Thursday, February 24, 2011

កម្មករសំណង់​ម្នាក់​ត្រូវចរន្ត​អគ្គិសនី​ឆក់​របួសធ្ងន់​ក្នុង​ការ​​ដ្ឋាន​សំណង់



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
បុរសរង​គ្រោះដោយសារចរន្តអគ្គិសនីឆក់
(រូបថត​​ ប៊ុនរី)
បុរសរង​គ្រោះដោយសារចរន្តអគ្គិសនីឆក់
 
រាជធានីភ្នំពេញ​ ៖ បុរសកម្មករ​សំណង់​​ម្នាក់​បាន​ត្រូវ​​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​យក​មក​ មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត ​បន្ទាប់​ពី​បុរស​នោះ​ត្រូវ​ចរន្ត​​អគ្គិស​នី​​​ឆក់​​​ពេល​​កំពុង​ កាន់ម៉ូទ័រ​អារ​ឈើ​នៅ​ក្នុង​ការ​ដ្ឋាន​​សំណង់​មួយ​លើ​កំណាត់​ផ្លូវ​​លេខ៧០ ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ ​កាលពី​​វេលា​​ម៉ោង​​១និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី២៣ ​កុម្ភៈ ​បណ្តាល​ឱ្យ​រង​​របួស​​​យ៉ាង​​ធ្ងន់ធ្ងរ​ ។
មិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា  បុរសរង​គ្រោះដោយសារចរន្តអគ្គិសនីឆក់នេះ​ឈ្មោះស៊ុន ស៊ាប អាយុ៣១ឆ្នាំ មានស្រុក​កំណើតនៅភូមិ​ដូនដោក ឃុំជាច​ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​ មករាជធានី​ភ្នំពេញធ្វើ​ជាកម្មករ​សំណង់​នៅការ​ដ្ឋាន​សំណង់ខាង​លើ​ ។ មុនពេលកើតហេតុជន​រងគ្រោះបានកាន់ម៉ូទ័រអារឈើ ខណៈដែល​កំពុង​តែអារនោះគាត់​បាន​យកដៃទៅកាន់ដែក​បណ្តាល​​ឱ្យឆក់ដួលប្រកាច់​ សន្លប់តែម្តង ​ហើយ​​ក៏​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើលដល់កម្មករនាំគ្នា​សែង​​គាត់​ ពីជាន់ទី១ចុះមកដីរួច​លើក​ដាក់លើម៉ូតូ​បញ្ជូន​​ទៅ​កាន់​ មន្ទីរពេទ្យកាល់ម៉ែតដេីម្បីសង្គ្រោះ​​ជីវិត​ ។
តាម​​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ជនរង​គ្រោះ​ទើប​តែមកធ្វើការនៅការ​ដ្ឋានសំណង់ខាង​លើបាន​រយៈពេល១០ថ្ងៃប៉ុណ្ណោះ ​ក៏ជួបគ្រោះ​ថ្នាក់​​ត្រូវ​ចរន្តអគ្គិសនីឆក់បែបនេះ ហើយ​បុរស​រងគ្រោះ​​រូបនេះ​មានប្រពន្ធធ្វើការនៅរោងចក្រ​កាត់ដេរ និងមានកូនម្នាក់​ផងដែរ ។​ គ្រូពេទ្យបានខ្សឹបប្រាប់​ឱ្យដឹងថា ជនរង​គ្រោះ​ឈ្មោះស៊ុន ស៊ាប ​ រូបនេះ​កំពុងត្រូវបាន​សង្គ្រោះ​បន្ទាន់ ព្រោះត្រូវ​ចរន្តអគ្គិសនីឆក់ខ្លាំង​បណ្តាលឱ្យប៉ះពាល់​ដល់បេះដូងធ្ងន់ធ្ងរ ​ហើយ​ពេលនេះគ្រូពេទ្យកំពុង​តែធ្វើការតាម​​ដាន​បន្ត​ទៀត ៕

No comments:

Post a Comment