ដោយ ខែ សុណង
2011-02-22
មន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកបំពេញបេសកកម្មនៅ កម្ពុជារយៈ ពេល ២ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី២១ ដល់ថ្ងៃអង្គារ ទី២២ កុម្ភៈ ឆ្នាំ២០១១ នេះ។ឧបការីរងទទួលបន្ទុកកិច្ចការ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ឌេនញ៉ែល ប៊ែរ (Daniel Baer)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអង្គារ ទី២២ កុម្ភៈ ឧបការីរងទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យសិទ្ធិមនុស្ស និងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ឌេនញ៉ែល ប៊ែរ (Daniel Baer) លោកនឹងពិនិត្យតាមដាននូវស្ថានភាពសេចក្ដីព្រាងច្បាប់នេះ ហើយលោកលើកទឹកចិត្តឲ្យភាគីទាំងពីរ ទាំងរដ្ឋាភិបាល និងសង្គមស៊ីវិលបន្តការពិភាក្សាគ្នាទៀត។ ឧបការីរងទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ នៅក្នុងពេលបំពេញបេសកកម្មរយៈពេល ២ថ្ងៃនេះ លោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាល ដែលមានមន្ត្រីក្រសួងការបរទេស មន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់ពីសេចក្ដីព្រាងច្បាប់នេះ។ លោកបានហៅកិច្ចជំនួបនោះថា ប្រកបដោយផ្លែផ្កា ដែលពួកគេបានបង្ហាញជំហរថាព្រមទទួលយកការពិភាក្សាគ្នាបន្ថែមទៀត។
ក៏ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយឡើយចំពោះសំណួរថាតើនៅពេលលោក ជួបជាមួយមន្ត្រីរដ្ឋាភិបាល លោកមានស្នើឲ្យកែចំណុចណាខ្លះនៅក្នុងសេចក្ដីព្រាងច្បាប់នេះទេ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានក្រុមអង្គការសង្គមស៊ីវិល កន្លងមកមើលឃើញថា ជាការរារាំង និងរឹតត្បិតសេរីភាពដល់សកម្មភាពការងាររបស់សង្គមស៊ីវិល។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) លោក ធន សារាយ បានមានប្រសាសន៍ថា នៅក្នុងសេចក្ដីព្រាងច្បាប់នេះ បានតម្រូវឲ្យអង្គការសមាគមធ្វើរបាយការណ៍សកម្មភាពឆ្នាំ និងផែនការការងារឆ្នាំ បង្ហាញពីស្ថានភាពថវិកាប្រចាំឆ្នាំដាក់ជូនក្រសួងមហាផ្ទៃទៀតផង ៖ "រឿង រាយការណ៍នេះគឺថា សុំឲ្យត្រួតពិនិត្យនៅពេលដែលមានបញ្ហា ប្ដឹងផ្ដល់បញ្ហាជម្លោះគ្នា អំពីការណ៍ដែលគ្រប់គ្រងមិនបានត្រឹមត្រូវ សុំឲ្យមានការត្រួតពិនិត្យចុះ"។
កន្លងមក លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងថា បញ្ហានេះនៅមានការពិភាក្សាគ្នានៅឡើយ។
កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១១ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំពិគ្រោះយោបល់មួយលើសេចក្ដីព្រាង ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ជាមួយក្រុមអង្គការសង្គមទាំងជាតិ អន្តរជាតិ និងអង្គទូតប្រមាណ ៣០០នាក់ ប៉ុន្តែពុំបានសម្រេចជាលទ្ធផលអ្វីនោះទេ៕
No comments:
Post a Comment