Tuesday, February 22, 2011

កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ានលទ្ធ​ផល​​​គឺគួរ​​​បើក​កិច្ចប្រជុំ​JBCនៅ​ប្រទេសទី​៣



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ាននៅក្នុង​ទីក្រុង​ហ្សា​ការតា ​ប្រទេស​ឥណ្ឌូណេស៊ី
រូបភាព​ពី​វ៉េបសាយ
កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ាននៅក្នុង​ទីក្រុង​ហ្សា​ការតា ​ប្រទេស​ឥណ្ឌូណេស៊ី
 
រដ្ឋ​មន្ត្រី​​ការបរទេស​​មកពី​ប្រទេស​អាស៊ាន​ ​​បាន​បើក​កិច្ចប្រជុំ​​បន្ទាន់​មួយនៅក្នុង​ទីក្រុង​ហ្សា​ការតា ​ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី​​២២ កុម្ភៈ ​ស្តី​​អំពីបញ្ហា​​ជម្លោះ​ព្រំដែន​​រវាង​​ប្រទេស​កម្ពុជា និង​​ប្រទេសថៃ ​និង​ដើម្បី​​​រិះរក​មធ្យោបាយ​​​​​បញ្ចប់​​ជម្លោះ​នេះ ។​
លោកម៉ាទី ណាតា​ឡេហ្គាវ៉ា រដ្ឋមន្ត្រី​​​ការ​បរទេស​​នៃ​សាធារណ​​រដ្ឋ​ឥណ្ឌូណេស៊ី ​ដែលជា​​ប្រធានអាស៊ាន ​ថ្លែង​​មុន​ពេលបើក​កិច្ចប្រជុំ​​ថា ​«យើង​​​បើកកិច្ចប្រជុំ​​នេះឡើងដើម្បី​​ដោះស្រាយ​​បញ្ហា​​តាមរយៈ​ការចរចា​​ ហើយ​​​យើងធ្វើ​​​អ្វី​ដើម្បី​​សន្តិភាព​​មិនមែន​​​ដើម្បី​​ធ្វើ​សង្គ្រាម​​ នោះ​​ទេ ដូច្នេះ​​សូម​កុំ​ឱ្យ​​សំឡេង​​កាំភ្លើង​​​ និងការ​ផ្ទុះ​​អាវុធ​​ឮ​នៅ​​​​​ក្នុង​តំបន់​​​​​របស់យើង​​ទៀត» ។ ​លោក​គូស​បញ្ជាក់​ថា ​ក្រុម​​ក្នុង​តំបន់​បានត្រៀមខ្លួន​​​ជា​ស្រេច ដើម្បី​​ធ្វើអន្តរា​គមន៍​ ហើយ​ប្រកាន់​គោលជំហរ​រឹង​មាំ ។​
លោកមាទី ណាតឡេ​ហ្គាវ៉ា ​​ថ្លែង​ទៀត​ថា ​«ខ្ញុំ​​ចង់​​​បញ្ជាក់​​​ច្បាស់​ថា ​ជម្រើស​​នៃ​ជម្លោះ​​​នៃការ​ប្រើប្រាស់​​កម្លាំង​ទ័ព​​​មិនមែន​​ជា​មធ្យោបាយ ​​ត្រូវ​យក​មក​​ប្រើប្រាស់​​នោះទេ ។​
ជាមួយគ្នានេះ យោង​តាមប្រភពព័ត៌​មាន​​ពី​កាសែត​​​បាង​កកប៉ុស្តិ៍​​​ថា កិច្ចប្រជុំរដ្ឋមន្ត្រី​​ការ​បរទេស​​​អាស៊ាន​បានបញ្ចប់ ​ហើយទទួល​បាន​លទ្ធ​ផលគឺ​​​ថា ​កម្ពុជា និងថៃ ​​គួរតែ​បើ​កកិច្ច​ប្រជុំ​​​​គណៈ​កម្មាធិការ​​​ព្រំដែន​​ចម្រុះ (JBC) នៅ​ប្រទេសទី​​៣ ដើម្បី​​ដោះស្រាយ​ជម្លោះព្រំដែ​ន​ ដែល​​ចេះ​បន្តកើតឡើង ។​
ជាមួយគ្នានេះ​ អាស៊ាន​​ក៏បានស្វាគមន៍​​ចំពោះ​​ការអញ្ជើញ​​ដោយ​ប្រទេសកម្ពុជា ​និង​​ប្រទេសថៃ ​​ឱ្យបញ្ជូន​អ្នកសង្កេតការណ៍​​ឥណ្ឌូណេស៊ី​​ទៅកាន់​តំបន់​​ព្រំដែន​​ របស់ប្រទេស​​ទាំង​ពីរ ដើម្បី​​​ពិនិត្យ​​មើលពី​ការ​ប្តេជ្ញាចិត្ត​​របស់ប្រទេសទាំង​ពីរ​​បញ្ចៀស​​ ការ​​ប៉ះទង្គិចគ្នា​​ដោយអាវុធ​ទៀត ៕

No comments:

Post a Comment