ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត បូព៌ា)
មេព្រៃស្រុកបាណន់ សហការជាមួយប៉េអឹមស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើមូលបានចំនួន៩គ្រឿង
ខេត្តបាត់ដំបង ៖ មេព្រៃស្រុកបាណន់ សហការជាមួយប៉េអឹមស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើមូលបានចំនួន ៩គ្រឿង កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ លើដងផ្លូវមួយក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ក្រុងបាណន់។ មន្ត្រីព្រៃឈើនិយាយថា ការដឹកឈើរបស់កសិករទាំងនេះ គឺជាការល្មើសច្បាប់ ព្រោះពួកគាត់គ្មានលិខិតអនុញ្ញាត បើទោះជាប្រភេទអនុផលព្រៃឈើក្តី។ ឈើទាំងនោះមិនមែនជាឈើប្រណីតទេ តែជាឈើចំរុះដែលគេកាប់នៅតាមចំការនៅតំបន់ស្រុកសំឡូត។ ឈើមួយចំនួនក្លាយជាអុសទៅហើយ។ ឈើមូលទាំងនោះមានទំហំមុខកាត់ពី៤តឹក ទៅ៧តឹក។
ម្ចាស់គោយន្តដឹកឈើនិយាយថា ពួកគាត់រស់នៅស្រុកថ្មគោល ហើយបានទៅដឹកឈើចេញពីតាមចំការអ្នកស្រុកនៅចំណុចស្ទឹងតូច ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត។ ឈើទាំងនេះជាកាកសំណល់របស់ម្ចាស់ចំការនីមួយៗដែលគេបំរុងដុត បំផ្លាញចោល ប៉ុន្តែពួកគាត់បានស្នើសុំប្រមូលយកទៅធ្វើគ្រឿងផ្ទះ ជាថ្នូរនឹងការដោះដូរស្បៀងបន្តិចបន្តួចដល់ម្ចាស់ចំការ។ ក្រោយពីពិនិត្យប្រភេទឈើទាំង៩គោយន្តនោះរួចមក មន្ត្រីព្រៃឈើបានដោះលែងចំនួន៣គោយន្ត ដោយសំអាងថា ជាប្រភេទអុស ប៉ុន្តែឈើមូលចំនួន៦គោយន្តទៀតត្រូវបានឃាត់ទុកបណ្តោះអាសន្ន។
លោកកត បូរ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបាណន់ត្រូវគេស្រង់សំដីថា «ឈើទាំងនេះត្រូវបានឃាត់ទុកចំនួន៦គោយន្ត ហើយ៣គោយន្តទៀតយើងដោះលែង ព្រោះឈើទាំងនោះជាអុសសុទ្ធសាធ។ ឈើមូលចំនួន៦គោយន្តនោះជាប្រភេទឈើល្អចំនួនជិត២០ដើម ក្នុងនោះមានគុណភាពល្អ១៤ដើម។ ឈើទាំងអស់យើងត្រូវរឹបអូស រីឯម្ចាស់ និងគោយន្តប្រហែលជាដោះលែង ប៉ុន្តែពួកគេត្រូវផាកពិន័យជាប្រាក់បន្ថែម ឬចាត់ការយ៉ាងណានោះគឺរង់ចាំឆ្លងយោបល់មេកោយសិន»។ បច្ចុប្បន្នព្រៃឈើនៅតំបន់នោះនៅតែរងការបំផ្លាញនៅឡើយ៕
No comments:
Post a Comment