ថៃច្រានចោលសំណើរបស់កម្ពុជាលើកិច្ចព្រមព្រៀងឈប់បាញ់
លោកអាភិស៊ីត នាយករដ្ឋមន្រ្តីថៃ
©Reuters
ទីបំផុតទៅ លោកនាយករដ្ឋមន្ត្រីថៃ អាភិស៊ីត វេចាជីវ៉ា បានច្រានចោលនូវសំណើរបស់កម្ពុជា លើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ព្រំដែនព្រះវិហារ។ តាមលោកនាយករដ្ឋមន្ត្រីថៃ វាលឿនពេកក្នុងការនិយាយពីចំណាត់ការណាមួយលើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ។
ក៏ប៉ុន្តែនៅថ្ងៃ១៨កុម្ភៈនេះ លោកនាយករដ្ឋមន្ត្រីថៃ អាប់ភិស៊ីត បានថ្លែងតាមកាសែតថៃ បាងកកប៉ុស្តិ៍ ថា វាលឿនពេកក្នុងការការនិយាយពីការចុះកិច្ចព្រមព្រៀងណាមួយ លើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ម្យ៉ាងទៀតសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។
លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា អាស៊ានមិនមានតួនាទីលូកដៃក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃឡើយ។ ជម្លោះព្រំដែន ដែលត្រូវពិភាក្សាដោយថៃ និងកម្ពុជា។
ការបដិសេធរបស់នាយករដ្ឋមន្ត្រីថៃ លើសំណើឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នេះ ត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ភាគីថៃ នៅល្មោភសង្គ្រាម និងចិញ្ចឹមគំនិតឈ្លានពានទឹកដីកម្ពុជា។ ថៃក៏រំលោភលើអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចង់ឲ្យមានការឈប់បាញ់ជាអចិន្ត្រៃយ៍នៅព្រំដែនកម្ពុជា-ថៃ។ ម្យ៉ាងទៀត ការដែលថៃបដិសេធ មិនចង់ឲ្យមានអ្នកសង្កេតការណ៍ ឬអ្នកត្រួតពិនិត្យបទឈប់បាញ់ របស់អាស៊ាន ចូលរួមក្នុងជម្លោះ ក៏បង្ហាញថា ថៃចង់បិទបាំងនូវពុតត្បុតអាក្រក់របស់ខ្លួន ចំពោះការឈ្លានពានលើកម្ពុជា ហើយចោទថា កម្ពុជាជាអ្នកបាញ់មុនទៅវិញ។
នៅថ្ងៃនេះ កាសែតថៃ ក៏បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ បានអនុម័តប្រើផែនការការពារជាតិ ដែលមានឈ្មោះថា Chakrabongse Bhuvanart។ យុទ្ធសាស្ត្រថ្មីរបស់ថៃត្រូវដាក់ពង្រាយកងកម្លាំងជើងគោក ជើងទឹក និងទ័ពអាកាសថៃ តាមបណ្តោយព្រំដែនកម្ពុជា ចាប់ពីខេត្តស៊ីសាកេត ច័ន្ទបូរី និងខេត្តត្រាត របស់ថៃ ជាប់នឹងព្រំដែនខេត្តព្រះវិហារ រហូតដល់ខេត្តកោះកុង របស់កម្ពុជា។
ក្នុងផែនការនោះ ទាហានថៃប្រមាណ ១៥.០០០ នាក់ នឹងត្រូវកេណ្ឌ ដាក់ពង្រាយនៅជិតតំបន់ ដែលហៅថា ៤,៦ គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ។ ចំណែកកងជើងទឹក ២៣.០០០ នាក់ រួមទាំងកងទ័ពអាកាសថៃជាច្រើននាក់ទៀត ក៏នឹងត្រូវដាក់ពង្រាយតាមបណ្តោយព្រំដែនកម្ពុជា ជាមួយនឹងយន្តហោះចម្បាំង F 16 របស់ថៃ។
ក៏ប៉ុន្តែផែនការពង្រាយកងទ័ពថៃ តាមបណ្តោយព្រំដែនកម្ពុជា ត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាភស្ថុតាង បង្ហាញច្បាស់ពីភាពល្មោភសង្គ្រាមរបស់ថៃ។ ផែនការនោះ ក៏ជាការបំពានសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិផងដែរ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃ១៨កុម្ភៈនេះ បានប្រកាសជាផ្លូវការថា លោកប្រមុខការទូត ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រៅផ្លូវការ នាថ្ងៃអង្គារសប្តាហ៍ក្រោយ តបតាមការកោះប្រជុំរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានផ្លាស់វេន។ កិច្ចប្រជុំនៅទីក្រុងហ្សាកាតា នឹងផ្តោតជាសំខាន់ទៅលើការផ្លាស់ប្តូរទស្សនវិស័យអំពីបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសផ្តោតលើស្ថានភាពនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕
No comments:
Post a Comment