Tuesday, February 22, 2011

តំលៃ​លក់​អាវុធ​ទូ​ទាំង​ពិភព​លោក​កើន​​ដល់​៤០០.០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០០៩ នៅតំបន់​អាស៊ី​មាន​ក្រុម​ហ៊ុន​ចំនួន​១០​ជាប់​ក្នុង​លំដាប់​ថ្នាក់​ទាំង​១០០


ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
​
រូបភាព​ពី​វ៉េបសាយ
 
មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​សន្តិ​ភាព​អន្តរ​ជាតិ ​​នៅ​ទីក្រុង​ស្តុក​ខុល (SIPRI)បាន​ផ្សាយ​ថា ទោះ​បី​ជា​សេដ្ឋ​កិច្ច​​ពិភព​លោក​ ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ​២០០៩​ ប៉ុន្តែ​តំលៃ​លក់​អាវុធ​​របស់​ក្រុម​ហ៊ុន​ខ្នាត​ធំ​ចំនួន​​១០០​​នៅ​ទូ​ទាំង​ ពិភព​លោក​នៅ​​កើន​លើស​ពី​ឆ្នាំ​២០០៨​ដល់​ទៅ​១៤.៨០០​លាន​ដុល្លារ​ ឬ​ប្រហែល​៨%​ និង​កើន​ឡើង​ប្រហែល​៥៩%​ធៀប​នឹង​ឆ្នាំ​២០០២​ ដោយ​អត្រា​លក់​របស់​ក្រុម​ហ៊ុន​ចំនួន​៤៥​នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រហែល​ ៦១,៥%​នៃ​តំលៃ​លក់​អាវុធ​សរុប​ក្នុង​ឆ្នាំ​២០០៩​។
លោក​ស៊ូ​សាន​ ជេក​សុន​ អ្នក​ជំនាញ​ផ្នែក​លក់​អាវុធ​បាន​ធ្វើ​អត្ថា​ធិប្បាយ​ថា ថវិកា​ដែល​រដ្ឋា​ភិ​បាល​អាមេរិក​ចំណាយ​ក្នុង​ការ​ទិញ​អាវុធ​ដល់​កង​ទ័ព​ជា​ កត្តា​សំខាន់​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នៅ​សហ​រដ្ឋ​អាមេរិក​​មានអត្រា​ការ​លក់​ កើន​ឡើង​រួម​ជាមួយ​ក្រុម​ហ៊ុន​មួយ​ចនួន​នៅ​អឺរ៉ុប​ផង​ដែរ​។ នៅ​ក្នុង​ចំណោម​១០​លំដាប់​ថ្នាក់​ដំបូង​ក្រុម​ហ៊ុន​ដែល​លក់​អាវុធ​ធំ​បំផុត​ នៅ​លើ​ពិភព​លោក​ គឺ​ក្រុម​ហ៊ុន​អាមេរិក​មាន​ដល់​ទៅ​៧​កន្លែង រួម​មាន​ក្រុម​ហ៊ុន​ឡុក​ហ៊ីដ​ម៉ា​ទីន​, បូ​អ៊ីង, ណ័រ​រ៉ុប​ក្រាម​ម៉េន​, ជេ​ណឺ​រ៉ល ឌី​ណា​ម៉ិក, រ៉េ​ធី​អុន​, អេល​-៣ ខុម​មី​នី​ខេ​ស្សិន​ និង​យូ​ណាយ​ធីត​ ថេក​ណូ​ឡូ​ជី​។ ក្រុម​ហ៊ុន​ឡុកហ៊ីដ​ ម៉ា​ទីន​ ប្រជែង​យក​តំណែង​លំដាប់​ទី​១​ពី​ក្រុម​ហ៊ុន​ប៊ី​អេ​អ៊ី​ ស៊ី​ស្តេម​ របស់​អង់​គ្លេស​នៅ​ក្នុង​ឆ្នាំ​២០០៩​បាន​ដោយ​មាន​អត្រា​ការ​លក់​ដល់​ទៅ​ ៣៣.៤០០​លាន​ដុល្លារ​ ខណៈ​ពេល​ក្រុម​ហ៊ុន​ប៊ី​អេ​អ៊ី រក​ចំណូល​បាន​ត្រឹម​តែ​៣៣.៣០០​លាន​ដុល្លារ​ ដោយ​ចំណូល​នៃ​ការ​លក់​របស់​ក្រុម​ហ៊ុន​ទាំង​២​មាន​ចំនួន​៨,៣%​នៃ​តំលៃ​លក់​ អាវុធ​នៅ​ទូ​ទាំង​ពិភព​លោក​។
​ក្រុម​ហ៊ុន​ផ្សេងៗ​ជាប់​ក្នុង​លំដាប់​ថ្នាក់​ទាំង​៣៣ ​ដំបូង​នៃ​ចំនួន៩​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ រួម​មាន​ប្រទេស​ហ្វាំង​ឡង់​ បារាំង​ អាល្លឺ​ម៉ង់​ អ៊ីតាលី​ ន័រ​វេស​ អេស្ប៉ាញ​ ស៊ុយ​អែត​ ស៊្វីស​ និង​អង់​គ្លេស​ ដោយ​មាន​ចំណូល​សរុប​១២០.០០០​លាន​ដុល្លារ​ ឬ​៣០%​ នៃ​តំលៃ​លក់​អាវុធ​ក្នុង​ឆ្នាំ​២០០៩​។ នៅក្នុង​ចំណោម​១០០​ក្រុម​ហ៊ុន​ខាង​លើ​មាន​ក្រុម​ហ៊ុន​នៅ​​អាស៊ីចំនួន​១០​ កន្លែង រួម​ទាំង​​ក្រុម​ហ៊ុន​ជប៉ុន​៤​កន្លែង​ និង​ឥណ្ឌា​៣​កន្លែង​។ ចំណែក​នៅ មជ្ឈិម​ប្រទេស​មាន​ក្រុម​ហ៊ុន​លក់​អាវុធ​ជាប់​លំដាប់​ថ្នាក់​ពិភព​លោក​ចំនួន ​៧​ក្រុម​ហ៊ុន​ គឺ​៣​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​អ៊ីស្រា​អែល​។ ចំណូល​ការ​លក់​អាវុធ​នៅ​អាស៊ី និង​មជ្ឈិម​ប្រទេស ​(អាស៊ី​កណ្តាល) សរុប​មាន​តំលៃ​ប្រហែល​២៤.០០០​លាន​ដុល្លារ​ ឬ​ប្រហែល​៦%​នៃ​តំលៃ​ការ​លក់​នៅ​​ទូ​ទាំង​ពិភព​លោក​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តួ​លេខ​នោះ​មិន​បាន​រាប់​បញ្ចូល​អាជី​វករ​លក់​នៅ​ក្នុង​ប្រទេស​ចិន​ទេ។​ លោក​ជេក​សុន​ បាន​គូស​បញ្ជាក់​ទៀត​ថា ទោះ​បី​ជា​មាន​ការ​ដឹង​ច្បាស់​ថា ក្រុម​ហ៊ុន​ផលិត​អាវុធ​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​ចិន​មាន​ទំហំ​ធំ​អាច​ជាប់ ​ក្នុង​លំដាប់​ថ្នាក់​ទាំង​១០០​នៅ​លើ​ពិភព​លោក​ក៏​ដោយ​ ប៉ុន្តែ​យើង​​មិន​អាច​រៀប​ចំ​លំដាប់​ថ្នាក់​របស់​ពួក​គេ​បាន​​ ព្រោះ​នៅ​ខ្វះ​ទិន្ន​ន័យ​គ្រប់​គ្រាន់​ និង​ច្បាស់​លាស់​ក្នុង​ការ​ប្រៀប​ធៀប​។ SIPRI បាន​បញ្ជាក់​ទៀត​ថា ការ​លក់​អាវុធ​យុទ្ធោ​បករណ៍​ និង​បរិក្ខា​រ​ផ្សេងៗ​ដល់​កង​ទ័ព​រួមមាន​ទាំង​ការ​រៀប​ចំ​ដឹក​ជញ្ជូន​នៅ​ ក្នុង​ប្រទេស​ និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ ៕

No comments:

Post a Comment