ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ត្រូវកូនចៅបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតក្រោយពីជួបឧប្បត្តិហេតុផ្ទុះចង្ក្រានហ្គាស កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ កុម្ភៈ ២០១១ បណ្តាលឱ្យរលាកពេញផ្ទៃមុខ និងទ្រូង នៅលំនៅឋានរបស់គាត់ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ស្ត្រីរងគ្រោះឈ្មោះសុខ ចិន្តា អាយុ៥០ឆ្នាំ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សាច់ញាតិបាននិយាយឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដាំទឹកលើចង្ក្រានហ្គាស លុះបន្តិចក្រោយមកមិនដឹងមូលហេតុអ្វីទេ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះជុំវិញចង្ក្រាន ហើយភ្លាមៗនោះគាត់បានស្រែកប្រាប់ឱ្យកូនៗ និងចៅរបស់គាត់ឱ្យគេចចេញ សល់តែរូបគាត់ម្នាក់គត់ឈរក្បែរចង្ក្រាន ដើម្បីរកវិធីពន្លត់ ក៏ប៉ុន្តែមិនអាចពន្លត់ទាន់តែ កំប៉ុងហ្គាសក៏ផ្ទុះលាន់ឡើង បណ្តាលឱ្យឆាបឆេះរលាកពេញមុខ ទ្រូង និងដៃទាំងសងខាង រហូតដល់របកស្បែក ហើយសាច់ញាតិប្រញាប់ប្រញាល់បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
ចំណែកចៅរបស់គាត់អាយុ៤ឆ្នាំ ក៏រងការរលាកផងដែរ...ហេតុការណ៍នេះពុំបានរាលដាលឆេះលំនៅឋាននោះទេ ដោយសារមានកិច្ចអន្តរាគមន៍ពីក្រុមគ្រួសារជួយពន្លត់ទាន់ពេលវេលា ។ គ្រូពេទ្យនិយាយថា ស្ត្រីរងគ្រោះគ្រាន់តែឆេះរោលផ្ទៃមុខ ទ្រូង និងដៃសងខាង ឥឡូវនេះគ្រូពេទ្យយកថ្នាំបាញ់បំបាត់ការឈឺចាប់ និងកុំឱ្យរបកស្បែករួចរាល់ហើយ៕
No comments:
Post a Comment