Tuesday, February 22, 2011

គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ជា​បន្ត​បន្ទាប់​​​របួស​ធ្ងន់​៣​នាក់ ស្រាល​៣នាក់


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ជា​បន្ត​បន្ទាប់​​​របួស​ធ្ងន់​៣​នាក់ ស្រាល​៣នាក់
(រូបថត បាវិត)
គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ជា​បន្ត​បន្ទាប់​​​របួស​ធ្ងន់​៣​នាក់ ស្រាល​៣នាក់
 
ខេត្ត​ស្វាយ​រៀង ៖ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​​២​ករណី​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​កន្លែង​​ផ្សេង​គ្នា​បណ្តាល​ឱ្យ​របួស​ធ្ងន់​ធ្ងរ​​៣​នាក់ និង​​ស្រាល​​៣​​នាក់​។
ករណី​ទី​១ កើត​ឡើង​​នាវេលា​ម៉ោង​៤​រសៀល​​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ លើ​​ផ្លូវ​លំ​ខាង​កើត​វត្ត​ព្រៃ​ចំណា​រ​ប្រមាណ​៥០០​ម៉ែត្រ ​បណ្តាល​ឱ្យ​ឈ្មោះ​​ភឹម វណ្ណី អាយុ​២២​ឆ្នាំ នៅភូមិ​​ព្រៃ​ចំណារ ឃុំ​ខ្សែ​ត្រ រង​របួស​បាក់.ក​ជើង​ឆ្វេង ​បែក​​ចង្កា​​ចិញ្ចើម និង​គ្រេច​​ចង្កេះ រីឯ​៣​នាក់​ទៀត​របួស​ស្រាល​​រយះ​ជង្គង់ រលាត់​ដៃ និង​មុខ ។ បើ​តាម​​ឈ្មោះ​ភឹម វណ្ណី បាន​ឱ្យ​ដឹង​ថា ​នៅ​​វេលា​ម៉ោង​៤​រសៀល​នោះ​ រូប​គេ​បាន​ជិះ​ម៉ូតូ​ហុងដា C125 ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ឌុប​មិត្តភក្តិ​ពីរ​នាក់​ចេញ​ពី​ផ្ទះ​ទៅ​​កាន់​ភូមិ​ត្រពាំង​ស្មាច់ ។ ​ពេល​ទៅ​ដល់​ចំណុច​​ខាង​លើ ស្រាប់​តែ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​បញ្ច្រាស​ទិស​គ្នា​រេ​ចង្កូត​​ម្តង​ ឆ្វេង ម្តង​​ស្តាំ ក៏​បុក​ចំដៃ​ចង្កូត​ឆ្វេង​បណ្តាល​ឱ្យ​ដួល​លើ​គ្នា​ទាំង​ម៉ូតូ​ទាំង​មនុស្ស​។ ក្រោយ​មក​ជន​បង្ក​​បាន​លើក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ទាំង​ផ្ទៃ​មុខ​ឈាម​រហាម ​ ឯ​រូប​គេ​បាក់.ក​ជើង​​ខាង​ឆ្វេង និង​ជាប់​ចង្កេះ​​ ​ហើយ​ត្រូវ​​​បាន​ឪពុក​ម្តាយ​បញ្ជូន​​មក​មន្ទីរ​ពេទ្យ​ខេត្ត ។
ករណី​​ទី​២ កើត​​ឡើង​​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​​យប់ នៅ​ភូមិ​ស៊ីការ​ ឃុំ​ស្វាយ​យារ ស្រុក​ស្វាយ​ជ្រំ ​បណ្តាល​ឱ្យ​របួសធ្ងន់​​២​​នាក់ គឺ​កុមារា​ឈ្មោះ​​វ៉ាន់ តុលា អាយុ​១៤​ឆ្នាំ រង​របួស​ក្បាល​​ផ្នែក​ខាង​ស្តាំ​ផុង​លលាដ៍ រយះ​ជង្គង់​ស្តាំ រលាត់​ដៃ​​ជើង ​និង​កុមារី​វ៉ាន់ ស្រី​សយ អាយុ​១៣​ឆ្នាំ បែក​ក្បាល​ត្រង់​ថ្ងាស​​​ផុង​លលាដ៍​ រយះ​​ស្មា​ទាំង​សង​ខាង ជាំ​ខ្នង​ និង​រយះ​ជង្គង់​​ទាំង​សង​ខាង​សន្លប់​​​នៅ​នឹង​កន្លែង ។ ​បើ​តាម​បុរស​​ឈ្មោះ​ភោគ វុទ្ធី អាយុ​៣៨​ឆ្នាំ ត្រូវ​ជា​ឪពុក​កុមារ​​​ទាំង​ពីរ​នាក់​​ឱ្យ​ដឹង​ថា នៅ​យប់​​​នោះ​មាន​ក្រុម​ហ៊ុន​ចិន​សែ បាន​ទៅ​ផ្សាយ​ពាណិជ្ជ​កម្ម​លក់​​ថ្នាំ​​របស់​គេ​នៅ​ក្នុ​ងភូមិ​​ខាង​លើ​ ដោយ​មាន​លេង​ប៉ាហ៊ី លេង​សៀក និង​មាន​ក្រុម​តន្ត្រី​​ច្រៀង​រាំ​ ទើប​កូនៗ​​គាត់​នាំ​គ្នា​ទៅ​មើល។ លុះ​ដល់​ម៉ោង​​ជាង​​៨​ ដោយ​សារ​​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ​ កូន​ៗ​របស់​គាត់​ទាំង​ពីរ​នាក់​បង​ប្អូន​ក៏​​​ដើរ​កាន់​ដៃគ្នា​ត្រឡប់​មក​ ផ្ទះ​វិញ តែ​ពេល​មក​ដល់​​​ដើរ​ចូល​ភូមិ ​ស្រាប់​តែ​មាន​ម៉ូតូ​២​គ្រឿង​​ជិះ​ជ្រែ​វ៉ា​គ្នា​យ៉ាង​លឿន​ ​ម៉ូតូ​ហុង​ដា C125 មួយគ្រឿង​ ពណ៌​ខ្មៅ ឌុប​គ្នា​៣​នាក់ បាន​បុក​ចំ​​កុមារី​វ៉ាន់​ ស្រី​សយ ប៉ើង​​ប្រហែល​២​ម៉ែត្រ សន្លប់​ឈឹង និង​បាន​​បុក​អូស​កុមារា​វ៉ាន់ តុលា ដួល​បោក​ក្បាល​​នៅ​នឹង​ថ្នល់ ។ ក្រោយ​​ហេតុ​ការណ៍​កើត​​ឡើង​អ្នក​ភូមិ​ក៏នាំ​គ្នា​មក​មើល​ រួច​ចាប់​ជន​បង្ក​​​ជាប់​ ហើយ​ទូរស័ព្ទ​​ហៅ​​ប៉ូលិស​​ឱ្យ​​មក​ដោះ​ស្រាយ ៕

No comments:

Post a Comment