Monday, February 21, 2011

ជប៉ុន​ផ្តល់​១២៩.៦៣១ដុល្លារ​អាមេរិក​សម្រាប់​សាង​សង់​អគារ​សិក្សា​១​ខ្នង


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
កិច្ច​សន្យា​ផ្តល់​ជំនួយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ស្ថាន​ទូត​ជប៉ុន​ថ្ងៃ​នេះ​
(រូបថត សារ៉ាយ)
កិច្ច​សន្យា​ផ្តល់​ជំនួយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ស្ថាន​ទូត​ជប៉ុន​ថ្ងៃ​នេះ​
 
រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ​ រដ្ឋា​ភិ​បាល​ជប៉ុន​ផ្តល់​ថវិកា​តាម​រយៈ​គំរោង​​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ជប៉ុន​សរុប​ចំនួន​១២៩.៦៣១​ដុល្លារ​អាមេរិក​ដល់​អង្គ​ការ​ Terra Renaissance ។ កិច្ច​សន្យា​ផ្តល់​ជំនួយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ស្ថាន​ទូត​ជប៉ុន​ថ្ងៃ​នេះ​ ដោយ​លោក​ម៉ា​សា​ហ៊្វូ​មី គូ​រ៉ូ​គី ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​​ភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក EZUMI Tai ប្រធាន​គម្រោង​អង្គ​ការ​ Terra Renaissance ប្រចាំ​កម្ពុជា​ដើម្បី​អនុវត្តគម្រោង​សាង​សង់​អគារ​សាលា​បឋម​សិក្សា​បួស​សង្គ្រៀច​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។
អង្គ​ការ​ Terra Renaissance នឹង​អនុវត្ត​គម្រោង​សាង​សង់​អគារ​សិក្សា​ចំនួន​១​ខ្នង​មាន​៦​បន្ទប់​ និង​បំពាក់​បរិក្ខារ​សិក្សា​នៅ​សាលា​បឋម​សិក្សា​បួស​សង្គ្រៀច​ ខេត្ត​បាត់​ដំបង​។ គម្រោង​នេះ​រួម​បញ្ចូល​ជាមួយ​ការ​​សាងស​ង់​បង្គន់​​អនា​ម័យ​​មួយ​មាន​២​បន្ទប់​ អគារ​ស្នាក់​នៅ​ចំនួន​៣​បន្ទប់​បំពាក់​ជាមួយ​​បរិក្ខារ​ និង​ការ​ដំឡើង​បាសាំង​ទឹក​ចំនួន​២​ និង​ដង​ទង់​ជាតិ​មួយ​ផង​ដែរ។ តាម​រយៈ​គម្រោង​នេះ​ សាលា​បឋម​សិក្សា​បួស​សង្គ្រៀច​នឹង​អាច​ផ្តល់​បរិ​ស្ថាន​នៃ​ការ​អប់រំ​ល្អ​ប្រសើរដល់​សិស្សានុសិស្ស​ចំនួន​១៨៨​នាក់​​ក៏​ដូច​ជា​ផ្តល់​ភាព​សម​រម្យ​សម្រាប់​សិស្ស​​ថ្នាក់​ទី​៦​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត​ គម្រោង​នេះ​នឹង​អាច​ឱ្យ​លោក​គ្រូ អ្នក​គ្រូ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន​ជាមួយ​ការ​ផ្តល់​ជូន​នូវ​អគារ​ស្នាក់​នៅ​សម្រាប់​ពួក​គាត់​។
ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ជប៉ុន​បាន​ចាប់​ផ្តើម​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​ ដើម្បី​គាំទ្រ​សកម្ម​ភាព របស់​អង្គ​ការ​ទាំង​នេះ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​តាម​កំរិត​មូល​ដ្ឋាន​។​ ចាប់​តាំង​ពី​ឆ្នាំ​២០០២​ រដ្ឋា​ភិ​បាល​ជប៉ុន​បាន​ផ្តល់​ថវិកា​ជាង​១៣,៥​លាន​ដុល្លារ​អាមេរិក​ដល់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ជប៉ុន​ដើម្បី​អនុវត្ត​គម្រេោង​ចំនួន​៥៩​ ដែល​គម្រោង​ទាំង​នោះ​ផ្តោត​ជា​ពិសេស​លើ​វិស័យ​អប់រំ​កម្រិត​បឋម​ សុខា​ភិ​បាល​​ និង​ការ​កំទេច​យុទ្ធ​ភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ។​គម្រោង​ដែល​ផ្តល់​ដល់​អង្គ​ការ​ Terra Renais sance នា​ពេល​នេះ​ជា​គម្រោង​ជំនួយ​លើក​ទី​៦ ក្រោម​គ្រោង​ការណ៍​នៃ​ជំនួយ​ឥ​ត​សំណង​សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​ឆ្នាំ​២០១០​របស់​ជប៉ុន​(មេសា​ ២០១០-មីនា​២០១១) ៕

No comments:

Post a Comment