ដោយ សួន សុផលមុន្នី
2011-02-23
ប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី២២ កុម្ភៈ បានស្វាគមន៍ចំពោះការដែលប្រទេសឥណ្ឌូណេស៊ី មានគម្រោងបញ្ជូនអ្នកសង្កេតការណ៍មកតាមដានសភាពការណ៍តានតឹងផ្នែក យោធានៅតំបន់ជម្លោះព្រំដែន។
ប្រជាពលរដ្ឋខ្មែរនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បាននាំគ្នាជីកលេណដ្ឋាន
លោក ប៊ុន ស៊ីណាត អ្នកភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អ្នកភូមិរស់នៅតំបន់ជាយដែនមានការធូរស្រាលច្រើន ដោយសារពួកគាត់ទទួលបានព័ត៌មានទូលំទូលាយ ហើយអ្នកភូមិភៀសខ្លួនជាច្រើននាក់ បានវិលចូលទៅកាន់លំនៅឋានវិញ ចំណែកការប្រកបរបរចេញចូលទៅក្នុងទឹកដីថៃ ក៏មានសុវត្ថិភាព ពុំមានការឃាត់ពីអាជ្ញាធរថៃទៀតទេ ៖ «ជាទស្សនៈខ្ញុំក៏ដូចបង ប្អូនប្រជាពលរដ្ឋ ចំណុចនេះ យើងចាត់ទុកថា ជាចំណុចសំខាន់។ កន្លងមកប្រជុំនៅហ្សាការតា យើងមានតែទ្វេភាគី អត់មានជនទីបីជាអ្នកអង្កេតនៅលើការចោទប្រកាន់គ្នាទៅវិញទៅមក ថា ភាគីខ្មែររំលោភទៅលើថៃ ថៃរំលោភទៅលើខ្មែរ តែឥឡូវមានការបញ្ជូនក្រុមការងារមកសម្របសម្រួល និងពិនិត្យផ្ទាល់ អាហ្នឹងជាចំណុចមួយដែលខ្ញុំ និងប្រជាពលរដ្ឋចង់បាន ហើយចិត្តរីករាយណាស់ ដែលប្រមុខរាជរដ្ឋាភិបាលបានស្នើសុំរឿងនេះ»។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ នៅក្នុងជំនួបកំពូលរដ្ឋមន្ត្រីការបរទេសជាសមាជិកអាស៊ានទាំង ១០ប្រទេស បានសម្រេចចិត្តបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទៅអង្កេតតាមដាន និងរាយការណ៍អំពីស្ថានភាពជម្លោះកម្ពុជា និងថៃ ដែលប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនជិត ប្រាសាទព្រះវិហារ។ បញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីចំនួន ៤០នាក់នេះ បន្ទាប់ពីកងទ័ពកម្ពុជា និងថៃបានពើបប្រយុទ្ធគ្នាជាលក្ខណៈទ្រង់ទ្រាយធំចំនួន ៤ថ្ងៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១១។
លោក ជិន សាវ៉ន សមាជិកភូមិប្រាសាទត្បែង ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្រោយពីកងទ័ពប្រទេសថៃ និងកងទ័ពប្រទេសកម្ពុជា បានពើបប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតំបន់ប្រាសាទព្រះវិហារ ដោយសារបញ្ហាវិបត្តិជម្លោះព្រំដែន បានធ្វើឲ្យជនស៊ីវិលខ្មែរ និងថៃ ដែលរស់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន មានការភ័យព្រួយ និងជួបការលំបាកយ៉ាងខ្លាំងរយៈពេលកន្លងមក ៖ «បើសិនជាគូសមុខ យក្សដាក់គ្នាហើយ ឃើញគ្នាក៏យ៉ាប់ ហើយកិច្ចប្រជុំនៅហ្សាការតា ប្រធានហ្នឹងគាត់បានយកចិត្តទុកដាក់ចំពោះប្រជាជនខ្ញុំ មានការត្រេកអរជាខ្លាំង ដែលសន្តិសុខបានដូចដើមវិញ»។
លោក ជួប ចាន់ឌី រស់នៅភូមិធម្មជាតិ ឃុំកន្ទួត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារបានមានប្រសាសន៍ថា ទាំងប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃដែរ គឺពួកគេមិនចង់ជួបឡើយ ចំពោះការធ្វើសង្គ្រាមច្បាំងគ្នា។ លោកបន្តថា ប្រជាពលរដ្ឋជាច្រើនពាន់នាក់បានជួបប្រទះនូវការលំបាកយ៉ាងខ្លាំង នៅគ្រាដែលនាំគ្នារត់ភៀសខ្លួនចេញពីលំនៅឋាន បន្ទាប់ពីកងទ័ពប្រទេសថៃបានពើបប្រយុទ្ធគ្នាជាបន្តបន្ទាប់រយៈ កាលកន្លងមក នៅតំបន់ប្រាសាទព្រះវិហារ ៖ «វាលំបាកណាស់ មិនដូចនៅផ្ទះខ្លួនឯង ទោះបីរាជរដ្ឋាភិបាលគាត់ជួយជាអំណោយ ជាស្បៀងយ៉ាងណាក៏មិនដូចនៅផ្ទះខ្លួនឯងទេ នៅតែមានកុះករ ប្រជាពលរដ្ឋច្របូកច្របល់ តែមិនដឹងធ្វើម៉េច វាមានសង្គ្រាម ហើយវាត្រូវតែអ៊ីចឹង»។
លោក រី វី រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ពីការលំបាកនៅពេលដែលគាត់ និងភរិយានាំកូនតូចចំនួន ៦នាក់ ភៀសខ្លួនចេញពីតំបន់ព្រំដែនខ្មែរ-ថៃ នៅក្នុងខេត្តឧត្តរមានជ័យ ដោយការភ័យខ្លាចដូច្នេះថា ៖ «ថ្ងៃដែលចាកចេញនោះ យើងភ័យខ្លាចសង្គ្រាមដែលកើតឡើងផ្ទុះនៅតាមបន្ទាត់ព្រំដែន បានជាខ្ញុំចាកចេញពីលំនៅឋាន ទៅនៅឯទីរួមខេត្តមួយរយៈកាលនោះមានការលំបាកខ្លាំងមែន ព្រោះអីយើងជនខ្សត់ខ្សោយជាទីបំផុត ដែលយើងដឹកជញ្ជូនទៅថ្មើរជើង ខ្លះទៅសុំឡានគេជិះ ខ្លះទៅៗតាមម៉ូតូគេ»។
ប្រជាពលរដ្ឋខ្មែរនៅតំបន់ព្រំដែនក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានថ្លែងថា ក្នុងនាមប្រជាពលរដ្ឋ ពួកគាត់មិនចង់បានអ្វីក្រៅពីសុខសន្តិភាពនោះទេ ជាពិសេសទៅទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរ និងថៃ ដែលជាអ្នករស់នៅតាមតំបន់ព្រំដែនខ្មែរ-ថៃ។ លោក សុន គួច បានមានប្រសាសន៍អំពីវត្តមានរបស់អ្នកសង្កេតការណ៍នៃបណ្ដាប្រទេស អាស៊ានមកកាន់តំបន់ព្រំដែនថៃ-កម្ពុជាយ៉ាងដូច្នេះ ៖ «មានអ្នក អង្កេតការណ៍ទាំងពីរហ្នឹងឯងដែលនៅរង់ចាំមើលទាំងសង្ខាងពិតប្រាកដ មែន វានឹងដឹកការពិតថាផ្ទុះសង្គ្រាម វាកើតឡើង ឬមិនកើតឡើងវាអាស្រ័យលើអ្នកសង្កេតការណ៍ហ្នឹងឯង គាត់ពិនិត្យច្បាស់លាស់ថា ចេញពីប្រភពណាមុន...»។
លោក ស៊ុំ ច័ន្ទគា ប្រធានសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលមានមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ បានបន្ថែមលើការបញ្ជូនអ្នកសង្កេតការណ៍របស់អាស៊ាន មកកាន់តំបន់ប្រាសាទព្រះវិហារថាប្រទេសថៃ និងប្រទេសកម្ពុជា មានអរិយធម៌ប្រហាក់ប្រហែលគ្នា ដូច្នេះហើយ កងទ័ពប្រទេសទាំងពីរមិនគួរបន្តការច្បាំងគ្នាតទៅទៀតនោះឡើយ ៖ «រំងាប់ នៅសង្គ្រាម មិនឲ្យមានអរិយភាពបាញ់គ្នាទៅវិញទៅមក គឺជាការប្រសើរ គឺជាការមួយដ៏ល្អបំផុត ព្រោះថាការដោះស្រាយដោយចុងកាណុងគឺធ្វើឲ្យប៉ះពាល់ភាគីទាំង សង្ខាង ដែលបណ្ដាលឲ្យមនុស្សស្លាប់ យើងគិតថាប្រាសាទព្រះវិហារជារបស់ខ្មែររួចជាស្រេចទៅហើយៗ បើមានបញ្ហារំលោភបំពាន់លក្ខណៈណាមួយ យើងមាននីតិវិធីគ្រប់បែបយ៉ាងទាក់ទងទៅលើការចរចាដោះស្រាយទៅតាម នីតិវិធីដោយចុងប៉ិចវិញ»។
ប្រទេសកម្ពុជា និងថៃ កាលពីថ្ងៃទី២២ កុម្ភៈ បានស្វាគមន៍ចំពោះប្រទេសឥណ្ឌូណេស៊ីក្នុងការបញ្ជូនអ្នកសង្កេតការណ៍ មកតាមដានសភាពការណ៍តានតឹងផ្នែកយោធានៅតំបន់ជម្លោះព្រំដែន នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅមុនកិច្ចប្រជុំអាស៊ានថា ទោះបីជាលទ្ធផលរបស់កិច្ចប្រជុំអាស៊ាន អាចផ្អាកការបាញ់គ្នា ប៉ុន្តែមិនអាចស្វែងរកដំណោះស្រាយព្រំដែនកម្ពុជា និងថៃបាននៅឡើយ។ ដោយសារភាគីទាំងសង្ខាង កម្ពុជា-ថៃ បានប្រើប្រាស់ផែនទីផ្ទុយគ្នាទាក់ទងនឹងតំបន់ជម្លោះ ៤,៦គីឡូម៉ែត្រការេ ក្បែរប្រាសាទព្រះវិហារ។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានបន្តថា ក្រុមអ្នកច្បាប់កម្ពុជាកំពុងរៀបចំឯកសារច្បាប់ដាក់ប្ដឹងទៅតុលាការ យុត្តិធម៌ទីក្រុងឡាអេ ដើម្បីបកស្រាយលើសាលក្រមដែលចុះកាលបរិច្ឆេទ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ទាក់ទងបញ្ហាប្រាសាទព្រះវិហារ និងអធិបតេយ្យភាពកម្ពុជា៕
No comments:
Post a Comment