លោក ហ៊ុន សែន ៖ "គ្មានអន្តរាគមន៍សម្រាប់ជនជាតិថៃ២នាក់ជាប់ទោសនោះទេ"
លោក នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន
©សុវណ្ណារ៉ា
តុលាការកម្ពុជាបានកាត់ទោសជនជាតិថៃ២នាក់ពីបទឆ្លងដែនខុសច្បាប់ និងបទចារកម្ម។ នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហើយថា លោកនឹងមិនធ្វើអន្តរាគមក្នុងសំណុំរឿងនេះទេ មុនជនជាប់ចោទទាំងពីរនាក់ជាប់ទោស២ភាគ៣សិន។ រហូតដល់ពេលនេះ ជនជាតិថៃទាំងពីរនាក់នោះនៅមិនទាន់ប្តឹងឧទ្ធរណ៍នៅឡើយទេ។
នៅក្នុងសន្និសីទកាសែតដ៏កម្រមួយដែលធ្វើដោយលោកនាយករដ្ឋមន្ត្រីផ្ទាល់ នៅព្រឹកថ្ងៃព្រហស្បតិ៍១៧កុម្ភៈនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានរម្លឹកអំពីករណីជនជាតិថៃ២នាក់ដែលបានជាប់ក្នុងពន្ធនាគារព្រៃស ដោយអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់៨ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំនោះ ថាលោកនឹងមិនទទួលយកការបញ្ចុះបញ្ចូលសុំព្រះរាជលើកលែងទោសសម្រាប់ជនជាតិថៃទាំងពីរនាក់នេះទេ។ លោក ហ៊ុន សែន បានបញ្ជាក់ថា ម្តងនេះត្រូវអនុវត្តច្បាប់ត្រឹមត្រូវ។ ការពិចារណាអំពីការលើកលែងទោសណាមួយអាចធ្វើទៅបាននោះ សម្រាប់លោកនាយករដ្ឋមន្ត្រី ជនជាតិថៃទាំងពីរនាក់ត្រូវអនុវត្តទោស២ភាគបីសិនតាមច្បាប់សិន។
កាលពីថ្ងៃទី១កុម្ភៈ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឈ្មោះ វេរ៉ា ស៊ុមខ្វាមឃីត ជាអគ្គលេខាធិការនៃបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយ ដែលជាសកម្មជនក្រុមថៃអាវលឿងម្នាក់ដែរនោះ អោយជាប់ពន្ធនាគារចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១លាន៨សែនរៀល និងស្ត្រីជនជាតិថៃម្នាក់ទៀតជាអ្នកកាសែតឈ្មោះ រ៉ាត់ទ្រី ប៉ៃម៉ូតាណា ប៉ៃប៊ូន អោយជាប់ពន្ធនាគារ៦ឆ្នាំ និងពិន័យប្រាក់១លាន២សែនរៀល។ អ្នកទាំងពីរត្រូវបានកាត់ទោសពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជាកាលពីថ្ងៃទី២៩ធ្នូ ចូលក្នុងទីលានយោធាក្នុងបំណងទុច្ចរិត និងបទធ្វើចារកម្ម។
យោងតាមការអះអាងរបស់លោក ប៉ិច វិច្ឆិកា ដែលជាមេធាវីរបស់ជនជាតិថៃទាំងពីរនេះ រហូតដល់ពេលនេះ កូនក្តីរបស់លោកនៅមិនទាន់សម្រេចដាក់បណ្តឹងឧទ្ធរណ៍ជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ៕
No comments:
Post a Comment