ព័ត៌មានថ្មីៗ 12:02:22, 21 February 2011
នៅសប្តាហ៍នេះ ក្រុមហ៊ុនអាន ម៉ារ៉ាឌី ជាក្រុមហ៊ុនដាំដំណាំកៅស៊ូបាន ចុះឈូសឆាយ ចម្ការដំឡូងមីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្រស់ស្រុករមាសហែក ខេត្តស្វាយរៀង។
ការឈូសឆាយដោយគ្រឿងចក្រនេះ កើតមានការប្រទាញប្រទង់គ្នារហូតដល់មានប្រជាពលរដ្ឋរងរបួសនិងសន្លប់។
លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍ជូនលោកអ្នកនាងពីរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថាប្រជាពលរដ្ឋរាប់សិបនាក់បានចុះទៅការពារដំណាំរបស់
ពួកគាត់ប្រឆាំងនឹងគ្រឿងចក្រ តទល់ជាមួយដំបងឆក់របស់កងកម្លាំងប្រដាប់អាវុធ។ ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះបាននិយាយថា មានជនរងគ្រោះនៅក្នុង
ព្រឹត្តិការណ៍នោះ។
(សំឡេងប្រជាពលរដ្ឋ)
ប្រជាពលរដ្ឋបានឲ្យដឹងថា គ្រឿងចក្រចំនួនប្រមាណ១០គ្រឿងបានចុះឈូសឆាយ
បំផ្លាញដំណាំចេក ស្វាយ ហើយភាគច្រើនជាដំណាំដំឡូងមី។
កសិករមិនហ៊ានបញ្ចេញឈ្មោះបាននិយាយថា គាត់បានមករស់នៅនិងធ្វើដំណាំ
ចម្ការនៅទីនោះ តាំងពីឆ្នាំ២០០០មក។
ដូច្នេះប្រជាពលរដ្ឋបានចុះតស៊ូជាមួយកម្លាំងប្រដាប់អាវុធដោយសោកស្តាយចំពោះ
ផលដំណាំរបស់ពួកគាត់ដែលជាប្រភពចំណូលទ្រទ្រង់ជីវភាពរបស់ពួកគាត់។
(សំឡេងស្រ្តី)
វិទ្យុអូស្រ្តាលីមិនអាចទាក់ទងក្រុមហ៊ុនដាំកៅស៊ូ ដើម្បីសុំការអត្ថាធិប្យាយបានទេ។
តែទោះជាយ៉ាងនេះក្តី លោក ពៅ សាវង់ មេឃុំត្រស់បានប្រាប់វិទ្យុអូស្រ្តាលីថា ប្រជា
ពលរដ្ឋ៥ភូមិនៅក្នុងឃុំរបស់គាត់មានការពាក់ពន្ធ័ក្នុងទំនាស់ដីចម្ការនេះ។ លោក
បានបញ្ជាក់ថា ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋាភិបាលដើម្បីវិនិ
យោគដំណាំកៅស៊ូ។ (សំឡេងលោកមេឃុំ)
យោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ការឈូសឆាយបានផ្អាកហើយ ដោយ
មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តស្វាយរៀង។
សូមបញ្ជាក់ថាការការផ្អាកនេះ គឺជាការពន្យារពេលដើម្បីទុកឱកាសឲ្យដំឡូងមី
ធំអាចប្រមូលផលនៅខែមីនាខាងមុខនេះ។ លោកមេឃុំបានបញ្ជាក់អំពីគម្រោង
ដើម្បីដោះស្រាយទំនាស់នេះ។
(សំឡេងលោកមេឃុំ)
សូមបញ្ជាក់ថា ទីតាំងដីមានទំនាស់នេះ ស្ថិតនៅជាប់ព្រំដែនដីចម្ការកៅស៊ូខេត្ត
កំពង់ចាម ជាដីមានជីជាតិ។ លោកមេឃុំបានបញ្ជាក់ថា ប្រជាពលរដ្ឋចង់ឲ្យមាន
ការដោះស្រាយឲ្យគាត់បានដីនៅទីនេះ ប៉ុន្តែលោកមេឃុំបានបញ្ជាក់ថា វាជាការ
សម្រេចពីថ្នាក់លើ៕
(របាយការណ៍ដោយសរ សុវណ្ណារ៉ា)
No comments:
Post a Comment