Friday, February 18, 2011

កម្ពុជា​រក្សា​ជំហរ​ដាក់​សំណើ​៤​ចំណុច​ទៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន

 

2011-02-18
មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា ប្រទេស​កម្ពុជា នឹង​នៅ​តែ​រក្សា​ជំហរ​ដាក់​សំណើ ៤​ចំណុច​ចូល​ទៅ​ក្នុង​​​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ទីក្រុង​ហ្សាកាតា នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដើម្បី​បញ្ចប់​ការ​ផ្ទុះ​អាវុធ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ តំបន់​ប្រាសាទ​ព្រះវិហារ បើ​ទោះ​ជា​ប្រទេស​​​ថៃ បាន​បដិសេធ​បែប​ណា​​ក្ដី។
RFA/Hang Savyouth
០៧-កុម្ភៈ-២០១១: រថយន្ត​យោធា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ថា កម្ពុជា​បាន​រក្សា​ជំហរ​ទាំង ៤​ចំណុច​​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ស្ដី​ពី​បទ​ឈប់​បាញ់​នៅ​តំបន់​មាន​ជម្លោះ​ប្រាសាទ​ព្រះវិហារ​​ឲ្យ​នៅ​ដដែល។
លោក​ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រី​ថៃ គ្មាន​ហេតុផល​ណា​មួយ​ដែល​បដិសេធ​ចំពោះ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់ ផ្ដើម​ដោយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ បើ​ប្រទេស​​ថៃ មិន​បាន​នាំ​មុខ​ក្នុង​ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ជម្លោះ​តាម​ព្រំដែន​នោះ។
លោក កុយ គួង បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «អាភីស៊ិត គាត់​ថា វា​មិន​ទាន់​ដល់​ពេល​ចុះ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ទេ ហើយ​គាត់​តែង​លើក​ឡើង​ថា ទាហាន​ថៃ មិន​មែន​ជា​អ្នក​បាញ់​មុន​ទេ ចង់​​ចោទ​កម្ពុជា​ទេ​ជា​អ្នក​បាញ់​មុន ហើយ​គាត់​បដិសេធ​រឿង​អ្នក​សង្កេតការណ៍ និង​អ្នក​តាមដាន​របស់​ប្រទេស​អាស៊ាន​ទៀត ដើម្បី​បញ្ជាក់​ពី​បទ​ឈប់​បាញ់​នោះ។ ត្រង់​ចំណុច​ប៉ុន្មាន គឺ​ការ​លើក​ឡើង​របស់​លោក អាភីស៊ិត គឺ​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ។ បើ​គាត់​យល់​ថា ទាហាន​ថៃ មិន​មែន​ជា​អ្នក​បាញ់​មុន ដោយ​ចោទ​ថា កងទ័ព​កម្ពុជា ជា​អ្នក​បង្ក​មុន ហេតុ​អី​បាន​ជា​គាត់​បដិសេធ​ចំពោះ​កិច្ច​ព្រមព្រៀង​ពី​បទ​ឈប់​បាញ់​ជា​ អចិន្ត្រៃយ៍​នេះ? នេះ​ចំណុច​ទី​១ ហើយ​បើ​គាត់​យល់​ថា ទាហាន​គាត់​ជា​អ្នក​បាញ់​ក្រោយ កម្ពុជា​ជា​អ្នក​បាញ់​មុន ហេតុ​ម៉េច​បាន​ជា​គាត់​ខ្លាច​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​គេ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ថា តើ​អ្នក​ណា​បង្ក​បាញ់​ទៅ​លើ​អ្នក​ណា​មុន​នោះ? ចំណុច​អស់​នោះ​វា​អត់​សម​ហេតុ​ផល​ទាល់​តែ​សោះ។ នេះ​ជា​ចំណុច​បញ្ជាក់​ពី​ភាព​ក្រឡេចក្រឡុច​របស់​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត នេះ»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​សន្តិភាព​នៃ​គណៈរដ្ឋមន្ត្រី​ទីក្រុង​ ភ្នំពេញ បាន​លើក​ឡើង​នូវ​ជំហរ ៤​ចំណុច ដើម្បី​ត្រៀម​ដាក់​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ អាស៊ាន នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នា​ប្រទេស​ឥណ្ឌូណេស៊ី គឺ​ទី​១ ភាគី​កម្ពុជា និង​ថៃ ព្រមព្រៀង​គ្នា​ឈប់​បាញ់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍។ ទី​២ រក្សា​ស្ថានភាព​ឲ្យ​នៅ​លើ​ទីតាំង​ឈរ​​ជើង​រៀងៗ​ខ្លួន មិន​ចល័ត​កង​កម្លាំង​យោធា គឺ​រង់ចាំ​ដំណោះស្រាយ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ទី​៣ ភាគី​កម្ពុជា និង​ថៃ លើក​ទឹក​ចិត្ត​ឲ្យ​មេបញ្ជាការ​យោធា​នៅ​សមរភូមិ​ជួរ​មុខ​ពិភាក្សា និង​សហការ​គ្នា ដើម្បី​រក្សា​ស្ថិរភាព​នៅ​ព្រំដែន និង​ទី​៤ ភាគី​កម្ពុជា និង​ថៃ ស្នើ​សុំ​ឲ្យ​ភាគី​ទី​៣ មក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់ ដែល​មាន​តំណាង​មក​ពី​ប្រទេស​អាស៊ាន ជា​ស៊ីវិល ឬ​យោធា ឬ​នគរបាល ឬ​ជា​ក្រុម​ចម្រុះ លើកលែង​តែ​តំណាង​ប្រទេស​មក​ពី​កម្ពុជា និង​ថៃ ដែល​ជា​ភាគី​ជម្លោះ​ចេញ។
លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «មួយ​ចោទ​ថា មួយ​បាញ់​មុន ខាង​ណេះ​ចោទ​ថា ខាង​ណោះ ខាង​​ណោះ​ចោទ​ថា ខាង​ណេះ។ អ៊ីចឹង​សុំ​កុំ​ខ្លាច​ហៅ​អ្នក​ទី​៣ មក​ពិនិត្យ។ ខ្ញុំ​ប៉ាន់​ស្មាន​ទុក​ជា​មុន ភាគី​​ថៃ នឹង​មិន​ព្រម​លើ​ចំណុច​ទី​៤​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​ប្រកាស​ទុក​មុន​ឲ្យ​ហើយ បើ​ភាគី​ថៃ មិន​ព្រម​លើ​ចំណុច​ទី​៤ ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ដោយ​បណ្ដា​ប្រទេស​អាស៊ាន កម្ពុជា​សូម​ស្វាគមន៍​ទទួល​​យក​កងទ័ព​នៃ​បណ្ដា​ប្រទេស​អាស៊ាន មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​តែ​ម្នាក់​ឯង​ជា​ឯកតោ​ភាគី ដើម្បី​​ឲ្យ​គេ​មក​ធ្វើ​ជា​ប៉ូលិស​ត្រួត​ពិនិត្យ​កងទ័ព​កម្ពុជា»
ទោះ​យ៉ាង​នេះ​ក្ដី លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយករដ្ឋមន្ត្រី​ថៃ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដក​ស្រង​សម្ដី​មក​ចុះ​ផ្សាយ ដោយ​លោក​បាន​ច្រាន​ចោល​ចំពោះ​គំនិត​ផ្ដួចផ្ដើម​លើ​កិច្ចព្រមព្រៀង​ចំនួន ៤​ចំណុច ទាក់ទង​បទ​ឈប់​បាញ់ ផ្ដើម​ដោយ​ប្រមុខ​ដឹក​នាំ​​រដ្ឋាភិបាល​កម្ពុជា។
ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​​​​ អាស៊ាន ក្រៅ​ផ្លូវការ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ តាម​ការ​អញ្ជើញ​របស់​លោក​បណ្ឌិត ម៉ាទី ណាតាឡេហ្គាវ៉ា (Dr. Marty Natalegawa) រដ្ឋមន្ត្រី​ការ​​បរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​​អាស៊ាន។
សេចក្ដី​​ប្រកាស​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ខាង​លើ​នេះ នឹង​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ទស្សនវិស័យ​អំពី​បញ្ហា​ អន្តរជាតិ និង​ក្នុង​តំបន់ ជាពិសេស​ផ្ដោត​លើ​ស្ថានភាព​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។
កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នូវ​សេណារីយោ (ឈុត​ឆាក) ដើម្បី​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​​​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​រវាង​ កម្ពុជា និង​ថៃ។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១១ បាន​ច្រាន​ចោល​តាម​បណ្ដាញ​ផ្សព្វផ្សាយ ដោយ​បាន​ច្រាន​ចោល​​នូវ​ជំហរ​របស់​កម្ពុជា៕

No comments:

Post a Comment