Tuesday, February 22, 2011

អាស៊ាន​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​៤០​នាក់​មក​តំបន់​ព្រំដែន​ខ្មែរ-​ថៃ


2011-02-23
ប្រទេស​ឥណ្ឌូណេស៊ី ដែល​មាន​រដ្ឋមន្ត្រី​ការបរទេស​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១១ នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​ចំនួន ៤០​នាក់ ជា​យោធា និង​ជន​ស៊ីវិល​មក​តាម​ដាន​សភាពការណ៍​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​ជម្លោះ​ ព្រំដែន ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​បន្ត​ទៅ​ទៀត។
AFP/RUDI/MINISTRY OF FOREIGN AFFAIRS
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១១ លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) [កណ្ដាល] រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង [ឆ្វេង] ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) [ស្ដាំ] បន្ទាប់​ពី​សន្និសីទ​កាសែត​នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន ក្នុង​ទីក្រុង​ហ្សាកាតា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១។
រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ បាន​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​ប្រធាន​អាស៊ាន ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។
ជំនួប​កំពូល​របស់​រដ្ឋមន្ត្រី​ការបរទេស​ជា​សមាជិក​អាស៊ាន ១០​ប្រទេស បាន​សម្រេច​​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ចំនួន ៤០​នាក់ ជា​មន្ត្រី​យោធា និង​ជន​ស៊ីវិល​ទៅ​អង្កេត​តាមដាន និង​រាយការណ៍​អំពី​កងទ័ព​កម្ពុជា និង​ថៃ ដើម្បី​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ជា​អចិន្ត្រៃយ៍។
អ្នក​សង្កេតការណ៍​ក៏​នឹង​ធ្វើ​បណ្ដឹង​ដោយ​មិន​លម្អៀង​ប្រសិន​បើ​ភាគី​ណា​រំលោភ​បទ​ឈប់​បាញ់​គ្នា។
កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កងទ័ព​កម្ពុជា និង​ថៃ បាន​ពើប​ប្រយុទ្ធ​គ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចំនួន ៤​ថ្ងៃ កាល​ពី​ដើម​ខែ​កុម្ភៈ បាន​បណ្ដាល​ឲ្យ​មាន​កងទ័ព​ទាំង​ពីរ​ស្លាប់​ប្រមាណ ១១​នាក់។
សេចក្តី​សម្រេច​របស់​អាស៊ាន ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា និង​ថៃ វិល​ទៅ​រក​ការ​ចរចា​គ្នា​ជា​លក្ខណៈ​ទ្វេ​ភាគី​តាម​យន្តការ​ចាស់​ដែល​ធ្លាប់​ មាន​កន្លង​រួច​មក​ហើយ។ ការ​ចរចា​ទ្វេ​ភាគី​នេះ​នឹង​មាន​ការ​សម្របសម្រួល​ដោយ​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​ស្ថានភាព​ជម្លោះ​ដោយ​មេត្រីភាព។
លទ្ធផល​នៃ​កិច្ចប្រជុំ​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ត្រូវ​បាន​ស្វាគមន៍​ដោយ​នាយករដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង។ ប៉ុន្តែ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​មុន​កិច្ច​ចរចា​អាស៊ាន​ថា ទោះ​បី​ជា​លទ្ធផល​របស់​កិច្ច​ប្រជុំ​អាស៊ាន អាច​ផ្អាក​ការ​បាញ់​គ្នា ប៉ុន្តែ​មិន​អាច​ស្វែង​រក​ដំណោះស្រាយ​ព្រំដែន​កម្ពុជា និង​ថៃ បាន​នោះ​ទេ ដោយសារ​ភាគី​ទាំង​សង​ខាង​ប្រើប្រាស់​ផែនទី​ផ្ទុយ​គ្នា​ទាក់ទង​នឹង​តំបន់​ ជម្លោះ ៤,៦​គីឡូម៉ែត្រ​ការ៉េ ក្បែរ​ប្រាសាទ​ព្រះវិហារ។
លោក ហ៊ុន សែន បាន​បន្ត​ទៀត​ថា អ្នក​ច្បាប់​កម្ពុជា កំពុង​រៀបចំ​ឯកសារ​ច្បាប់​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ដើម្បី​បកស្រាយ​លើ​សាលក្រម​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ទាក់ទង​បញ្ហា​ប្រាសាទ​ព្រះវិហារ និង​អធិបតេយ្យភាព​កម្ពុជា។
លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «នេះ​គឺ​សម្រាល​ស្ថានការណ៍ រង់ចាំ​ដំណោះស្រាយ​ស្ថាពរ​លើ​បញ្ហា​ព្រំដែន ហើយ​ដំណោះស្រាយ​នេះ​ពិបាក​ណាស់។ មួយ​ប្រើ​ផែនទី​ដែល​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ទទួល​ស្គាល់ នៅ​ក្នុង​អង្គ​ហេតុ​នៃ​សាលក្រម​តុលាការ​ឡាអេ ឯ​មួយ​ទៀត​គូស​តាម​ឯកតោ​ភាគី»
ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អេ.អេហ្វ.ភី (AFP) បាន​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​អង្គារ​ថា អាស៊ាន​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​តាម​ដាន​សភាពការណ៍​នៅ​តាម​ព្រំដែន​ កម្ពុជា និង​ថៃ។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​អាស៊ាន​មិន​មែន​ជា​ក្រុម​កង​កម្លាំង​រក្សា​ សន្តិភាព ហើយ​ក្រុម​នេះ​​​នឹង​មិន​មាន​អាវុធ​នោះ​ទេ។
លោក ម៉ាទី បន្ថែម​ទៀត​ថា កិច្ច​ចរចា​បន្ត​រវាង​កម្ពុជា និង​ថៃ នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បន្ថែម​ទៀត ដោយ​មាន​លោក​ជា​អ្នក​សម្របសម្រួល ប៉ុន្តែ​កិច្ច​ចរចា​នេះ​មិន​ទាន់​មាន​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ។
អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) បាន​ចាត់​ទុក​កិច្ច​ព្រមព្រៀង​កម្ពុជា និង​ថៃ​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​អាស៊ាន។
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា អ្នក​សង្កេតការណ៍​ជនជាតិ​ឥណ្ឌូណេស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ជម្លោះ​ក្នុង​សប្ដាហ៍​ក្រោយ​ឆាប់ៗ​ខាង​មុខ​នេះ។ ឥណ្ឌូណេស៊ី នឹង​ដាក់​អ្នក​សង្កេតការណ៍​ចំនួន ២០​នាក់​នៅ​ព្រំដែន​ថៃ និង ២០​នាក់​ផ្សេង​ទៀត​នៅ​កម្ពុជា៕

No comments:

Post a Comment