ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យពីរនាក់ ម្នាក់ជាអ្នកលួចដោះស្លាកលេខម៉ូតូ និងម្នាក់ទៀតជាអ្នកទិញត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី២១ កុម្ភៈ ។ បុរសទាំងពីរនាក់នោះម្នាក់ឈ្មោះចែ គឹមលន់ ហៅក្តាម ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជាអ្នកលួច និងម្នាក់ទៀតឈ្មោះជិន រស្មី ហៅម៉ី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ-សង្កាត់ជាមួយគ្នា ជាអ្នកទិញ ។
តាមប្រភពពីលោកអនុសេនីយ៍ឯក ម៉ែន សុវណ្ណា អធិការរងនគរបាលក្រុងពោធិ៍សាត់ទទួលបន្ទុកព្រហ្មទណ្ឌ ឱ្យដឹងថា ការឃាត់ខ្លួនបុរសទាំងពីរនាក់នេះតាមពាក្យបណ្តឹងរបស់ស្ត្រី ឈ្មោះលឹម ស៊ីវមួយ អាយុ២៤ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាបុគ្គលិកពេទ្យមកស្តារនៅខេត្តពោធិ៍សាត់ ស្នាក់នៅម្តុំវិហារចិនផ្លូវលេខ៣ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ។ តាមការរៀបរាប់នៅក្នុងពាក្យបណ្តឹងនោះថា កាលពីយប់ថ្ងៃទី២០ កុម្ភៈ ខណៈដែលនាងទុកម៉ូតូក្រោមផ្ទះ ស្រាប់តែមានមនុស្សមិនស្គាល់មុខចូលមកលួចដោះយកស្លាកលេខ ។ ពេលកំពុងមួលខ្ចៅដោះនោះនាងភ្ញាក់ទាន់ដែរ តែពេលបើកភ្លើងបំភ្លឺមើល ចោរនោះដោះរួចយកទៅបាត់ ។ ម៉ូតូម៉ាកគុប៥០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 1S-5903។ ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីម្ចាស់ស្លាកលេខម៉ូតូភ្លាម យើងបានដាក់ភ្នាក់ងារតាមស្វែងរកក្នុងក្រុងពោធិ៍សាត់ និងសហការជាមួយអធិការដ្ឋាននគរបាលគ្រប់ស្រុក ។
លុះនៅថ្ងៃទី២១ កុម្ភៈ វេលាម៉ោង៣រសៀល យើងបានឃាត់ខ្លួនអ្នកទិញឈ្មោះជិន រស្មី ហៅម៉ី នៅផ្ទះម្តុំផ្សារចាស់ ខណៈឃើញស្លាកលេខម៉ូតូនោះ ជាភស្តុតាង ហើយ១ម៉ោងក្រោយមកសមត្ថកិច្ចឃាត់ខ្លួនឈ្មោះចែ គឹមលន់ ហៅក្តាម ដែលជាអ្នកលួចម្នាក់ទៀត ខណៈជននោះកំពុងអង្គុយលើម៉ូតូចាំរត់ឌុបម៉ូយនៅភូមិពោរតាគួយ ម្តុំសាខាទូរស័ព្ទ០៩៧ចាស់ ។ ជិន រស្មី បានសារភាពថា ខ្លួនពិតជាបានទិញស្លាកលេខម៉ូតូនេះពីឈ្មោះក្តាមមែន ក្នុងតម្លៃ៨៥.០០០រៀល ដោយសារគេប្រាប់ថា ស្លាកលេខនេះជារបស់ខ្លួន ។ ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តនាថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ ដើម្បីចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment