Thursday, February 17, 2011

គ្រូបង្រៀនស្នើលោក អ៊ឹម សិទ្ធី ស៊ើបអង្កេតអំពើពុករលួយនៅ​វិទ្យាល័យហ៊ុនសែនក្រោលគោ

 

ព័ត៌មានថ្មីៗ 13:02:16, 18 February 2011
ក្រុមគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនក្រោលគោ ខេត្តស្វាយរៀង បានស្នើឲ្យលោក
រដ្ឋមន្ត្រី​ក្រសួងអប់រំបើកការស៊ើបអង្កេតជុំវិញអំពើពុករលួយផ្តើមដោយថ្នាក់ដឹកនាំ
របស់ខ្លួន ដែលបានក្លែងបន្លំឯកសារកឹបកេងថវិកាសាលារាប់សិបលានរៀលយក
ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែការចោទប្រកាន់ត្រូវបានថ្នាក់ដឹកនាំវិទ្យាល័យនេះ
ច្រានចោល។ តើរឿងរ៉ាងនេះយ៉ាងណា? កញ្ញាទូច រង្សី ធ្វើសេចក្តីរាយការណ៍ជូន។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានចេញលិខិតជូន
លោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំចាត់វិធានការចំពោះ
នាយិកា និងនាយិការងវិទ្យាល័យហ៊ុនសែនក្រោលគោ មានទីតាំងនៅស្រុកស្វាយ
ជ្រំ ខេត្តស្វាយរៀង ដែលគ្រូបង្រៀននៅវិទ្យាល័យនេះចោទថា បានក្លែងបន្លំលិខិត
ស្នាម កឹបកេងថវិកាទ្រទ្រង់សាលារាប់សិបលានរៀលយកជាប្រយោជន៍ផ្ទាល់ខ្លួន។

លិខិតភ្ជាប់ដោយពាក្យបណ្តឹងរបស់គ្រូបង្រៀនជិត២០នាក់ បានចោទអ្នកស្រី ទូច
សុទ្ធា និងអ្នកស្រី ឌី ថាវី ជានាយិកា និងនាយិការងវិទ្យាល័យហ៊ុនសែនក្រោល
គោថា បានក្លែងបន្លំឯកសារយកលុយសាលាចាប់ពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ
២០១០ មានទឹកប្រាក់សរុបជាង៦០លានរៀល។

លោក អ៊ុយ មាឃ ដែលអះអាងថា ជាតំណាងឲ្យគ្រូបង្រៀនមួយចំនួននៅវិទ្យា
ល័យហ៊ុនសែនក្រោលគោ បានថ្លែងថា អំពើពុករលួយផ្តើមដោយថ្នាក់ដឹកនាំ
វិទ្យាល័យក្រោលគោនេះ ពួកគាត់ធ្លាប់បានសុំកិច្ចអន្តរាគមន៍ពីក្រសួងអប់រំ
ចំនួន ៣លើករួចមកហើយ ប៉ុន្តែក្រសួងមិនបានចាត់វិធានការបង្ក្រាបឲ្យមាន
ប្រសិទ្ធភាពនោះទេ។

បន្ថែមលើនេះតំណាងគ្រូបង្រៀន ក៏បានស្នើទៅមន្ត្រីអង្គភាពប្រយុទ្ធប្រឆាំងអំពើ
ពុករលួយជួយបើកការស៊ើបអង្កេត ជុំវិញអំពើពុករលួយ នៅវិទ្យាល័យក្រោលគោ
ឲ្យបានទាន់ពេល។


អ្នកស្រី ទូច សុទ្ធា នាយិកាវិទ្យាល័យហ៊ុនសែនក្រោលគោ បានបដិសេធន៍ថា រូប
គាត់មិនបានក្លែងបន្លំ ឬកឹបកេងថវិកាសំរាប់អភិវឌ្ឍន៍សាលាដូចជាការចោទ
ប្រកាន់នោះទេ។


វិទ្យុអូស្តា្រលីមិនអាចទាក់ទង លោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីបំភ្លឺជុំវិញ​សំណើររបស់ក្រុមគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនក្រោលគោបានទេ។ ប៉ុន្តែ
លោកគង់ សារឿន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានឲ្យ
ដឹងថា ភាពមិនប្រក្រតីនៅវិទ្យាល័យនេះ មន្ទីរបានចាត់មន្ត្រីឲ្យចុះស៊ើបអង្កេតរក
ឲ្យឃើញការពិត។


យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានជំរុញទៅលោករដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវចាត់វិធានការ ឬក៏បើកការស៊ើបអង្កេត
ជាបន្ទាន់ជុំវិញការកឹបកេងថវិកាសាលា នៅវិទ្យាល័យក្រោលគោឲ្យបានទាន់ពេល
វេលា ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស៕

No comments:

Post a Comment