ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ យោងតាមបណ្តាញព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានច្រានចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ណាមួយដែលត្រូវបានចុះហត្ថលេខាជាមួយកម្ពុជា ។ នេះបើយោងតាមគេហទំព័របាងកកប៉ុស្តិ៍ចេញផ្សាយកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទ ទី២១ កុម្ភៈ នេះ ។ លោកអាប់ភីស៊ីត បាននិយាយទៀតថា រដ្ឋាភិបាលរបស់លោកជឿថា ដំណោះស្រាយថិតថេរមួយចំពោះជម្លោះព្រំដែនអាចកើតមានឡើងតែតាមការចរចាដោយប្រយ័ត្នប្រយែងប៉ុណ្ណោះ ។
បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំនៅក្រុងហ្សាការតានៅថ្ងៃស្អែកដើម្បីរកវិធីដោះស្រាយជម្លោះព្រំដេន តែលោកអាប់ភីស៊ីត បាននិយាយថា អង្គការតំបន់នេះគ្រាន់តែដើរតួជាអ្នកសម្របសម្រួល និងជាសាក្សី ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់កិច្ចពិភាក្សារវាងថៃ និងកម្ពុជាតែប៉ុណ្ណោះ ។ គេហទំព័រដដែលបានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភីរម្យ ដែលបាននិយាយថា កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលស្នើឡើងនោះមិនចាំបាច់ទេ ពីព្រោះសន្តិភាពតាមព្រំដែនអាចសម្រេចបានតាមយន្តការទ្វេភាគីដែលមានស្រាប់ ។ តែទោះជាយ៉ាងណា លោកកាស៊ីត ភីរម្យ បាននិយាយថា រដ្ឋាភិបាលថៃអាចអញ្ជើញអ្នកសង្កេតការណ៍ឥណ្ឌណេស៊ីមកនៅជាមួយទាហានថៃ ដើម្បីពិនិត្យមើលបទឈប់បាញ់ ។
គេហទំព័របាងកកបានឱ្យដឹងទៀតថា គណៈប្រតិភូមួយដែលដឹកនាំដោយនាយសេនាធិការកងភូមិន្ទថៃលោកឧត្តមសេនីយ៍ដាពង់ រតនាស៊ូ វ៉ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់៨ចំណុច ជាមួយគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត ជាមេបញ្ជាការកងយោធពលខេមរភូមិន្ទមួយរូប និងជាបុត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃសៅរ៍ ។ ក៏ប៉ុន្តែលោកកាស៊ីត បាននិយាយថា ជំនួបកាលពីថ្ងៃសៅរ៍នោះ មិនមែនជាការចរចាទេ ចំណែកអាប់ភីស៊ីត ក៏បាននិយាយដែរថា វាគ្រាន់តែជាការពិភាក្សាមិនមែនជាការចរចានោះទេ ហើយក៏គ្មានកិច្ចព្រមព្រៀងអ្វីនោះដែរ ពោលគឺលទ្ធផលនៃកិច្ចពិភាក្សានោះ មិនតម្រូវឱ្យត្រូវតែគោរពនោះទេ (ថៃពិតជាពួកស៊ីញ៉េនឹងដៃ លុបនឹងជើងមែន) ។ វាគ្រាន់តែជាកិច្ចពិភាក្សាសម្រាប់យកលទ្ធផលឱ្យថ្នាក់លើសម្រេចប៉ុណ្ណោះ ។
លោកកាស៊ីត បានបន្តថា ការចរចាណាមួយត្រូវមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ក្រោមក្របខណ្ឌនៃគណៈកម្មាធិការព្រំដែនចម្រុះ ។ លោកនឹងប្រាប់កិច្ចប្រជុំអាស៊ាននៅថ្ងៃស្អែក អំពីជំហររបស់ថៃថា ខ្លួនមានបំណងដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដោយរួមមានគណៈកម្មាធិការព្រំដែនចម្រុះគណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនតំបន់ ។ ករណីជួបប្រជុំ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗរវាងគណៈកម្មាធិការព្រំដែនចម្រុះដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិចូលរួមនោះ ត្រូវបានភាគីថៃជាន់ឈ្លីចោលច្រើនលើកច្រើនសារួចមកហើយ ដូច្នេះមិនចាំបាច់យន្តការទ្វេភាគីទៀតទេ...បើចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយគឺទាល់តែមានអ្នកទី៣ ឬអាស៊ាន ធ្វើជាសាក្សីទើបអាចដឹងថា អ្នកណាខ្វះសេចក្តីថ្លៃថ្នូរ ទទួលខុសត្រូវលើដំណោះស្រាយជម្លោះកម្ពុជា-ថៃ ៕
No comments:
Post a Comment