Wednesday, February 23, 2011

កម្ពុជា​សាទរ​ចំពោះ​ដំណោះស្រាយ​របស់​អាស៊ាន​លើ​បទ​ឈប់​បាញ់


2011-02-24
ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​សម្ដែង​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ការបរទេស​អាស៊ាន នៅ​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ដោយ​ប្រធាន​អាស៊ាន បាន​សម្រេច​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ឈប់​បាញ់​គ្នា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។
RFA/Sok Serey
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១១
ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​អាស៊ាន គឺ​ប្រទេស​ឥណ្ឌូណេស៊ី បាន​សម្រេច​បញ្ជូន​អ្នក​សង្កេតការណ៍​ចំនួន​ប្រមាណ ៣០​នាក់ មក​ឃ្លាំ​មើល​បទ​ឈប់​បាញ់​នេះ។ អ្នក​សង្កេត​ការណ៍​ទាំង​នោះ​គ្មាន​អាវុធ​ទេ គឺ​មក​ឃ្លាំ​មើល​បទ​ឈប់​បាញ់​នេះ​រហូត​ដល់​មាន​ដំណោះស្រាយ​ជាក់លាក់​មួយ​ រវាង​កម្ពុជា និង​ថៃ។
ប្រទេស​ឥណ្ឌូណេស៊ី មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ទ្បើយ​ទេ ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​ឈរ​ជើង​នៅ​ភាគី​ជម្លោះ​ទាំង​សង​ខាង។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ហោ ណាំហុង បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ៖ «ចំណុច ​ទី​៣​នៃ​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​ទី​២២​នេះ គឺ​គេ​អំពាវនាវ​ឲ្យ​ភាគី​កម្ពុជា និង​ភាគី​ថៃ ធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ទ្បើង​វិញ នេះ​ខ្ញុំ​សូម​បញ្ជាក់ ទ្វេ​ភាគី​នេះ ដែល​ភាគី​ថៃ ចង់​បាន​បំផុត ដូច្នេះ​យើង​ឲ្យ​ទៅ​ចុះ។ ប៉ុន្តែ​ទ្វេ​ភាគី​នេះ មាន​ចំណង​របស់​វា គឺ​ត្រង់​ថា មាន​ការ​ចូល​រួម​ពាក់ព័ន្ធ​របស់​ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន។ រាល់​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ក្ដី រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្តី គណៈកម្មការ​ព្រំដែន​ក្តី ទាល់​តែ​មាន​វត្តមាន​របស់​អាស៊ាន​ចូល​រួម ប្រធាន​អាស៊ាន​ចូល​រួម ចូល​រួម​អង្គុយ​តុ​ជាមួយ​គ្នា ៣​នាក់ ប្រជុំ​ជាមួយ​គ្នា​ក៏​បាន ឬ​អង្គុយ​បន្ទប់​ដោយ​ទ្បែក​មួយ​ទៀត​ក៏​បាន ប៉ុន្តែ​រាល់​ការ​ព្រមព្រៀង​ត្រូវ​មាន​ការ​បញ្ជាក់​ពី​ប្រធាន​អាស៊ាន»
លោក ហោ ណាំហុង បាន​បញ្ជាក់​ថា កិច្ច​ចរចា​ទ្វេ​ភាគី​របស់​គណៈកម្មការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា និង​ថៃ មិន​ទាន់​ចាប់​ផ្ដើម​បាន​ទេ បើ​សិន​កិច្ច​ព្រមព្រៀង​ចំនួន ៣​ចំណុច​ដែល​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ មិន​ត្រូវ​សភា​ថៃ ផ្ដល់​សច្ចាប័ន​ទេ​នោះ។
អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​អាស៊ាន​នេះ មិន​មែន​ជា​ដំណោះស្រាយ​យូរ​អង្វែង​ទេ ៖ «អាស៊ាន​ដើរ​តួ​សំខាន់​ហ្នឹង គឺ​នាំ​ឲ្យ​ថៃ ចូល​ទៅ​តុលាការ​នៅ​ក្នុង​ទីក្រុង​ទ្បាអេ ដើម្បី​មក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ ហ្នឹង​បាន​មាន​ដំណោះស្រាយ បើ​មិន​ដូច្នោះ​ទេ ដំណោះស្រាយ​នេះ គឺ​ហាក់​គ្រាន់តែ​បន្ធូរ​ពេល​ឲ្យ​ថៃ រៀបចំ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន និង​ពន្យារ​បញ្ហា​របស់​ថៃ តែ​ប៉ុណ្ណឹង​ទេ វា​អត់​មាន​ដំណោះស្រាយ​ទេ»
កាសែត​ថៃ​ឈ្មោះ បាងកក ប៉ុស្ត៍ (Bangkok Post) បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋមន្រ្តី​ការបរទេស​ថៃ  លោក កាស៊ីត ភិរម្យ (Kasit Piromya) បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ដំណោះស្រាយ​របស់​អាស៊ាន លើ​បទ​ឈប់​បាញ់​គ្នា​នេះ​ដែរ។
ប្រទេស​កម្ពុជា មាន​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ទ្បាអេ ប្រទេស​ហុល្លង់ ដើម្បី​ឲ្យ​មាន​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​បាន​កាត់​សេចក្ដី​ថា ប្រាសាទ​ព្រះវិហារ​នៅ​លើ​ទឹក​ដី​កម្ពុជា ប្រឆាំង​នឹង​ភាគី​ថៃ៕

No comments:

Post a Comment