Saturday, February 19, 2011

មេទ័ព​ខ្មែរ-ថៃ ចរចា​ជា​ថ្មី ប៉ុន្តែ​លទ្ធផល​នៅ​តែ​ជា​ការ​សម្ងាត់


2011-02-19
មេទ័ព​ខ្មែរ និង​ថៃ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ កុម្ភៈ នេះ បាន​ជួប​ចរចា​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​បង្កើត​បទ​ឈប់​បាញ់​គ្នា​មួយ ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ និង​ប្រធាន​អាស៊ាន​ស្នើ​ឲ្យ​កង​ទ័ព​ទាំង​ពីរ​នេះ បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ។
កាសែត​ថៃ (Bangkok Post) នៅ​ថ្ងៃ​សៅរ៍​បាន​ដក​ស្រង់​សំដី​នាយ​សេនាធិការ​យោធា​ថៃ​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​ជួប​ចរចា​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​ឈប់​បាញ់​គ្នា​ជា​មួយ​ភាគី​ទាហាន​ខ្មែរ ដែល​ដឹកនាំ​ដោយ​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក ជា តារា។
សេចក្ដី​រាយ​ការណ៍​របស់​កាសែត​នេះ​បន្ត​ថា លទ្ធផល​នៃ​កិច្ច​ចរចា​រវាង​ទាហាន​កម្ពុជា និង​ថៃ​នឹង​រក្សា​ជា​ការ​សំងាត់។
ការ​ជួប​ចរចា​រវាង​កង​ទ័ព​ទាំង​ពីរ​ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើ​ឲ្យ​ថៃ​ព្រម​ទទួល​យក​កិច្ច​ឈប់​​បាញ់​គ្នា​មួយ ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ចំនួន​១០​ប្រទេស នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ខាង​មុខ​នេះ។
លោក ហ៊ុន សែន បាន​ផ្ដល់​សំណើ​ដំណោះ​ស្រាយ​បួន​ចំណុច សម្រាប់​កម្ពុជា និង​ថៃ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន រួម​មាន​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ នៅ​តាម​តំបន់​ជម្លោះ​ត្រូវ​ចរចា​គ្នា​ដើម្បី​រក្សា​ស្ថិរភាព និង​ស្នើ​ឲ្យ​តំណាង​អាស៊ាន​ជា​ស៊ីវិល យោធា ឬ​នគរបាល​មក​តាម​ដាម​ស្ថានភាព​បទ​ឈប់​បាញ់​គ្នា​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ។ កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​អាស៊ាន​ស្នាក់​នៅ​ទឹក​ដី​កម្ពុជា៕

No comments:

Post a Comment