ថ្ងៃ សុក្រ ទី ៤ ខែ មិនា ឆ្នាំ ២០១១
យល់ដឹង ៖ បណ្តាអ្នកវិទ្យាសាស្រ្តបានអះអាងថាការទទួលទានផ្លែប៉េងប៉ោះអាចជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីក ជំងឺបេះដូងនិងការពុកឆ្អឹង។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះដែលចំអិនរួចឬក៏កែឆ្នៃទុកបានយូររឹតតែមានគុណប្រយោជន៍ល្អជាងទទួលទានឆៅទៅទៀត។ អ្នកស្រាវជ្រាវរបស់អាមេរិកបានរកឃើញថាបន្លែដែលសម្បូរទៅដោយទឹកដូចជាផ្លែប៉េងប៉ោះនេះជាប្រភពដ៏សំខាន់បំផុតរបស់របបអាហារព្រោះមានប្រឆាំងអុកស៊ីដកម្មដ៏ខ្លាំងបំផុតឈ្មោះលីកូប៉ែន(Lycopene)។ ក្រុមអ្នកវិទ្យាសាស្រ្តនៅមជ្ឈមណ្ឌលអាហារនិងសុវត្ថិភាពជាតិក្នុងរដ្ឋអុីលីណយសហរដ្ឋអាមេរិកបាននិយាយថា អាហារប៉េងប៉ោះផ្ទុកទៅដោយយន្តការការពារដែលអាចជួយទប់ស្កាត់ការរលាកនិងដុំឈាមកក។
វេជ្ជបណ្ឌិតប្រ៊ីដ បឺតុននិងវេជ្ជបណ្ឌិតគ្រីស្ទីន រេម័រដែលជាប្រភពដើមនៃការអះអាងបាននិយាយថា៖«ការលេចចេញឥទ្ធិពលវិទ្យាសាស្រ្តអំពីផ្លែប៉េងប៉ោះ និងផលិតផលកែច្នៃពីប៉េងប៉ោះអាចជាយុទ្ធសាស្រ្តដ៏សាមញ្ញ និងមានប្រសិទ្ធិភាពក្នុងការជួយជំរុញឲ្យមនុស្សបង្កើនការទទួលទានបន្លែ ដែលជាកត្តានាំទៅរកការកែលំអការទទួលទានដើម្បីសុខភាពល្អប្រសើរឡើង។ ការស្រាវជ្រាវលើកនេះបានគូសបញ្ជាក់ពីទំនាក់ទំនងរវាងការទទួលទានផ្លែប៉េងប៉ោះនិងការកាត់បន្ថយជំងឺមហារីក ជំងឺបេះដូង រួមនិងជំងឺដទៃទៀត» ។ វេជ្ជបណ្ឌិតទាំងពីររូបខាងលើយល់ថា លទ្ធផលនៃការរកឃើញលើកនេះ គឺជាភស្តុតាងដែលបានលើកឡើងពីលទ្ធភាពវិលមករកការទទួលទានប៉េងប៉ោះដើម្បីទទួលបានផលប្រយោជន៍អាហារបំប៉នរាងកាយ៕