ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៧ កុម្ភៈ ២០១១ សាលាដំបូងរាជធានី បានបើកសវនាការលើរឿងក្តីជនដែលត្រូវចោទឈ្មោះនាង សុខណា ហៅត្រេន ឬទិវា០៦ អតីតអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ លើបទចោទធ្វើមនុស្សឃាតដោយអចេតនា ប៉ុន្តែមកដល់វេលាល្ងាចថ្ងៃដដែលតុលាការបានពន្យារពេលប្រកាសទោសគឺលើកទៅប្រកាសនៅថ្ងៃទី២៨ កុម្ភៈ ខាងមុខវិញ ។
សវនការនេះមានចៅក្រមតែម្នាក់ គឺលោកកែ សាខន អនុប្រធានតុលាការ និងលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងតំណាងអយ្យការ ព្រមទាំងចំពោះមុខមេធាវីដើមបណ្តឹង គឺលោកច័ន្ទ វិចិត្រ មេធាវីឱ្យចុងចោទគឺលោកណាច ទ្រី។ ដើមបណ្តឹងគឺលោកទឹម សារឹម និងសាក្សីជាច្រើនរូបក៏មានវត្តមាន ហើយក៏មានជនដែលត្រូវចោទបានមកឈរនៅមុខរង្វង់ក្រចកសេះ ដើម្បីឱ្យអង្គសវនការទាំងមូលបានសួរដេញដោលផងដែរ។
ជនដែលត្រូវចោទក្នុងសវនាការនេះ គឺឈ្មោះនាងសុខ ណា ហៅត្រេន ឬទិវា០៦ ហើយជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតគឺឈ្មោះទឹម ទិត្យា ហៅយ៉ា ជាកូនចៅទិវា០៦។ ចំណុចសំខាន់ក្នុងសវនការនោះ លោកទឹម សារឹម ដែលជាឪពុកជនរងគ្រោះ និងជាដើមបណ្តឹងបាននៅតែចោទប្រកាន់ទិវា០៦ថា ជាអ្នកដាក់ថ្នាំបំពុល (គ្រឿងញៀន) សម្លាប់កូនប្រុសរបស់លោក ហើយលោកបានទាមទារជំងឺចិត្តជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងត្រូវឱ្យតុលាការផ្តន្ទាទោសជនដែលត្រូវចោទតាមផ្លូវច្បាប់។
សូមរំលឹកឡើងវិញថា កាលពីរសៀលថ្ងៃទី២៣ កុម្ភៈ ២០១០ លោកនាង សុខណា ហៅត្រេន ហៅទិវា០៦ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ទទួលបន្ទុកក្រុមម៉ូតូប្រដេញ ឬហៅថា ក្រុមខ្លាហោះរាជធានីភ្នំពេញ បាននាំកូនចៅចំនួន១៣នាក់ទិញស្រាបៀរចំនួន៥កេសទៅផឹកស៊ីក្រោមដើមប្ញស្សីខាងក្រោយប៉ុស្តិ៍រដ្ឋបាលចតុមុខ ខណ្ឌដូនពេញ។ មន្ត្រីនគរបាលទាំងអស់បានអះអាងថា ពេលផឹកស៊ីឈ្មោះនាង សុខណា ហៅត្រេន បានយកគ្រឿងញៀនទៅដាក់ក្នុងកែវស្រាពួកគេបណ្តាលឱ្យលោកទឹម ទិត្យា ផឹកភ្លាមស្លាប់បាត់បង់ជិវិតភ្លាម និង៤នាក់ទៀតពុលធ្ងន់ធ្ងរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយពីរឿងនេះកើតឡើង មន្ត្រីនគរបាល៨នាក់ រួមទាំងលោកនាង សុខណា ផងត្រូវថ្នាក់លើបញ្ជាឱ្យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួនដើម្បីធ្វើការសាកសួរ និងរហូតដល់ជំនុំជម្រះលោកនាង សុខណា បែបនេះ ៕
No comments:
Post a Comment