ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១
រដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប លោកអាម៉ាដ សាមេហ៍ ហ្វារីដ ថ្លែងកាលពីថ្ងៃទី១៦ កុម្ភៈ ថា មនុស្សយ៉ាងតិច៣៦៥នាក់ បានត្រូវស្លាប់ និង៥.៥០០នាក់ទៀតត្រូវរបួសក្នុងបាតុកម្មរយៈពេល១៨ថ្ងៃ ដែលសំរេចបានការចាកចេញពីអំណាចរបស់លោកប្រធានាធិបតីហ៊ូស្នី មូបារ៉ាក់។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា តុល្យការដំបូងនេះមិនរាប់បញ្ចូលបណ្តាជនរងគ្រោះក្នុងផ្ទៃកងកំលាំងសន្តិសុខផងទេ ។
លោកបន្តថា តុល្យការជនរងគ្រោះអាចមានខ្ពស់ជាងនេះទៀត ក្រោយពីព័ត៌មានថ្មីៗដែលនឹងទទួលបានពីមជ្ឈមណ្ឌលសុខភាពផ្សេងៗ ។ ក្រសួងមហាផ្ទៃអេហ្ស៊ីបរាយការណ៍កាលពីថ្ងៃទី១៤ កុម្ភៈ កន្លងមកនេះថា ប៉ូលិសប្រមាណជា៣២នាក់ បានត្រូវស្លាប់ ហើយ១.០៧៩នាក់ ទៀតត្រូវរបួស ក្នុងការប៉ះទង្គិចគ្នានានាជាមួយពួកបាតុករ ។
លោកហ៊ូស្នី មូបារ៉ាក់ បានលាលែងចេញពីតំណែងកាលពីថ្ងៃទី១១ កុម្ភៈ បន្ទាប់ពីបាតុកម្មមហាជនរយៈពេល១៨ថ្ងៃ ក្នុងប្រទេសទាមទារឱ្យលោកលាលែង ។ ក្រុមប្រឹក្សាជាន់ខ្ពស់របស់កងទ័ពអេហ្ស៊ីបដែលកាន់អំណាចក្រោយការលាលែងរបស់លោកមូបារ៉ាក់ កាលពីថ្ងៃទី១៥ កុម្ភៈ បានផ្តល់ពេល១០ថ្ងៃ ដល់គណៈកម្មាធិការមួយ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ ។
មាត្រាទី៥នៃរដ្ឋធម្មនុញ្ញត្រូវកែប្រែដើម្បីធានាដល់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី ខណៈដែលមាត្រាមួយត្រូវលុបចោលដើម្បីបើកផ្លូវទៅរកការលុបចោលការប្រកាសអាសន្នដែលមានជាធរមានចាប់តាំងពី៣០ឆ្នាំមកហើយ នៅអេហ្ស៊ីប ។
លោកហ៊ូស្នី មូបារ៉ាក់ ពិតជាមានសុខភាពធ្លាក់ចុះដុនដាប ហើយបើតាមអ្នកទទួលខុសត្រូវអារ៉ាប៊ី សាអ៊ូឌីត ម្នាក់ថា លោកសុខចិត្តស្លាប់ក្នុងនិវេសនដ្ឋានរបស់លោកនៅក្រុង CHARM EL-CHEIKH ជាប់មាត់សមុទ្រក្រហមជាជាងទៅព្យាបាលខ្លួននៅបរទេស ៕
No comments:
Post a Comment