Thursday, February 17, 2011

ថ្ងៃលោកប្តីចូលរោងការ ប្រពន្ធមកតវ៉ាសុំឱ្យជួយចិញ្ចឹមកូនតូចទាំង៣ផង



ថ្ងៃ សុក្រ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១១
រោង​ការ​ប្រពន្ធ​​ថ្មីរបស់បុរសជាប្តី រូបអនុស្សាវរីយ៍ជាមួយប្រពន្ធនិងកូន ស្ត្រីជាប្រពន្ធដើមមកតវ៉ានៅ​សាលាសង្កាត់រួមជាមួយកូន
(រូបថត ចោមចៅ)
រោង​ការ​ប្រពន្ធ​​ថ្មីរបស់បុរសជាប្តី
 
រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​​ដែល​បាន​​​ចុះ​ចោល​​ប្រពន្ធ​​និង​កូន​​ទៅ​រៀប​ការ​ជាមួយ​ស្រីថ្មី​ទៀត​​ធ្វើ​ឱ្យ​ស្ត្រី​ជាប្រពន្ធ​​ដើម​ឆ្អែត​​​ចិត្ត ​និង​​យំ​សោក​សង្រេង​តែឯងឯកា រួច​បាន​​នាំកូន​ប្រុស​ស្រី​​ចំនួន​៣​នាក់​​​ធ្វើ​​ដំណើរ​​ទៅ​កាន់​សាលា​សង្កាត់​កាកាបដើម្បី​​ប្តឹង​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​​។ ​ហេតុការណ៍​ជួយឱ្យ​អាជ្ញាធរ​​សាលា​សង្កាត់​កាកាប​ជួយអន្តរាគមន៍​​នេះកើតឡើងនៅ​​វេលា​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​​ ឆ្នាំ​២០១១ ​ដែល​នៅ​ព្រឹក​នោះ​គឺ​ជា​ពេល​ដែល​ប្តី​របស់​​គាត់​កំពុង​រៀប​ការ​​ជា​មួយ​ស្រី​ថ្មី​ ហើយកន្លែង​​​រៀប​ការ​​​នោះ​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពីសាលា​សង្កាត់​កាកាប ។​
ស្ត្រីប្រពន្ធដើម​ឈ្មោះ​​សេង វ៉ាន់នី អាយុ​២៧ឆ្នាំ​ រស់​នៅ​ភូមិ​ចំពុះ​ក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​​មាន​ជ័យ​ រាជធានីភ្នំពេញ​​ ។ នាង​មាន​កូន​ស្រី​​២​នាក់​ និង​កូន​ប្រុស​​ម្នាក់ ហើយ​ប្តីរបស់​​នាង​​ឈ្មោះ​​ហេង សុភាព​ ហៅ​ដារឺត​ អាយុ​២៨ឆ្នាំ ជាបុគ្គលិក​​ក្រុម​ហ៊ុន​ធ្វើ​ផ្លូវ​ ។ តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ដើម​​បាន​រៀបរាប់​ទាំង​ក្តុក​ក្តួល​ក្នុង​ចិត្ត​ថា រូប​នាង​និង​ប្តី​បាន​រៀប​ការ​ជាមួយ​គ្នា​​ត្រឹម​ត្រូវ​​​តាម​​ផ្លូវ​ច្បាប់​​ កាល​ពីឆ្នាំ​២០០១​មក​ម៉្លេះ​ ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​នាក់​អត់​បាន​ចុះអេតាស៊ី​វិល​​​ជាមួយ​គ្នាទេ​ ហើយ​ចំណង​ដៃ​អាពាហ៍ពិពាហ៍​​រវាង​ពួក​គេ​ទាំង​​ពីរ​នាក់​គឺ​កូន​ស្រី​​​២​នាក់​ និង​កូន​ប្រុស​ម្នាក់ ព្រមទាំង​មាន​សុភមង្គល​​​ល្អធម្មតា ។ ស្ត្រីរូបនោះ​ បាន​បន្ត​​ថា​បន្ទាប់​ពី​មាន​សេចក្តី​សុខ​​អស់​ជា​ច្រើន​​​​ឆ្នាំ​មក ​នៅ​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ រវាង​នាង​និង​ប្តី​មាន​ទំនាស់​​កើត​ឡើង ​ហើយ​បុរស​ជាប្តី​​​​​ឧស្សាហ៍​ចេញ​បាត់​ពីផ្ទះ​ញឹក​ញាប់​ទៀត​ផង។​​​ លុះ​រយៈ​ពេល៥​ទៅ​៦​ខែ​ចុង​ក្រោយ​​នេះ ប្តី​​​នាង​បាន​​​ចុះ​ចេញ​​ពីផ្ទះ​​បាត់​​​តែម្តង​ហើយ​​​នៅ​ពេល​​នាង​តាម​ដាន​មាន​គេ​ប្រាប់​​ថា ប្តី​របស់​នាង​​​បាន​ភ្ជាប់​ពាក្យ​ត្រៀម​​រៀប​ការ​​​ជាមួយ​ស្រីថ្មី​​ម្នាក់​ទៀត ។
ស្ត្រី​​រូបនោះ​បាន​បន្ត​ទៀត​ថា ប្តីរបស់​​នាង​បាន​ភ្ជាប់​ពាក្យ​ជាមួយ​ស្រីថ្មី​តាំងពីអំឡុង​​ខែ​កុម្ភៈ ឆ្នាំ​២០១០​ម៉្លេះ  ប៉ុន្តែ​នា​ង​អត់​​បាន​ដឹង​ភ្លាមៗ​នោះទេ រហូត​ប្តី​ចុះ​ចេញពី​ផ្ទះ​រយៈពេល​៥​ទៅ​៦​​ខែ​​ទើប​ដឹង​​ហើយ​នាង​​មិន​អាច​រារាំង​ប្តី​បានឡើយ​​មាន​តែរង់​ចាំ​ដល់ថ្ងៃ​ប្តី​​​ចូល​រោង​ការ​​ទើប​ប្តឹង​ឱ្យ​អាជ្ញាធរ​​ជួយ​អន្តរាគមន៍​ហៅប្តី​​មក​ដោះ​ស្រាយ ។ ស្ត្រី​ជា​ប្រពន្ធ​ដើម​បាន​​ឱ្យដឹង​ថា​ ប្រពន្ធ​​ថ្មី​របស់​ប្តី​នាង​ឈ្មោះ​ហេង សុខលាភ​ អាយុ​​ប្រហែល​២០ឆ្នាំ មានទីលំនៅ​​ភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ទល់​មុខ​ផ្សារ​ស៊ិន​ជូរីផ្លាហ្សា ។ ពេល​នេះ​ នាង​​ហួស​ចិត្ត​​ខ្លាំង​ណាស់​​ចំពោះ​​ទង្វើ​​​​អគតិ​របស់​ប្តី​បែបនេះ ហើយ​​នាង​​ក៏​លែង​​​គិតអ្វី​ដែរ​ បើ​បាន​ជា​​​ជ្រុល​បែប​នេះ​​ទៅ​ហើយ​នោះ​ មានតែ​បណ្តោយ​​ឱ្យ​ទៅ​តាម​បំណង​គេ​ចុះ​ ប៉ុន្តែ​នាង​សុំ​​ឱ្យ​អាជ្ញាធរ​ជួយ​ហៅ​ប្តី​មក​សម្រប​សម្រួល​​​ដាក់​​​​លក្ខខណ្ឌ​ជួយ​​ចិញ្ចឹម​កូន​ផង ព្រោះ​កូន​នៅតូចៗ​ ហើយ​នាង​ក៏គ្មាន​​លទ្ធភាព​​ចិញ្ចឹម​​ពួក​គេ​ដែរ ។
ទាក់​ទិន​​នឹង​បញ្ហា​នេះ​មាន​មតិ​​ជាច្រើន​និយាយ​ថា សព្វ​ថ្ងៃ​នេះ ច្បាប់​តឹង​រ៉ឹង​​ណាស់​​រៀប​ការ​​ទាល់តែ​​មាន​​ច្បាប់​​បញ្ជាក់​ថា នៅ​លីវ​​ឬ​ពោះ​ម៉ាយ​ពី​អាជ្ញាធរ​ទើប​អនុញ្ញាត​ឱ្យ​​រៀប​ការ​បាន។ ​ប៉ុន្តែ​​បុរស​រូបនោះ​មិន​មាន​ឯកសារ​​បញ្ជាក់​​ថា ​គេ​នៅ​​ពោះ​ម៉ាយ​នោះទេ ហើយ​ក៏គ្មាន​លិខិត​លែង​លះ​​ឬ​សាល​ក្រម​​ចេញពី​តុលាការ​​​អ្វីទាំង​អស់​​ តែ​គេ​នៅតែរៀប​ការ​​បាន​យ៉ាង​ស្រួល​ដដែល។ ទោះបីជា​បែបណា​ ស្ត្រី​​ជាប្រពន្ធ​​ដើម​​មាន​ចរិត​ស្លូត​បូត​ណាស់​មិន​បាន​ចូលទៅ​​អុក​ឡុក​​រោង​ការ​នោះទេ ដោយ​គ្រាន់​​តែ​ប្តឹង​អាជ្ញាធរ​​ឱ្យជួយ​ប៉ុណ្ណោះ ​ហើយ​អាជ្ញាធរ​ក៏​បាន​ហៅ​បុរស​ជាប្តី​ទៅ​ធ្វើ​​​​​ការ​សម្រប​សម្រួល​​ដោះ​ស្រាយ​ជា​មួយ​ប្រពន្ធ​​ ដោយ​​អាជ្ញាធរ​បាន​អះអាង​ថា ការ​​ទាម​ទារ​របស់​ប្រពន្ធ​ដើម​មិន​ធ្ងន់​ធ្ងរ​នោះទេ គ្រាន់​​តែឱ្យ​​ជួយ​ចិញ្ចឹម​កូន​ប៉ុណ្ណោះ​ដូច្នេះ​ការ​ដោះ​ស្រាយ​អាច​ត្រូវ​គ្នា ដើម្បី​រំលត់​កំហឹង​ផឹត​ក្បត់​ ៕

No comments:

Post a Comment