ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តបន្ទាយមានជ័យ ៖ យោងតាមព័ត៌មានចុងក្រោយពីក្រុងសិរីសោភ័ណបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២៦ខ្នង និងសិប្បកម្មឥដ្ឋមួយកន្លែងបានរងនូវការខូចខាតដោយសារខ្យល់ព្យុះកាលពីវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃចន្ទ ទី២១ កុម្ភៈ នេះ ។ បើតាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យបានបញ្ជាក់ឱ្យដឹងទៀតថា ផ្ទះមួយខ្នងក្នុងចំណោមលំនៅឋានប្រជាពលរដ្ឋទាំង២៦ខ្នង ខាងលើ បានខូចខាតទាំងស្រុងក្នុងនោះក៏មានមនុស្សម្នាក់រងរបួស និងសត្វគោមួយក្បាលបានងាប់ផងដែរ ។
សេចក្តីរាយការណ៍បានបន្ថែមថា លំនៅឋានទាំង២៦ខ្នង រួមទាំងសិប្បកម្មដែលទទួលរងនូវការបំផ្លាញដោយសារខ្យល់ព្យុះកាលពីយប់មិញនេះ មានទីតាំងនៅក្នុងសង្កាត់ម្កាក់ សង្កាត់កំពង់ស្វាយ និងសង្កាត់ព្នាត ស្ថិតក្នុងក្រុងសិរីសោភ័ណ ។ ដោយឡែកក្នុងចំណោមសង្កាត់ទាំង៣ខាងលើនេះ សង្កាត់ម្កាក់បានទទួលរងនូវការខូចខាតច្រើនជាងគេរហូតដល់២០ខ្នង ។ បច្ចុប្បន្នអាជ្ញាធរខេត្ត និងក្រុងសិរីសោភ័ណកំពុងធ្វើការវាយតម្លៃពីការខូចខាតសរុប និងរាយការណ៍ជូនខាងកាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជំនួយមនុស្សធម៌ ។
គួរបញ្ជាក់ថា នេះជាលើកទី២ ហើយក្នុងខែកុម្ភៈ នេះ ដែលលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងបានទទួលរងនូវការខូចខាតដោយសារខ្យល់ព្យុះ បន្ទាប់ពីខ្យល់ព្យុះដូចគ្នានេះ បានកើតឡើងនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកនេះ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ទទួលរងនូវការខូចខាតនិងមនុស្សម្នាក់របួសផងដែរ ៕
No comments:
Post a Comment