Friday, February 18, 2011

គ្មាន​ដំណឹង​អំពី​​តំណាង​យូណេស្កូ​មក​ពិនិត្យ​ប្រាសាទ​ព្រះវិហារ

 

2011-02-17
មក​ដល់​ពេល​នេះ គេ​មិន​ទាន់​មាន​ដំណឹង​ថា ​តើ​បេសកជន​របស់​អង្គការ​យូណេស្កូ (UNESCO) នឹង​ចូល​ទៅ​ពិនិត្យ​ការ​ខូច​ខាត​នៃ​ប្រាសាទ​ព្រះវិហារ ឬ​ក៏​អត់​ទេ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា គេ​ពុំ​មាន​ឃើញ​សញ្ញា​ណា​មួយ​ថា បេសកជន​នៃ​អង្គការ​យូណេស្កូ នឹង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​ចូល​ទៅ​ពិនិត្យ​ក្រោយ​ការ​បំផ្លិច​បំផ្លាញ​នោះ​ឡើយ បើ​ទោះ​បី​ជា​មន្ត្រី​កំពូល​ៗ របស់​ថៃ​ព្យាយាម​ហាម​ប្រាម​មិន​ឲ្យ​ចូល​ទៅ​តំបន់​នោះ​ក៏​ដោយ។
លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា តំណាង​របស់​អង្គការ​យូណេស្កូ​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ដោយ​សារ​ការ​បំផ្លាញ​មក​លើ​ប្រាសាទ គឺ​ជា​ការ​បំផ្លាញ​សម្បត្តិ​វប្បធម៌​របស់​ពិភព​លោក ប៉ុន្តែ​គេ​នៅ​មិន​អាច​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​បាន​នៅ​ឡើយ​ទេ ៖ "មិន​មាន​សក្ដានុពល​នៃ​ការ​ជំទាស់​នោះ​ទេ ពី​ព្រោះ​ថា​គេ​មិន​ស្ដាប់​ថៃ​ទេ។ ពី​ព្រោះ​រឿង​ប្រាសាទ​ព្រះវិហារ ជា​រឿង​ដាច់​ដោយ​ឡែក ដីធ្លី​ព្រំដែន ហើយ​ចំណុច​ទី​២ ជា​រឿង​វប្បធម៌ ដែល​ពិភព​លោក​គេ​ត្រូវ​តែ​មក​មើល មក​វាយ​តម្លៃ​ជា​ការ​ងារ​ដែល​គេ​ហៅ​ថា ​កាតព្វកិច្ច​របស់​អង្គការ​យូណេស្កូ ដែល​ជា​អង្គការ​ពិភព​លោក"
ការ​អះអាង​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​នាយក​ខុទ្ទកាល័យ​របស់​ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប៉ានីតាន វ៉ាត់​តា​នា​យ៉ា​កន (Panitan Watanayagorn) បាន​និយាយ​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​ទៅ​ថា លោក អាភីស៊ិត នឹង​ទទួល​ស្វាគមន៍​តំណាង​ពិសេស​របស់​អង្គការ​យូណេស្កូ ដែល​នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ផ្លាស់​ប្ដូរ​វប្បធម៌ ប៉ុន្តែ​នឹង​មិន​យល់​ព្រម​ចំពោះ​ការ​ចាត់​បញ្ជូន​នូវ​ក្រុម​ណា​មួយ ដើម្បី​ចូល​ទៅ​ស្រាវជ្រាវ​នៅ​ប្រាសាទ​ព្រះវិហារ ក្នុង​ពេល​នេះ​បាន​ឡើយ។
លោក ហ៊ុន សែន នៅ​ថ្ងៃ​ដដែល​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​វិមាន​សន្តិភាព ដោយ​ហៅ​អ្នក​ការ​ទូត​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) ថា ​អ្នក​ការ​ទូត​អន្ទង់ ពូកែ​ត្បុល​ជាង​ត្រី​ឆ្លូញ គ្មាន​ជំហរ​ពិត​ប្រាកដ កំពុង​តែ​ប្រឆាំង​នូវ​យន្តការ​ដោះ​ស្រាយ​របស់​អន្តរ​ជាតិ សូម្បី​តែ​ការ​សុំ​ពិនិត្យ​បញ្ហា​ប្រាសាទ​ព្រះវិហារ ហើយ​ការ​ហាម​ប្រាម​នេះ​មិន​អាច​រារាំង​បាន​ឡើយ ៖ "យើង​មិន​មែន​ចូល​ភាគី​ ទី​៣ ចូល​គ្រប់​តែ​រឿង​នោះ​ទេ ហើយ​ប្រាសាទ​ព្រះ​វិហារ​ក៏​ត្រូវ​ភាគី​ទី​៣ ចូល​រួម ព្រោះ​ប្រាសាទ​ព្រះវិហារ​លែង​ជា​របស់​កម្ពុជា​ម្នាក់​ឯង​ហើយ។ មាន​សិទ្ធិ​អ្វី​ទៅ​ហាម​ឃាត់ UNESCO បេសកកម្ម​មក​កាន់​ប្រាសាទ​ព្រះវិហារ តើ​នេះ​ជា​ដី​របស់​ថៃ ឬ​យ៉ាង​ម៉េច?"
នៅ​គ្រា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​បាន​សម្ដែង​ការ​ ខឹង​សម្បា​លាយ​ជា​មួយ​ការ​មិន​ទុក​ចិត្ត​បេសកកម្ម​នេះ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​តែ​មាន​សង្ឃឹម​ថា UNESCO នឹង​មិន​លះ​បង់​ការ​ពិនិត្យ​ប្រាសាទ​នោះ​ឡើយ។
អគ្គ​លេខាធិការ​រាជ​បណ្ឌិត​សភា លោក​បណ្ឌិត ស៊ុំ ឈុំប៊ុន គិត​ថា​ តំណាង​យូណេស្កូ​ ប្រហែល​មិន​ធ្លាក់​ក្នុង​ការ​គំរាម​របស់​ថៃ​នោះ​ឡើយ ៖ "ទឡ្ហីករណ៍ ​របស់​ថៃ វា​គិត​ថា​អ៊ីចឹង វា​ថា​អាឹង​ដី​វា អ៊ីចឹង​បាន​ជា​មាន​គំរាម​យូណេស្កូ។ គំរាម​ថា​ កុំ​មក ​ពី​ព្រោះ​អា​ហ្នឹង​ជា​ដី​គេ ហើយ​ម្យ៉ាង​ទៀត គេ​គិត​ថា កំពុង​តែ​មាន​សង្គ្រាម​ អ៊ីចឹង​មិន​គួរ​ថា ​មក​ឆាប់​ទេ"
លោក​បណ្ឌិត ធុយ ចាន់​ធួន អ្នក​ស្រាវជ្រាវ​វត្ថុ​បូរាណ​ខ្មែរ​បញ្ជាក់​បន្ថែម ៖ "សុំ ​ឲ្យ​យូណេស្កូ​ធ្វើ​ការ​ឲ្យ​ម៉ឺងម៉ាត់​មែន​ទែន ជា​ពិសេស​យូណេស្កូ​ខ្មែរ សូម​ឲ្យ​ធ្វើ​ការ​ជា​មួយ​យូណេស្កូ​នៅ​ប៉ារីស ហើយ​ធ្វើ​ម៉េច​យើង​ប្រើ​អំណាច​របស់​អង្គការ​សហ​ប្រជា​ជាតិ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​យើង។ យើង​កុំ​ស្ដាប់​ភាគី​ជម្លោះ"
កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​ទៅ អតីត​អគ្គ​នាយក​អង្គការ​យូណេស្កូ លោក កូជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា (Koichiro Matsuura) ត្រូវ​បាន​គេ​តែង​តាំង​រួច​ហើយ ជា​បេសកជន​ពិសេស​នៃ​ប្រាសាទ​ព្រះវិហារ ហើយ​លោក​នឹង​អញ្ជើញ​មក​ដល់​ក្រុង​បាងកក និង​ក្រុង​ភ្នំពេញ ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។
ការ​តែង​តាំង​លោក កូជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​របស់​អង្គការ​យូណេស្កូ ដែល​គេ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោយ​ពី​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា លោក សុខ អាន បាន​ទទូច​ទាមទារ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក និង​អង្គការ​យូណេស្កូ ផ្ដល់​នូវ​ជំនួយ​បន្ទាន់ ដើម្បី​ការ​ពារ​ប្រាសាទ​ព្រះវិហារ ដែល​កំពុង​ប្រឈម​មុខ​ចំពោះ​ការ​ខូច​ខាត​ធ្ងន់ធ្ងរ ដោយ​សារ​តែ​ការ​បាញ់​ផ្លោង​របស់​កង​ទ័ព​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ។
អ្នក​ស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ថ្លែង​ថា លោក កូជីរ៉ូ ម៉ាត់ស៊ូអូរ៉ា នឹង​អញ្ជើញ​មក​កាន់​ក្រុង​ភ្នំពេញ និង​ក្រុង​បាងកក ដើម្បី​ពិភាក្សា​ថា តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការពារ​តំបន់​បេតិកភណ្ឌ​ពិភព​លោក។ លោក​នឹង​ធ្វើ​ការ​ជា​មួយ​ភាគី​ទាំង​ពីរ ដើម្បី​បន្ថយ​នូវ​ភាព​តានតឹង ហើយ​នឹង​ជំរុញ​ការ​ជជែក​ជុំវិញ​ការ​ថែ​រក្សា​ប្រាង្គ​ប្រាសាទ។
ជុំវិញ​បញ្ហា​នេះ កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ ​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​ធន​ធាន​ធម្មជាតិ​របស់​ថៃ ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​ចូល​រួម​ប្រជុំ​អំពី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ ​ខាង​មុខ​នេះ នៅ​ប្រទេស​បារាំង ហើយ​ប្រទេស​ថៃ នឹង​ស្នើ​ម្តង​ទៀត​ឲ្យ​ផ្អាក​ចំពោះ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ក្នុង​ បេតិកភណ្ឌ​ពិភព​លោក៕

No comments:

Post a Comment