ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯម៉ូតូរបស់ពួកគេឆេះអស់១កំណាត់មុខ បន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុកពេញទំហឹងក្នុងខណៈពេលកំពុងបើកបរបញ្ច្រាសទិសគ្នា។ ឧប្បត្តិហេតុគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសាលាពេទ្យយោធាភូមិក្រាំងដូនទៃ ខណ្ឌដង្កោ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវប្រភេទ១តោនកន្លះ ពាក់ស្លាកលេខកណ្តាល២A១៥៨៧ បើកបរដោយបុរសឈ្មោះអែក ចន្ថា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកអ្នកជិះម៉ូតូម្នាក់ឈ្មោះពេជ្រ ចិន្តា អាយុ២១ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យសែនសុខ និងម្នាក់ទៀតឈ្មោះហួ ប៉េងសៀ អាយុ២២ឆ្នាំ របួសធ្ងន់ពួកគេមានទីលំនៅក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកម៉ូតូរបស់ពួកគេដែលត្រូវភ្លើងឆេះពេលត្រូវរថយន្តបុកនោះធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល ១J៤៨៤១ ។ ម៉ូតូនេះត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីរថយន្តបុក ប៉ុន្តែត្រូវប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ទើបឆេះខូចត្រឹម១កំណាត់ខាងមុខ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញរថយន្ត និងម៉ូតូធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយរថយន្តបើកក្នុងល្បឿនយ៉ាងលឿនមកពីទិសខាងជើង ចំណែកម៉ូតូជិះគ្នា២នាក់ធ្វើដំណើរមកពីទិសខាងត្បូង លុះទៅដល់ចំណុចខាងលើមានម៉ូតូ១គ្រឿងផ្សេងទៀតបើកឆ្លងផ្លូវចូលទៅសាលាពេទ្យយោធា។ ពេលនោះធ្វើឱ្យរថយន្តហ៊ីយ៉ាន់ដាយវាក់ខំប្រឹងគេចម៉ូតូដែលឆ្លងផ្លូវក៏ជ្រុលទៅ បុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង ហើយម៉ូតូក៏បានឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់ភ្លើងដែលឆេះម៉ូតូនោះ ព្រមទាំងឃាត់ខ្លួនអ្នកបើករថយន្តប្រគល់ឱ្យប៉ូលិស ហើយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ប៉ុន្តែក្រោយមកក៏បានស្លាប់ម្នាក់ដែរ។ រថយន្ត និងម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ចំណែកឯអ្នកបើកបររថយន្តត្រូវបានប៉ូលិសនាំយកទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំកសាងសំណុំរឿង ៕
No comments:
Post a Comment