ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមានមុខរបរលក់លៀសហាលតាមម៉ូតូ ត្រូវជនមិនស្គាល់មុខកាប់មួយពូថៅចំក្បាលរបួសធ្ងន់ ត្រូវសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ក្រោយពីកើតហេតុនៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ ។ ភរិយាជនរងគ្រោះបាននិយាយឱ្យដឹងថា ប្តីរបស់គាត់ដែលត្រូវគេកាប់មួយពូថៅនេះមានឈ្មោះកៅ កង អាយុ៣០ឆ្នាំ មុខរបរលក់លៀសហាលចល័តតាមម៉ូតូ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ នៅយប់ថ្ងៃកើតហេតុបុរសរងគ្រោះជាប្តីបានអង្គុយលេងម្នាក់ឯង ឯមុខផ្ទះរបស់ខ្លួន... បន្តិចក្រោយមក រូបគាត់ជាប្រពន្ធដើរចូលទៅក្នុងផ្ទះ ដើម្បីរៀបចំកន្លែងដេក ស្រាប់តែឮសំឡេងប្តីរបស់គាត់ស្រែកឱ្យរូបគាត់ជួយ និងមានការភ្ញាក់ផ្អើល ។ ភ្លាមៗនោះគាត់រត់ចេញមកខាងផ្ទះ ទើបឃើញប្តីរបស់គាត់យកដៃឱបក្បាល ព្រមទាំងមានឈាមហូរប្រឡាក់ជោកអាវ បន្ទាប់មកទៀតទើបជនរងគ្រោះសន្លប់ ។ ក្នុងអំពើហិង្សាដោយប្រើពូថៅដោះស្រាយបញ្ហានេះមិនត្រូវ បានប្រជាពលរដ្ឋអះអាងថា ឃើញជនដៃដល់មានគ្នាប៉ុន្មាននាក់នោះទេ គ្រាន់តែនៅកន្លែងកើតហេតុបន្សល់ទុកពូថៅដៃមួយប៉ុណ្ណោះ រីឯក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថា បញ្ហានេះអាចមកពីរឿងគំនុំតែគំនុំមូលហេតុអ្វីនោះគឺគ្មាន នរណាដឹងឡើយ មានតែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ទើបដឹងរឿងពិតប្រាកដ ។ គ្រូពេទ្យបាននិយាយថា បុរសរងគ្រោះត្រូវគេកាប់ចំក្បាលផ្នែកខាងឆ្វេងធ្លាយខួរ ចេញមកខាងក្រៅ ហើយលលាដ៍ក្បាលប៉ះពាល់ឆ្អឹងធ្ងន់ធ្ងរ នឹងធ្វើការវះកាត់ ពេលនេះជនរងគ្រោះស្ថិតក្នុងសហភាពធ្ងន់ធ្ងរ និងត្រូវការសង្គ្រោះ ៕
No comments:
Post a Comment