Wednesday, February 23, 2011

អ្នក​ភូមិ​មក​ពី​៤​ខេត្ត​រារាំង​ក្រុមហ៊ុន​វៀតណាម​មិន​ឲ្យ​កាប់​ព្រៃ​ឡង់


2011-02-23
ប្រភព​ពី​សហគមន៍​អ្នក​ការពារ​ព្រៃឈើ​បាន​អះអាង​ថា តំណាង​អ្នក​ភូមិ​ប្រហែល ៤០០​នាក់ នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង បាន​នាំ​គ្នា​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​ចំនួន ២​ថ្ងៃ​មក​ហើយ មក​ដល់​ថ្ងៃ​ពុធ ទី​២៣ ខែ​កុម្ភៈ ដើម្បី​រារាំង​ក្រុមហ៊ុន CRCK របស់​វៀតណាម មិន​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឡង់។
លោក គង់ ឆាយា តំណាង​សហគមន៍​អ្នក​ការពារ​ព្រៃឈើ នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​អះអាង​ថា អ្នក​ភូមិ​បាន​សម្រាក​នៅ​ក្នុង​ព្រៃ​កាល​ពី​យប់​ថ្ងៃ​អង្គារ កន្លង​ទៅ និង​បាន​បន្ត​ដំណើរ​ខិត​ចូល​ជិត​ទីតាំង​របស់​ក្រុមហ៊ុន​ហើយ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ប្រដាប់​អាវុធ​គំរាម​បាញ់​ជា​ច្រើន​គ្រាប់។
លោក​បន្ត​ទៀត​ថា ៖ «ប៉ូលិស​ក្រុមហ៊ុន​គេ​កាត់​ផ្លូវ​ទៅ គេ​បើក​កាំភ្លើង​អាម៉េ បើក​សោ​ភ្ជង់ ហើយ​គំរាមកំហែង​អត់​ឲ្យ​ចូល​កន្លែង​ក្រុមហ៊ុន។ ក្រុម​ខ្ញុំ​សាកសួរ​រក​ច្បាប់​រក​អី​ទៅ ក្រុមហ៊ុន​នេះ​អត់​មាន​អី​ទេ ដល់​ព្រឹក​ឡើង​វា​បើក​សោ​បាញ់ ៣​គ្រាប់»
តំណាង​សហគមន៍​អ្នក​ការពារ​ព្រៃឈើ នៅ​ខេត្ត​កំពង់ធំ លោក ស៊ឹម សឿន បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​ដែល​រង​នូវ​ការ​ប៉ះ​ទង្គិច​ដោយសារ​តែ​ការ​បំផ្លាញ​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ បាន​ធ្វើ​ដំណើរ​ពី​តំបន់​របស់​ខ្លួន​រៀងៗ​ខ្លួន សំដៅ​ចូល​ទៅ​ចំណុច​កណ្ដាល​នៃ​កន្លែង​កាប់​បំផ្លាញ​នោះ។ លោក​បាន​បន្ត​ទៀត​ថា ក្រុម​អ្នក​ដឹក​ស្បៀង​អាហារ​ត្រូវ​បាន​ប៉ូលិស​រារាំង​មិន​ឲ្យ​ចូល​ទៅ​ជិត​ អ្នក​តវ៉ា​នៅ​ក្នុង​ព្រៃ​ទេ ហើយ​ប៉ូលិស​ក៏​បាន​រារាំង​អ្នក​តវ៉ា​ចេញ​ពី​ព្រៃ​ផង​ដែរ សូម្បី​ការ​ស្វែង​រក​ទឹក​អូរ​ដើម្បី​ទទួល​ទាន។
តំណាង​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​កំពង់ធំ រូប​នេះ​បាន​បញ្ជាក់​ថា ពួកគេ​នឹង​មិន​លះបង់​ការ​ទាមទារ​នោះ​ទេ ហើយ​កំពុង​ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់​ នេះ បើ​សិន​ជា​មិន​មាន​ការ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ឡង់​នោះ​ទេ ៖ «ចង់​ ឲ្យ​អាជ្ញាធរ​ចុះ​មក​ដោះស្រាយ ហើយ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ចូល​រួម​ដោះស្រាយ​ដើម្បី​បញ្ឈប់​ការ​ឈូស​ឆាយ​នៅ​ ព្រៃ​ស្រោង​ហ្នឹង។ តស៊ូ​រហូត​ដល់​មាន​ដំណោះស្រាយ មិន​បញ្ឈប់​ត្រឹម​ហ្នឹង​ទេ...»
អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា មន្ត្រី​ស្រុក​បាន​ចូល​ទៅ​តំបន់​នោះ​ដើម្បី​ពិនិត្យ​ការ​តវ៉ា​របស់​អ្នក​ ភូមិ ៖ «ហើយ​យើង​នឹង​ពិនិត្យ​សំណូមពរ តើ​សំណូមពរ​នោះ​វា​សមស្រប​យ៉ាង​ណា ហើយ​យើង​នឹង​ទៅ​ជួប​ពួកគាត់​វិញ។ ក្នុង​ការ​ទៅ​ជួប​ពួកគាត់​វិញ យើង​ចង់​ឲ្យ​ពួកគាត់​ជ្រើសរើស​តំណាង ដោយសារ​តែ​ពួកគាត់​ឡើង​មក​ពី​ច្រើន​ខេត្ត អ៊ីចឹង​ចង់​ឲ្យ​មាន​តំណាង ហើយ​យក​សំណូមពរ និង​ឆន្ទៈ​ហ្នឹង​មក​ជួប​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​យើង»
ព្រៃ​ឡង់​គឺ​ជា​ព្រៃ​ធំ​ក្រាស់​ចុង​ក្រោយ​របស់​កម្ពុជា ដែល​មាន​ព្រំ​ប្រទល់​ភ្ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ។ អ្នក​ភូមិ​ចំនួន ២​ម៉ឺន​គ្រួសារ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច បាន​រស់​អាស្រ័យ​ផល​ដោយសារ​ព្រៃ​នេះ ដូចជា​ការ​រក​ជ័រ និង​រក​វល្លិ​ជាដើម។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​ដើម្បី​ដាំ​ដើម​កៅស៊ូ​របស់​ក្រុមហ៊ុន CRCK បាន​ធ្វើ​ឡើង​នៅ​លើ​តំបន់​ស្នូល​របស់​ព្រៃ​ឡង់​ចំនួន ៨​គីឡូម៉ែត្រ​បួន​ជ្រុង​ហើយ។
តំណាង​សហគមន៍​នៅ​ខេត្ត​កំពង់ធំ លោក ស៊ឹម សៀន បន្ថែម​ថា ដើម​ឈើ​ធំៗ​ដែល​ជា​ច្បោះ និង​ជ័រ​ទឹក​របស់​អ្នក​ភូមិ​អាស្រ័យ​ផល ត្រូវ​បាន​បំផ្លាញ​ចំនួន ៣០០​ដើម ហើយ​ក្រុមហ៊ុន​នោះ​បាន​ដាក់​ម៉ាស៊ីន​អារ​ឈើ​នៅ​ទី​នោះ​ផង​ដែរ និង​មាន​ការ​ដឹក​ឈើ​ប្រណិត​ចេញ​ពី​ព្រៃ​ទាំង​ថ្ងៃ​ទាំង​យប់​ក្នុង​រយៈពេល ៤​ខែ​នេះ៕

No comments:

Post a Comment