Thursday, February 17, 2011

ស្ត្រីសស្អាតរត់ចូលគ្លីនិកដេកដួលលើគ្រែមិននិយាយស្តី


ថ្ងៃ សុក្រ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១១
នារីមិន​ស្គាល់ឈ្មោះ រថយន្តរបស់ស្រីស្អាតដែលក្រុមសមត្ថកិច្ចនាំមករក្សាទុក
(រូបថត ចាន់ថេត)
នារីមិន​ស្គាល់ឈ្មោះ
 
ខេត្ត​កំពង់​ចាម ៖ ស្ត្រី​ម្នាក់​​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ ​​មានសម្បុរ​ស អាយុ​ប្រហែល​ជាង​​២០​​​ឆ្នាំ មិន​ដឹង​ថា មាន​ទី​លំនៅ​នៅ​​​ទី​ណា​​ទេ បាន​​បើក​រថយន្ត​ម៉ាក RAV-4 ពណ៌​ទឹ​កប្រាក់ មួយគ្រឿង​​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-9789 មក​ឈប់​នៅ​អែប​ចិញ្ចើម​ថ្នល់ ហើយ​ដើរ​ចូល​មក​ដេក​នៅ​ក្នុង​​គ្លីនិក​ឯក​ជន​មួយ​ ស្ថិត​នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់​ចាម កាល​ពីវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៦ កុម្ភៈ ។ ដោយ​មិន​និយាយ​​ស្តី​រក​គ្រូ​ពេទ្យ ​​ក៏​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​​ខ្លាច​មាន​បញ្ហា​​ ហើយ​​ម្ចាស់​​គ្លីនិក​​បាន​​ទូរស័ព្ទ​​ប្រាប់​​ដល់​អាជ្ញាធរ​ និង​សមត្ថ​កិច្ច​សង្កាត់​កំពង់​ចាម ឱ្យ​មក​ពិនិត្យ​និង​បាន​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​បន្ទាន់​ផង​ដែរ ។
តាម​លោក​ឃុត រុន នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​កំពង់​ចាម  និយាយ​ថា គេ​មិន​ទាន់​​​ដឹង​ថា ស្ត្រី​រូប​នេះ​ជិះ​រថយន្ត​ចេញ​មក​ពី​កន្លែង​​ណា​​ទេ ដោយ​​នៅ​ខាង​ស្តាំ​រថយន្ត​ផ្នែក​ខាង​មុខ​មាន​ស្លាក​ស្នាម​ក្រពឹត​ ដូច​ជា​​ប៉ះ​នឹង​អ្វី​មួយ​ហើយ​​​​ព្យា​យាម​បើក​រថយន្ត​មក​ឈប់​អែប​នឹង​ចិញ្ចើម​ថ្នល់​រួច​​​ចូល​ទៅ​ដេក​លើ​គ្រែ​នៅ​ក្នុង​គ្លីនិក​ឯក​ជន​មួយ​កន្លែង​ស្ថិត​ក្នុង​​ភូមិ-ឃុំ​ខាង​លើ ដោយ​មិន​​និយាយ​​ស្តី​អ្វី​ទាំង​​​អស់ ។ លោក​នាយ​ប៉ុស្តិ៍​​បាន​បន្ត​ថា ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​វរ​សេនីយ៍​ត្រី សំ ផាត អធិ​ការ​​នគរ​បាល​​​ក្រុង​កំពង់​ចាម បាន​ចាត់​ឱ្យ​​រូប​លោក​ដឹក​នាំ​កំលាំង​ក្រោម​ឱវាទ​ចុះ​ទៅ​​ជា​បន្ទាន់​​នៅ​គ្លីនិក​​ឯក​ជន​នោះ​ ក៏​​​​ប្រទះ​ឃើញ​​ស្ត្រី​ម្នាក់​មិន​ស្គាល់​​អត្ត​​សញ្ញាណ​​​ដេក​នៅ​ក្នុង​គ្លី​និក​តែ​ម្នាក់​ឯង ​ដែល​ទំនង​ជា​មាន​នរណា​ម្នាក់​ឱ្យ​នាង​​ផឹក​ថ្នាំ​​អ្វី​ម្យ៉ាង​​ហើយ​​បាន​ជា​រង​​​គ្រោះ​បែប​នេះ ។​ លោក​​សន្និ​ដ្ឋាន​ថា ប្រហែល​ជា​នាង​ព្យា​យាម​​បើក​រថយន្ត​​មក​រក​គ្រូ​ពេទ្យ​ឱ្យ​ជួយ​សង្គ្រោះ​​ ឬ​មួយ​ក៏​យ៉ាង​ណា​នោះ​ទេ ​តែ​ដោយ​ស្ថាន​ភាព​មើល​ទៅ​មាន​លក្ខណៈ​មិន​ស្រួល​ ក៏​ប្រញាប់​ប្រញាល់​បញ្ជូន​មក​កាន់​​មន្ទីរ​​​ពេទ្យ​​ខេត្ត​ជា​បន្ទាន់ ។
តាម​អ្នក​គ្រូ​​ពេទ្យ​ម្នាក់​បាន​ប្រាប់​ថា ខណៈ​ពេល​​មក​ដល់​​មន្ទីរ​ពេទ្យ​ខេត្ត ស្ត្រី​រូប​នេះ​​ដែល​ស្ថិត​ក្នុង​​អារម្មណ៍​​រវើ​រវាយ​និយាយ​ថា ​បុរស​ដែល​បាន​នាំ​នាង​មក​នោះ​ស្អាត​រាង​ខ្ពស់​​ដោយ​និយាយ​លើក​ដៃ​ចុះ​ឡើងៗ​​ក្នុង​​លក្ខណៈ​សប្បាយ​រីក​រាយ​ទៀត​ផង ។ លោក​ឃុត រុន បាន​បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​​ទី​១៧ កុម្ភៈ ស្ត្រី​​រូប​នេះ​នៅ​តែ​មិន​អាច​និយាយ​ប្រាប់​ថា «នាង​មាន​ឈ្មោះ​​អ្វី​ និង​ទីលំនៅ​​នៅ​ទី​ណា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ» ហើយ​នាង​​និយាយ​​មិន​ដឹង​អ្វី​ទាំង​អស់ និង​កំពុង​​តែ​សំរាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត ។ តាម​រយៈ​​កាសែត​​កោះ​សន្តិ​ភាព ​រូប​លោក​ សូម​ឱ្យ​បង​ប្អូន​ណា​ដែល​​មាន​​បាត់​​សមា​ជិក​គ្រួសារ​​ដូច​ដែល​បាន​ជិះ​រថយន្ត​ម៉ាក​ខាង​លើ ​សូម​ទាក់​ទង​មក​កាន់​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ក្រុង​កំពង់​ចាម នឹង​ទទួល​បាន​​​ព័ត៌​មាន​បន្ថែម​ ៕

No comments:

Post a Comment