ដោយ ខែ សុណង
2011-02-23
ដោយសារភាពរាំងស្ងួតនៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា ហើយបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលពឹងផ្អែកទៅលើរបរកសិកម្ម បានរងគ្រោះអត់ឃ្លាន ជួបប្រទះនឹងបញ្ហាជីវភាព។សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានផ្ដល់ថវិកាជិត ៣លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ឲ្យអនុវត្តកម្មវិធីលើកស្ទួយជីវភាពកសិករក្រីក្រនៅតំបន់រាំងស្ងួត ក្នុងខេត្តចំនួន២ ដែលកំពុងរងផលប៉ះពាល់ក្នុងប្រទេសកម្ពុជា។
តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កញ្ញា ប៊ីសុធារី បានថ្លែងថាសហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួនជាង ២លាន ៤សែនដុល្លារអាមេរិក ដល់អង្គការផ្លេនអន្តរជាតិ (Plan International) និងមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (Cedac) ជាអ្នកអនុវត្តផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងភូមិចំនួន ៣២៥ភូមិ ក្នុងឃុំចំនួន៣១ ស្រុកចំនួន៦ ក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម។ គម្រោងនេះមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១១ ដល់ខែធ្នូ ឆ្នាំ២០១៥។
តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កញ្ញា ប៊ីសុធារី បានឲ្យដឹងតាមរយៈអ្នកបកប្រែយ៉ាងដូច្នេះ ៖ "បញ្ហា ប្រែប្រួលអាកាសធាតុមិនមែនជាបញ្ហាតូចទេ តែគ្រាន់ជាបញ្ហាពាក់ព័ន្ធ និងប្រឈមមុខដែរ ហើយបើសិនយើងព្រងើយកន្តើយ គឺយើងមានបញ្ហា យើងត្រូវតែធ្វើការប្រឆាំង តស៊ូ ហើយត្រូវអនុវត្តឲ្យបានឆាប់រហ័ស។ ដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជាសម្រេចនូវយុទ្ធសាស្ត្រទាំងអស់នេះ និងដើម្បីកាត់បន្ថយភាពក្រីក្រ EU បានឧបត្ថម្ភអង្គការផ្លេន និងអង្គការសេដាក"។
ការថ្លែងបែបនេះនៅក្នុងសិក្ខាសាលាសម្ពោធគម្រោងឈ្មោះថា កែលម្អកម្រិតជីវភាពគ្រួសារកសិករក្រីក្រ ដើម្បីឲ្យមានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដី ស្ងួតក្នុងខេត្តសៀមរាប និងកំពង់ចាម ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១។
តំណាងអង្គការផ្លេនអន្តរជាតិ (Plan International) លោក ស៊ូ ព្រីយ៉ាន់តូ (Su Priyanto) មានប្រសាសន៍តាមរយៈអ្នកបកប្រែថា ដោយសារគ្រោះរាំងស្ងួតក្នុងប្រទេសកម្ពុជា អង្គការផ្លេនបានរកឃើញថា មានមនុស្ស ១លាន ៥សែននាក់ បានរងគ្រោះ និងខាតបង់សេដ្ឋកិច្ចកម្ពុជាគិតជាទឹកប្រាក់ចំនួន ៣៥លានដុល្លារ។ លោកថា ៨០%នៃប្រជាជនកម្ពុជារស់នៅតំបន់ជនបទដែលពឹងផ្អែកលើវិស័យ កសិកម្ម អាចរកបានប្រាក់បានប្រហែល ៣០ដុល្លារក្នុង ១ខែ ហើយបានជួបប្រទះគ្រោះអត់ឃ្លាន។
លោកបន្តថា មានប្រជាជន ៣០% រស់នៅក្នុងបន្ទាត់ភាពក្រីក្រ។ អ្នកខ្លះអាចរកប្រាក់ចំណូលបាន ២ដុល្លារក្នុង១ថ្ងៃ។ លោកថា កុមារដែលស្ថិតនៅក្នុងគ្រួសារក្រីក្រ គឺជាចំណុចកណ្ដាលនៃអ្វីដែលអង្គការផ្លេនកំពុងធ្វើ ដើម្បីផ្ដល់ជូននូវសុវត្ថិភាពគ្រួសារ។
លោក ស៊ូ ព្រីយ៉ាន់តូ ថ្លែងតាមរយៈអ្នកបកប្រែបែបនេះ ៖ "ដោយសារ ហេតុផលទាំងអស់នេះ ខ្ញុំបានរកឃើញថាអ្នកកាន់កាប់ដីមួយចំនួន ក៏ដូចជាគ្រួសារមួយចំនួនក៏មានគ្រួសារក្រីក្រក្នុងខេត្តសៀមរាប និងកំពង់ចាម គឺជាគោលដៅរបស់យើង ពួកគេគឺជាសមាជិកនៃគ្រួសារដែលមានបញ្ហាច្រើន ដែលជួបប្រទះនៅភាពក្រីក្រ ងាយរងគ្រោះ មួយចំនួននៃពួកគេមិនបានយល់ពីហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិទេ"។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (Cedac) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា គម្រោងនេះមានគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លាន ក្នុងចំណោមគ្រួសារក្រីក្រនៅតំបន់ដីស្ងួត បង្កើតភាពបន្សាំរបស់ពួកគេទៅនឹងការប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួត និងការខូចដី។ លោកថាកម្មវិធីនេះនឹងធ្វើការបង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងក្នុងការផលិត ជាពិសេសទាក់ទងនិងការកែលម្អជីវជាតិដី ការគ្រប់គ្រងទឹក ការចងក្រងគ្នាជាក្រុម និងជួយគ្នាទៅវិញទៅមក ៖ "តំបន់ដែលស្រុកយើងធ្វើការនោះជាស្រុកមួយដែលកសិកររស់នៅ និងជួបការលំបាក ជាពិសេសការងារកសិកម្មរបស់គាត់ហ្នឹង បើប្រៀបធៀបទៅហ្នឹងតំបន់ផ្សេងៗ គឺផលិតភាពវាទាបពីខ្ទង់ ១តោនជាង ក្នុង១ហិកតារ ទី២ យើងឃើញនៅតំបន់ហ្នឹងគឺប្រជាជនចេះតែទៅនៅកាន់តែច្រើនណាស់ អ៊ីចឹងសំពាធទៅលើធនធានធម្មជាតិកាន់តែខ្លាំង វាអាចប៉ះពាល់ទៅលើព្រៃឈើ ឃើញថានៅលើដីដែលយើងបានកាប់ឆ្ការដើម្បីធ្វើកសិកម្មហ្នឹង ដើម្បីឲ្យផលកសិកម្មមានការកើនច្រើនឡើង"។
តំណាងអង្គការផ្លេនអន្តរជាតិ លោក ស៊ូ ព្រីយ៉ាន់តូ បានបន្តទៀតថា ការប្រឈមមុខបញ្ហាគ្រោះរាំងស្ងួតនេះ ប្រជាកសិករពុំអាចរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានបាននោះទេ ៖ "អាជ្ញាធរ មូលដ្ឋានគឺពុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរៀបចំនូវផែនការ ដើម្បីធុនទៅនឹងអាកាសធាតុ ពួកគេពុំមានជំនាញតិចតួចក្នុងការកៀងគោកម្លាំងដើម្បីកៀងគោ កម្លាំងធ្វើអ្វីឲ្យធុននឹងអាកាសធាតុគេខ្វះយុទ្ធសាស្ត្រជាតិ និងការប្ដេជ្ញាក្នុងការអនុវត្តនៅវិធីសាស្ត្រនេះនៅកម្រិត មូលដ្ឋាន"។
ទាក់ទងបញ្ហានេះ មន្ត្រីក្រសួងកសិកម្មបានស្វាគមន៍ចំពោះការបង្កើតឲ្យមានគម្រោងកែ លម្អកម្រិតជីវភាពគ្រួសារកសិករក្រីក្រ ដើម្បីឲ្យមានភាពបន្សាំទៅនិងការប្រែប្រួលអាកាសធាតុនៅតំបន់ដី ស្ងួត ក្នុងខេត្តសៀមរាប និងកំពង់ចាម។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សូខន ឫទ្ធិគុណ មានប្រសាសន៍ថា បានសំណូមពរថា សូមឲ្យមានការជួយពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មខេត្ត ពីព្រោះបញ្ហាប្រែប្រួលអាកាសធាតុគឺជារឿងមួយថ្មី ដែលមន្ត្រីក្រសួងកសិកម្មចង់ធ្វើការចូលរួមគ្រប់ដំណាក់កាល ក្នុងការអនុវត្តការងារក្នុងគម្រោងនេះ។
គម្រោងកែលម្អកម្រិតជីវភាពគ្រួសារកសិករក្រីក្រ ដើម្បីឲ្យមានភាពបន្សាំទៅនិងការប្រែប្រួលអាកាសធាតុ នៅតំបន់ដីស្ងួត គេគ្រោងនិងអនុវត្តក្នុងស្រុកគោលដៅ មានដូចជាស្រុកពញាក្រែក និងស្រុកតំបែរ ក្នុងខេត្តកំពង់ចាម និងស្រុកស្រីស្នំ ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ តាមរយៈការអនុវត្តគម្រោងនេះ គេរំពឹងទុកថា យ៉ាងហោចណាស់មានកសិករចំនួន ១ម៉ឺន ៥ពាន់គ្រួសារ ឬមានមនុស្សប្រមាណ ៧ម៉ឺន ៥ពាន់នាក់នឹងទទួលផលប្រយោជន៍ពីគម្រោងនេះ៕
No comments:
Post a Comment