កន្លងទៅ ដីព្រៃលិចទឹកប្រមាណ ១០ហិកតារ ក្នុងភូមិកំពង់ថ្គោល បានរងការបំផ្លិចបំផ្លាញពីក្រុមជនល្មើសមួយចំនួន ដែលបានដុតព្រៃ ដើម្បីចាប់សត្វ និងដើម្បីទន្ទ្រានយកដីធ្វើស្រែ ឬធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រធានសហគមន៍ គឺលោក ប៉ោ សាមឿន ថ្លែងថា ប៉ុន្មានឆ្នាំកន្លងទៅ ផលនេសាទនៅតំបន់នេះមានការថយចុះគួរឲ្យកត់សំគាល់ ដែលកត្តាសំខាន់គឺបណ្ដាលមកពីការបាត់បង់ព្រៃលិចទឹក។ លោកថា ប្រជាសហគមន៍ទាំងអស់ក្នុងភូមិមានចិត្តត្រេកអរ និងគាំទ្រឲ្យមានការដាំព្រៃលិចទឹកនេះបន្ថែមទៀត ៖ «ដោយសារឃើញ ព្រៃលិចទឹកវាចុះថយ ខ្ញុំក៏បានសុំទៅអង្គការឲ្យមកជួយឧបត្ថម្ភយកមកដាំ។ ដើម្បីតំណទៅកូនចៅជំនាន់ក្រោយ និងដើម្បីឲ្យមច្ឆាជាតិ ឬសត្វស្លាបទឹកសម្បូណ៌ហូរហៀរឡើងវិញ...»។
ការដាំកូនឈើព្រៃលិចទឹកនេះ ក៏មានការចូលរួមពីអាជ្ញាធរជំនាញផ្នែកជលផល និងអាជ្ញាធរដែនដីភូមិ ឃុំផងដែរ។ មេភូមិកំពង់ថ្គោលលោក សាត សាខន ថ្លែងថា ក្នុងនាមអាជ្ញាធរដែនដី លោកសូមគាំទ្រទាំងស្រុងចំពោះសកម្មភាពដាំកូនឈើតំបន់ព្រៃលិចទឹក ក្នុងភូមិរបស់អង្គការ FACT។ លោកមេភូមិបញ្ជាក់ ៖ «ខ្ញុំបានថ្លែង អំណរគុណចំពោះអង្គការ FACT ដែលបានជួយដាំកូនឈើនេះ ហើយប្រជាពលរដ្ឋទាំងអស់ក្នុងភូមិ ក៏បាននាំគ្នាចូលរួម។ ជំនាញជលផលក៏គេមកចូលរួម អាជ្ញាធរភូមិឃុំយើងក៏មកទាំងអស់គ្នា។ តែសម្បូណ៌ព្រៃលិចទឹក គឺពិតជាសម្បូណ៌ត្រីហើយ...»។
ប្រភពពីអាជ្ញាធរភូមិឲ្យដឹងថា ប្រជាពលរដ្ឋភូមិកំពង់ថ្គោលរស់នៅដោយសង្ឃឹមទាំងស្រុងលើមុខរបរនេសាទត្រី ។
របាយការណ៍ពីមន្ទីរផែនការខេត្តឆ្នាំ២០០៩ បង្ហាញថាប្រជាពលរដ្ឋភូមិនេះអាយុចាប់ពី១៥ ដល់២៤ឆ្នាំ មាន៣៩,៥% ពីអាយុ២៥ ដល់៤៥ឆ្នាំ មាន៥២,៥% និងពីអាយុ៤៦ ដល់៦០ឆ្នាំ មាន៥៧,៧% ជាអនក្ខរជន ពោលគឺមិនចេះអក្សរ ហើយ១០០% នៃប្រជាពលរដ្ឋក្នុងភូមិនេះពុំមានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ឡើយ៕
No comments:
Post a Comment