Friday, February 18, 2011

ខ្មែរ-​ថៃ​សម្ដែង​ភាព​ផ្ទុយ​គ្នា​ជុំវិញ​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់

 

2011-02-18
នាយករដ្ឋមន្រ្តី​កម្ពុជា និង​ថៃ បាន​សម្ដែង​ភាព​ផ្ទុយ​គ្នា​ជុំវិញ​ការ​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ​ជា​បន្ទាន់ ដើម្បី​ធានា​ថា ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បញ្ចប់​ជា​ បន្ទាន់ និង​អចិន្ត្រៃយ៍។
RFA/Hang Savyouth
កងទ័ព​កម្ពុជា ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១១។ កងទ័ព​កម្ពុជា និង​ថៃ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។
ការ​សម្ដែង​ការ​មិន​ចុះ​សម្រុង​គ្នា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កុម្ភៈ បាន​ស្នើ​ឲ្យ​ថៃ ព្រម​ទទួល​យក​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ក្នុង​កិច្ច​ប្រជុំ​របស់​សមាជិក​ អាស៊ាន​ចំនួន ១០​ប្រទេស ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ សប្ដាហ៍​ក្រោយ​នេះ។
លោក ហ៊ុន សែន មាន​បំណង​ចង់​ឲ្យ​ប្រធាន​អាស៊ាន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ធ្វើ​ជា​សាក្សី​នៃ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នេះ។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បដិសេធ​មិន​ទទួល​យក​សំណើ​របស់​លោក ហ៊ុន សែន ដោយ​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​នេះ​វា​មិន​ចាំបាច់។
លោក អាភីស៊ិត បន្ថែម​ទៀត​ថា សម្រាប់​ពេល​នេះ​មិន​មែន​ជា​ពេល​វេលា​ពិភាក្សា​គ្នា​រឿង​បទ​ឈប់​បាញ់​នោះ​ទេ ហើយ​កិច្ច​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី ត្រូវ​តែ​ចាប់​ផ្ដើម​ដោយ​មាន​អាស៊ាន ជា​អ្នក​សម្របសម្រួល។
គម្រោង​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាអចិន្ត្រៃយ៍​មួយ ​រវាង​កងទ័ព​កម្ពុជា និង​ថៃ គឺ​ស្នើ​ឡើង​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដោយ​សុំ​ឲ្យ​ភាគី​ទាំង​សង​ខាង​ត្រូវ​រក្សា​ភាព​អត់ធ្មត់។
សំណើ​​ឲ្យ​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​នេះ គឺ​ក្រោយ​ពី​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ និង​ថៃ ចំនួន ៤​ថ្ងៃ កាល​ពី​ដើម​ខែ​កុម្ភៈ រួច​មក ប៉ុន្តែ​ការ​ផ្ទុះ​អាវុធ​នេះ បាន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ៕

No comments:

Post a Comment