Thursday, February 24, 2011

ការ​ដក​ហូត​ដី​ធ្វើ​​ជា​សម្បត្តិ​រដ្ឋ​បង្ក​ឱ្យ​គ្រួសារ​យោធា​ និង​ពល​រដ្ឋ​តវ៉ា



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ការ​ដក​ហូត​ដី​ធ្វើ​​ជា​សម្បត្តិ​រដ្ឋ​បង្ក​ឱ្យ​គ្រួសារ​យោធា​ និង​ពល​រដ្ឋ​តវ៉ា​
(​រូបថត អរុណ​)
ការ​ដក​ហូត​ដី​ធ្វើ​​ជា​សម្បត្តិ​រដ្ឋ​បង្ក​ឱ្យ​គ្រួសារ​យោធា​ និង​ពល​រដ្ឋ​តវ៉ា​
 
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ គ្រួសារ​យោធា​ និង​ប្រជា​ពល​រដ្ឋ​ជិត​១០០​គ្រួសារ​ស្ថិត​ក្នុង​ភូមិ​ស្នួល​ទ្រេត​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​លើក​គ្នា​ទៅ​ឈរ​តាម​ក្បាល​ដី​របស់​ខ្លួន​ខាង​ក្រោយ​ភូមិ​ដើម្បី​តវ៉ា​ ចំពោះ​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ដែល​មាន​អាជ្ញា​ធរ​ចាប់​ពី​ឃុំ​រហូត​ដល់​ ខេត្ត​ រួម​ទាំង​មេ​ព្រៃ​ដែល​ទៅ​​វាស់​វែង​បោះ​បង្គោល​យក​ដី​ពួក​គាត់​ក្នុង​បំណង​ ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​ តែ​ពួក​គាត់​អះ​អាង​ថា ដី​ទាំង​នេះ​ពួក​គាត់​បាន​កាន់​កាប់ និង​​ធ្វើ​ស្រែ​ចំការ​តាំង​ពី​ឆ្នាំ​១៩៩៣មក​ម្ល៉េះ ​។
ប្រជា​ពល​រដ្ឋ​ និង​យោធា​ដែល​លើក​គ្នា​ចាំ​ត្រៀម​តវ៉ា​ចំពោះ​គណៈ​កម្មការ​ចម្រុះ​បាន​និយាយ​ ​ថា នៅ​ថ្ងៃ​ទី​២២ កុម្ភៈ​ គណៈ​កម្ម​ការ​មួយ​ក្រុម​នេះ​បាន​ទៅ​​បោះ​បង្គោល​ចំ​លើ​ដី​ពួក​គាត់​អស់​រួច​ ទៅ​ហើយ ​ទើប​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​ ពួក​គាត់​​ត្រៀម​ចាំ​តវ៉ា​សុំ​​យក​ដី​​មក​វិញ​ដើម្បី​បង្ក​បង្កើន​ផល​ ព្រោះ​ឮ​ថា គណៈ​កម្មការ​មួយ​ក្រុម​នេះ​នឹង​មក​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ទៀត​។ ក្រុម​អ្នក​តវ៉ា​​មួយ​ចំនួន​ជា​យោធា​ ហើយ​ខ្លះ​ជា​ជន​ពិការ​។ ​
ពួក​ គាត់​បន្ត​ថា មុន​ការ​ចុះ​វាស់​វែង​បោះ​បង្គោល​នេះ គឺ​នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ គណៈ​កម្មការ​បាន​ហៅ​ពួក​គាត់​ឱ្យ​ចូល​រួម​ប្រជុំ​ ហើយ​ប្រាប់​ថា នឹង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដី​ពួក​គាត់​ទេ លុះ​ពេល​ទៅ​វាស់​វែង​បែរ​ជា​គណៈ​កម្មការ​​វាស់​យក​ដី​ពួក​គាត់​ទាំង​អស់​តែ​ ម្តង​។ ដី​ទាំងនេះ​ពួក​គាត់​ទទួល​បាន​ពី​ការ​បែង​ចែក​របស់​អង្គ​​ការ NPA ដែល​សហ​ការ​ជាមួយ​ស្ថាប័ន​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​តាំង​ពី​ឆ្នាំ​២០០០​មក​ ម្ល៉េះ និង​មាន​​លិខិតទទួល​ស្គាល់​ពី​អាជ្ញា​ធរ​ឃុំ​យ៉ាង​ត្រឹម​ត្រូវ។ នៅ ឆ្នាំ​២០០៦​ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រាប់​ថា នឹង​ដក​ហូត​យក​ដី​ទាំង​នេះ​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​ ព្រោះ​ប៉ះ​ចំ​ដី​ព្រៃ​ឈើ​។ ​ពួក​គាត់​បាន​កាន់​កាប់​ខ្លះ​២​ហិកតា ខ្លះ​៣​ហិកតា ដី​ខ្លះ​ក៏​មាន​រហូត​​ដល់​ទៅ​៥​ហិកតា​តាម​ចំនួន​សមា​ជិក​តិច​ ឬ​ច្រើ​ន។
ប្រជា​ពល​រដ្ឋ​​បន្ត​ថា ក្រោយ​ការ​ហាម​ប្រាម​ពី សំណាក់​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០០៦​ និង​ការ​ចេញ​ដីកា​ដក​ហូត​នោះ ពួក​គាត់​ប្រៀប​​បាន​ទៅ​នឹង​ចោរ​ទៅ​លួច​ភ្ជួរ​រាស់​លើ​ដី​ខ្លួន​ឯង​ដើម្បី​ ក្រពះ​ ព្រោះ​គ្មាន​ស្រែ​ចំការ​។​ លោក​តា​​ នូ អួន អាយុ​៧២​ឆ្នាំ ជា​ជន​ពិការ​និយាយ​ថា ក្នុង​ពេល​វាស់​វែង​បោះ​បង្គោល​ព្រំ​ដី​ពី​សំណាក់​គណៈ​កម្មការ​ចម្រុះ​​មាន​ មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​មួយ​រូប​ប្រាប់​គាត់​ថា ការ​សម្ប​ទាន​ដី​ដើម្បី​ពួក​គាត់​គ្មាន​លុយ​ចូល​រដ្ឋ​ទេ ហើយ​ថា បើ​ធ្វើ​សម្ប​ទាន​ឱ្យ​ក្រុម​ហ៊ុន​ទើប​មាន​លុយ​ចូល​រដ្ឋ​។
យោធា​មួយ​រូប​ឈ្មោះ​លី ចាន់​ អាយុ​៣៩​ឆ្នាំ នៅ​កង​វរ​សេនា​តូច​២១៣នៃ​កង​អនុសេនា​ធំ​គាំ​ទ្រ​អះ​អាង​ថា គាត់​មក​ជា​តំណាង​ឱ្យ​យោធា​១៦​គ្រួសារ​ដែល​មាន​ដី​៦៨​ហិកតា​នៅ​ចំណុច​កើត​ ហេតុ​។ ក្រុម​គ្រួសារ​យោធា​ពួក​គាត់​គឺ​សង្ឃឹម​តែ​លើ​ដី​ស្រែ​ទាំង​នេះ​​ដើម្បី​ដោះ ​ស្រាយ​ក្នុង​គ្រួសារ​នា​ពេល​អនា​គត តែបើ​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ក្រុម​នេះ​យក​ដី​ពួក​គាត់​អស់​តើ​ឱ្យ​ពួក​ គាត់​សង្ឃឹម​អ្វី​។ ការ​ចេញ​ដីកា​​ដក​ហូត​ដី​ពួក​គាត់​មិន​ឱ្យ​ធ្វើ​ស្រែ​ចំការ​ក្នុង​ឆ្នាំ​ ២០០៦​នោះ​ គឺពុំ​មាន​យុត្តិ​ធម៌​ទាល់​តែ​សោះ ព្រោះ​ក្រុម​ហ៊ុន​មួយច​ំនួន​បែរ​ជា​នៅ​តែ​មាន​ដំណើរ​ការ​ឈូស​ឆាយ​យក​ដី​ ក្បែរៗ​កន្លែង​ដី​ពួក​គាត់​ដដែល​។​
ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​និយាយ​ថា ការ​វាស់​វែង​បោះ​ព្រំ​យក​ដី​ដើម្បី​ទុក​ជាសម្បត្តិ​រដ្ឋ​របស់​គណៈ​កម្មការ​ មួយ​ក្រុម​នេះ គឺ​មិន​ត្រឹម​តែ​ប៉ះ​ដី​ស្រែ​ចំការ​របស់​ពួក​គាត់​ទេ សូម្បី​តែ​ដី​ឡូត៍​រស់​នៅ​ក៏​ត្រូវ​ប៉ះ​ចំ​ជា​ច្រើន​គ្រួសារ​ដែរ​។ ទាក់​ទិន​រឿង​នោះ​ លោក​សួង មឿន មេ​ឃុំ​អូរ​បី​ជាន់​​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ក្រោយ​រាជ​រដ្ឋា​ភិ​បាល​ប្រកាស​ឱ្យ​បង្កើត​ភូមិ-ឃុំ​​ មក​ប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះ​​ត្រូវ​បានបែង​ចែក​ដី​ពី មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​​សហការ​ជាមួយ​អង្គ​ការ​ដៃ​គូ NPA ​ក្រោយ​ពេល​​ដោះ​មីន​រួច​នៅ​ឆ្នាំ​១៩៩៧ ។ ការ​រស់​នៅ​បាន​របស់​ប្រជា​ពល​រដ្ឋ​ គឺ​ទាល់​តែ​មាន​ស្រែ​ចំការ​។ ចំពោះ​លិខិត​ដី​ធ្លី គឺ​អាជ្ញា​ធរ​បាន​ចេញ​ឱ្យ​ប្រជា​ពល​រដ្ឋ​មុន​ពេល​រដ្ឋ​ចេញ​ដីកា​ដក​ហូត​ដី​ ដែល​ប៉ះ​ពាល់​ជាមួយ​ប្រជាពល​រដ្ឋ​នេះ​។
លោក​មេ​ឃុំ​​បាន​លើក​ឡើង​​ស្រដៀង​នឹង​ការ​លើក​ឡើង​ របស់​ប្រជា​ពល​រដ្ឋ និង​យោធា​ថា ការ​ហាម​ឃាត់​ដី​ចំណុច​នេះ​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រែ​ចំការ​ ក្រោយ​រដ្ឋ​ចេញ​ដីកា​ដក​ហូតនោះ គឺ​ហាម​តែ​ភាគី​ប្រជា​ពល​រដ្ឋ​​ប៉ុណ្ណោះ​ ឯ​ភាគី​ក្រុម​ហ៊ុន​សូចន្ធូ គឺ​នៅ​តែ​បន្ត​ធ្វើ​ដដែល​ ។ ក្រុម​ហ៊ុន​នោះ​ទិញ​ដី​ពី​ប្រជា​ពល​រដ្ឋតែ​៦១៩​ហិកតា​ទេ ប៉ុន្តែ​ពេល​ក្រុម​ហ៊ុន​មួយ​នេះ​ដាក់​ពាក្យ​សុំ​ដី កម្ចី​សម្បទាន​រដ្ឋ​គឺ​ធ្វើ​រហូត​ដល់​ទៅ​៣.៧៤៤​ហិកតា​​ដើម្បី​បង្កើត​ ស្ថានីយ​ស្តារ​ព្រៃ​ឈើ។ ស្ថានីយ​នេះ​​នេះ​ជា​របស់​ក្រុម​ហ៊ុន​សូ​ចន្ធូ​ និង​ក្រុម​ហ៊ុន​ហៃ​សួ​។ ចំណែក​ឯ​លោក​នៅ​ និល មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​​ប្រាប់​តាម​ទូរ​​ស័ព្ទ​យ៉ាង​ខ្លី​ថា រដ្ឋ​បាល​ព្រៃ​ឈើ​បោះ​បង្គោល​អចិន្ត្រៃយ៍​​ទុក​ជា​ដី​របស់​រដ្ឋ​តាម​ផែន​ទី​ ឆ្នាំ​២០០២។ យោធានិង​ប្រជា​ពល​រដ្ឋ​បាន​អំពាវ​នាវ​ដល់​សម្តេច​តេជោ​ និង​លោក​ជំទាវ​ឱ្យ​ជួយ​ដល់​ពួក​គាត់​បាន​ទទួល​ដី​បង្ក​បង្កើន​ផល​វិញ​ផង ៕

No comments:

Post a Comment