Thursday, February 17, 2011

ថៃ​ធ្វើ​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​កាំភ្លើង​ពិត​នៅ​ជាយ​ដែន

 

2011-02-17
មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ បាន​ចាប់​ធ្វើ​សម​យុទ្ធ​យោធា បាញ់​គ្រាប់​កាំភ្លើង​ពិត​នៅ​តាម​តំបន់​ព្រំដែន នៅ​ខេត្ត​ស្រះកែវ និង​ខេត្ត​ចាន់បូរី ក្នុង​ទឹក​​របស់​ខ្លួន ជាប់​ព្រំដែន​ខ្មែរ ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា។
លោក​ឧត្ដមសេនីយ៍ ឌី ភេន នាយការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កុម្ភៈ​ថា ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​ថៃ បាន​ជូន​ដំណឹង​មក​ភាគី​កម្ពុជា ជុំវិញ​ការ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​តំបន់​ព្រំដែន​ខ្លះ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា។
លោក ឌី ភេន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម​យុទ្ធ​យោធា​របស់​កងទ័ព​ថៃ ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​បារាំង ផង​នោះ ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ និង​ខេត្ត​ចាន់បូរី​នោះ នឹង​ធ្វើការ​បាញ់​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ទឹក​ដី​ថៃ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា។
លោក​បន្ត​ទៀត​ថា ៖ «ដោយ​ឡែក​ប្រជាពលរដ្ឋ​នៅ​តាម​ចំណុច​ទាំង​អស់​ហ្នឹង គាត់​ពុំ​មាន​ការ​ព្រួយ​បារម្ភ​អី​ទេ ពីព្រោះ​គេ​ធ្វើ​នៅ​ឆ្ងាយ​ដែរ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​មិន​ដឹង​ផង ព្រោះ​នៅ ១៥​គីឡូម៉ែត្រ វា​មិន​ជិត​ទេ»
អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន បាន​មាន​ប្រសាសន៍​ថា នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចាន់បូរី ប្រទេស​ថៃ ជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា កង​ទាហាន​ឈុត​ខ្មៅ​ថៃ ក៏​មាន​ការ​ធ្វើ​សម​យុទ្ធ​យោធា​ដូច​គ្នា ៖ «អា​ហ្នឹង​មិន​មែន​ទេ អា​ហ្នឹង​គេ​ហៅ​ថា សម​យុទ្ធ​ពស់​វែក​មាស នៅ​ឆ្ងាយ​ទេ...។ សម​យុទ្ធ​នេះ គឺ​ជា​ទាហាន​ប្រចាំ​តំបន់​របស់​វា​បាញ់​គ្រាប់​ពិត​កន្លែង​គេ។ មាន​កាំភ្លើង ១០៥  កាំភ្លើង​ត្បាល់ ៨២ កាំភ្លើង ៨១ ហើយ​និង​កាំភ្លើង ១២,៧»
ការ​ធ្វើ​សម​យុទ្ធ​យោធា​របស់​កង​ទាហាន​ថៃ បាន​កើត​មាន​ឡើង​ជា​ច្រើន​លើក​ច្រើន​សា និង​នៅ​ក្រោយ​​ពី​កងទ័ព​ប្រទេស​ថៃ បានច្បាំង​គ្នា​ជាមួយ​កងទ័ព​រដ្ឋាភិបាល​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១១ ថ្មីៗ​នេះ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយសារ​ជម្លោះ​ព្រំដែន។
សម​យុទ្ធ​ខាង​ផ្នែក​យោធា​របស់​ភាគី​ថៃ ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​ខ្លះ​មើល​ឃើញ​ថា ជា​ការ​បង្ហាញ​សាច់​ដុំ​ខាង​ផ្នែក​យោធា។ ទោះ​យ៉ាង​ណា ប្រទេស​កម្ពុជា បច្ចុប្បន្ន​បាន​កំពុង​ស្វះស្វែង​រក​កិច្ច​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ កម្ពុជា-​ថៃ ជា​ស្ថាពរ និង​អចិន្ត្រៃយ៍។
នៅ​ក្នុង​បទ​អន្តរាគមន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កុម្ភៈ នៅ​ឯ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​ប្រកាស​ស្វាគមន៍​ឲ្យ​បណ្ដាល​ប្រទេស​អាស៊ាន បញ្ជូន​កង​កម្លាំង​ចុះ​ទៅ​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ដែល​មាន​ជម្លោះ។
ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ទាហាន​ថៃ នៅ​តែ​បន្ត​លួច​ឆ្មក់​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ៖ «សូម្បី​តែ​យប់​ម្សិលមិញ (១៥ កុម្ភៈ) បាញ់​អត់​ឈប់ ហើយ​មក​ចោទ​កម្ពុជា អា​គប់​គ្រាប់បែក​ទៅ​វា​ត្រឡប់​ចូល​បន្ទាយ​ខ្លួន​ឯង​របួស ក៏​កំហុស​របស់​កម្ពុជា បើ​អ៊ីចឹង​ត្រូវ​មាន​បែប​បទ​ឈប់​បាញ់​គ្នា​ដែល​កម្ពុជា ស្នើ​មាន ៤​ចំណុច»
សេចក្ដី​ព្រាង​ទាំង ៤​ចំណុច ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដាក់​ជូន​ទៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ខាង​មុខ​នេះ គឺ​ទី​១ កម្ពុជា-​ថៃ ព្រមព្រៀង​គ្នា​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ និង​អចិន្ត្រៃយ៍ ទី​២ រក្សា​ស្ថានភាព​ដដែល​នៃ​ទីតាំង​ឈរ​ជើង​នៃ​កង​កម្លាំង​រៀងៗ​ខ្លួន មិន​ចល័ត​កម្លាំង មិន​បំពាន​គ្នា រង់ចាំ​រហូត​មាន​ដំណោះស្រាយ​ជា​ស្ថាពរ​លើ​ការ​បោះ​បង្គោល​ព្រំដែន ទី​៣ លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ទាំង​ពីរ កម្ពុជា-​ថៃ ឲ្យ​មេបញ្ជាការ​ជួរ​មុខ​សហការ​គ្នា​ដើម្បី​រក្សា​ស្ថិរភាព​តាម​ព្រំដែន និង​ទី​៤ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​បទ​ឈប់​បាញ់​គ្នា ភាគី​ទាំង​ពីរ​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ដោយ​បណ្ដា​ប្រទេស​អាស៊ាន៕

No comments:

Post a Comment