Tuesday, February 22, 2011

ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​កម្ទេច​មី​ និង​កាក​សំណល់​វត្ថុ​រាវ


ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​កម្ទេច​មី​ និង​កាក​សំណល់​វត្ថុ​រាវ​
(​រូបថត រក្សា​)
ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បង្ក្រាប​រថ​យន្ត​ដឹក​កម្ទេច​មី​ និង​កាក​សំណល់​វត្ថុ​រាវ​
 
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កាល​ពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២១ កុម្ភៈ កម្លាំង​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត ​​សហ​ការ​ជាមួយ​កម្លាំង​ប៉ូលិស​នៃ​នាយក​ដ្ឋាន​​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​ កិច្ច​ បាន​ចាប់​ឃាត់​​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់​ ពណ៌​ទឹក​ប៊ិច ស៊េរី​៩២ ពាក់​ស្លាក​លេខភ្នំពេញ២​G១៤៧១ ដែល​មាន​ដឹក​កាក​សំណល់​កម្ទេច​មី​ និង​កាក​សំណល់​វត្ថុ​រាវ​ពណ៌​ខ្មៅ​សង្ស័យ​មាន​សារ​ធាតុ​​អាស៊ីដ​។ ការ​ឃាត់​ចាប់​រថ​យន្ត​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៣​ ស្ថិត​ក្នុង​ភូមិ​កំពង់​ស្វាយ​ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​។
តាម​ប្រភព​ពី​លោក​វរ​សេនីយ៍​ត្រី​ចាប​ សុផា​ឫទ្ធិ​ នាយការិ​យា​ល័យ​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បាន​ឱ្យ​ដឹង​ថា ម្ចាស់​រថ​យន្ត​ខាង​លើ​ដែល​​ត្រូវ​ឃាត់​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ខេត្ត​នោះ​ ឈ្មោះ​សេន ណូ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​សែសិ​ន សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ និង​អ្នក​បើក​បរ​ឈ្មោះ​ទិត្យ នឿន ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ នៅ​ភូមិ​កំពង់​ស្វាយ​ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​។ បើ​តាម​ការ​សាក​សួរ​ពី​អ្នក​បើក​បរ​ និងម្ចាស់​រថ​យន្ត​បាន​អះ​អាង​ថា ទំនិញ​ទាំង​អស់​នេះ គឺ​ពួក​គដឹក​​ចូល​មក​​ពី​ប្រទេស​សៀម​តាម​ច្រក​របៀង​ប៉ុស្តិ៍​​លេខ​១០​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត​ ប៉ុន្តែ​ពួក​គេ​មិនប្រាប់​ឈ្មោះ​ម្ចាស់​ទំនិញ​ផ្ទាល់​នោះ​ទេ​ ដោយ​គ្រាន់​តែ​និយាយ​ថា ពួក​គេ​ជា​អ្នក​​ស៊ី​ឈ្នួល​​ដឹក​ប៉ុណ្ណោះ​ ប៉ុន្តែ​ចុង​ក្រោយ​គេ​បានប្រាប់​ថា ម្ចាស់​ទំនិញគឺ​ជា​ជន​​ជាតិ​សៀម​ ។ ការ​ដឹក​ទំនិញ​ទាំង​នេះ គឺ​គេ​យក​មក​ចែក​ចាយ​ឱ្យ​ខេត្ត​ចំនួន​៣ មាន​ខេត្ត​សៀម​រាប បាត់​ដំបង និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។
ប្រភព​ដដែល​​បន្តថា តាម​ការ​ត្រួត​ពិនិត្យ​ជាក់​ស្តែង​ដែល​មាន​សមត្ថ​កិច្ច​ចំរុះ​រួម​មាន​ កម្លាំង​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​ខេត្ត​ ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​​ និង​សុខា​ភិ​បាល​ខេត្ត​ កម្ទេច​មី​ដែល​ជា​កាក​សំណល់​សរុប​មាន​ចំនួន​២១៧​ការុង​ ស្មើ​នឹង​៥១០​គីឡូ​ក្រាម​ និង​កាក​សំណល់​វត្ថុ​រាវ​មាន​សារ​ធាតុ​អាស៊ីដ​​ចំនួន​៥៩​ប៊ី​ដុង​ ស្មើ​១.១៨០​គីឡូ​ក្រាម​។ លោក​ស៊ាន សីុណាត អនុ​ប្រធាន​កាំ​កុង​ត្រូល​បាន​ឱ្យ​ដឹង​ថា កម្ទេច​មី​ទាំង​នេះ​ត្រូវ​បាន​ច្រក​ក្នុង​ថង់​ប្លា​ស្ទិក​តូចៗ​សម្រាប់​ ក្មេង​ហូប​ ដោយ​សញ្ញា​ថង់​ប្លាសិ្ទក​នោះ​​ មាន​ខ្លះ​អក្សរ​ថ្នាំ TYLINOL សាប៊ូ​កក់​សក់​ និង​ភ្លៅ​មាន់​ ហើយ​កម្ទេច​មី​ទាំង​នេះ​ប្រសិន​បើ​ក្មេង​ហូប​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​​ របស់​ពួក​គេ​។ ដោយ​ឡែក​​កាក​សំណល់​វត្ថុ​រាវ​មាន​សារ​ធាតុ​អាសីុដ​ពណ៌​ខ្មៅ​នេះ សមត្ថ​កិច្ច​ជំនាញ​នឹង​យក​ទៅ​ធ្វើ​ការ​ដក​ពិសោធន៍​ឱ្យ​បាន​ច្បាស់​លាស់​។
លោក​ឧត្តម​សេនីយ៍​ត្រី​ខេង​ ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​​ មាន​ប្រសាសន៍​ថា ម្ចាស់​រថ​យន្ត​ និ​ងអ្នក​បើក​បរ ព្រម​ទាំង​ទំនិញ​មិន​ប្រក្រតី​ ត្រូវ​កម្លាំង​ជំនាញ​ឃាត់​ខ្លួន និង​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគ​របាល ​​ដើម្បី​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​នី​ តិវិធី​។ លោក​ស្នង​ការ​បញ្ជាក់​ថា ថ្វី​ដ្បិត​តែ​ម្ចាស់​រថ​យន្ត​ និ​ងអ្នក​បើក​បរ​មិន​ប្រាប់ឈ្មោះ​​ម្ចាស់​ទំនិញ​ពិត​ប្រាកដ​ក្តី​ សមត្ថ​កិច្ច​នឹង​ធ្វើ​ការ​ស្រា​វ​ជ្រាវ​បន្ត​ផង​ដែរ ដើម្បី​ឈាន​ដល់​រក​ឱ្យ​ឃើញ​ម្ចាស់​ទំនិញ​ខាង​លើ​ ៕

No comments:

Post a Comment