ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិត្រៀមព្រះកាយជួយដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសថៃ
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគាំទ្រជំហររបស់លោកហ៊ុនសែនក្នុងជម្លោះព្រំដែនជាមួយថៃ
©វណ្ណារ៉ា/RFI
គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងបង្ហាញជំហរតែមួយ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះជាលើកដំបូងហើយដែលគណបក្សមាននិន្នាការនយោបាយខុសគ្នានិយាយ សំឡេងតែមួយ។ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិព្រះប្រធាន គណបក្សនរោត្តមរណឫទ្ធិបាន មានព្រះបន្ទូលកាលពីព្រឹកមិញទៅកាន់សមាជិករបស់ព្រះអង្គនៅទីក្រុង ភ្នំពេញថា ព្រះអង្គត្រៀមព្រះកាយជានិច្ចដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុង ការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃប្រសិនបើរដ្ឋាភិបាល ត្រូវការរូបព្រះអង្គ។
គណបក្សនរោត្តមរណឫទ្ធិដែលអះអាងថាជាគណបក្សរាជានិយមបានប្រកាសជំហរ សាជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យទី១៩ខែកុម្ភៈនេះថា គណបក្សរាជានិយមគាំទ្រជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះស្រាយជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិព្រះប្រធានគណបក្សនរោត្តមរណឫទ្ធិបាន មានព្រះបន្ទូលកាលពីព្រឹកមិញទៅកាន់សមាជិករបស់ព្រះអង្គនៅទីក្រុង ភ្នំពេញថា ព្រះអង្គត្រៀមព្រះកាយជានិច្ចដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុង ការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃប្រសិនបើរដ្ឋាភិបាល ត្រូវការរូបព្រះអង្គ។
កាលពីម្សិលមិញគណបក្សនរោត្តមរណឫទ្ធិបានចេញសេចក្តីថ្លែងការណ៍ គាំទ្រសំណើ៤ចំណុចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ខែកុម្ភៈ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ។
ចំណុចទាំង៤នោះជារួមមាន៖
ទី១-កម្ពុជានិងថៃត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ដោយមានអាស៊ានជាសាក្សី។
ទី២-ភាគីទាំងពីរត្រូវរក្សាទីតាំងឈរជើងនៅមួយកន្លែងដោយមិនធ្វើការចល័តកងទ័ព។
ទី៣-លើកទឹកចិត្តឱ្យមេទ័ពនៅជួរមុខជួបគ្នាដើម្បីកាត់បន្ថយភាពតានតឹង។
ទី៤-អាស៊ានត្រូវបញ្ជូនកងកម្លាំងមកពិនិត្យមើលការឈប់បាញ់ជាអចិន្ត្រៃយ៍។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិដែលទើបសម្រេចព្រះទ័យយាងចូលឆាកនយោបាយ វិញនោះបានបន្តទៀតថា គណបក្សព្រះអង្គបានចេញសេចក្តីថ្លែងការណ៍បីដងរួចមកហើយក្នុងការ គាំទ្រជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការតតាំងជាមួយប្រទេសថៃ ក្នុងរឿងជម្លោះព្រំដែន។ ព្រះអង្គមានបន្ទូលបន្តទៀតថា ពេលនេះគ្រប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងបង្ហាញជំហរ ឯកភាពជាតិក្នុងរឿងទំនាស់ព្រំដែនជាមួយប្រទេសថៃ។
កាលពីថ្ងៃទី១១ខែកុម្ភៈកន្លងមកនេះ លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគាំទ្រចំណាត់ការរបស់លោកក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយ ប្រទេសថៃ។
នៅក្នុងផ្នែកចុងក្រោយនៃខ្លឹមសារសំបុត្រ លោក សម រង្ស៊ី ដែលធ្លាប់ជាដៃគូប្រកួតប្រជែងនយោបាយយ៉ាងខ្លាំងក្លាជាមួយលោក ហ៊ុន សែននោះបានសរសើរលោក ហ៊ុន សែន ថា បានចាត់វិធានការត្រឹមត្រូវនិងទាន់ពេលវេលាទាំងផ្នែកនយោបាយនិងការ ទូតដើម្បីទប់ទល់ការឈ្លានពានពីសំណាក់ប្រទេសថៃ។
ដូចគ្នាអ៊ីចឹងដែរសម្រាប់គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ គណបក្សនេះក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនផ្សេងទៀតដែរបាន សម្ដែងការគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការនាំយកករណីជម្លោះ ព្រំដែនកម្ពុជា-ថៃប្ដឹងទៅកាន់អង្គការសហប្រជាជាតិ៕
No comments:
Post a Comment