Monday, February 21, 2011

ព្រួយ​បារម្ភ​​ពីភាពតានតឹង​​ក្នុង​តំបន់​​អ៊ីស្រាអែល​​នឹង​បង្កើន​​ថវិកា​​យោធា


(ប្រុសកោះ)
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
 
អ៊ីស្រាអែល​​​ចាត់ទុក​ថា ធ្ងន់ធ្ងរ​​បំផុត​ចំពោះ​​ព័ត៌​មាន​រៀបរាប់​ពី​​នាវា​ចម្បាំង​​អ៊ីរ៉ង់​​២គ្រឿង ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ព្រែកជីក​ស៊ុយអេ មក​កាន់​សមុទ្រ​​មេឌី​ទែរ​រ៉ាណេ ​ដែល​​នេះជា​លើក​ដំបូង​ពុំធ្លាប់​មាន​​ចាប់តាំង​ពី​ឆ្នាំ​​១៩៧៩មក និង​​បាន​ព្រមាន​​ថា នឹងបង្កើន​​​ថវិកា​​ការពារ​​​មក​ពី​ភាពតានតឹង​​ក្នុង​តំបន់ ។​
អ៊ីស្រាអែល​​​តាមដាន​ដោយ​​ព្រួយបារម្ភ​​ចំពោះ​ការ​​វិវត្តន៍​​នៃ​សភាពការណ៍​​​នៅ​មជ្ឈិម​បូព៌ា​​ជា​ពិសេស​នៅអេហ្ស៊ីប​​​ជា​ដៃ​គូ​​ដែល​អ៊ីស្រាអែល​​បានចុះ​ហត្ថលេខា​​ជាមួយគ្នាលើ​សន្ធិ​សញ្ញា​​​សន្តិ​ភាព​​មួយកាលពី​ឆ្នាំ​​១៩៧៩ ។ កិច្ចព្រមព្រៀង​​នេះ អម​ដោយ​​​ការ​​ធានា​ដល់​ការ​ធ្វើដំណើរ​​ដោយសេរី​​របស់​បណ្តា​​​នាវា​អ៊ីស្រាអែល​​ក្នុង​ព្រែកជីកស៊ុយ​អេ ។​
អ៊ីស្រាអែល​​​ខ្លាច​មាន​​ការ​កើនឡើង​​នៃ​កម្លាំង​របស់​បណ្តា​​​ចលនា​អ៊ិស្លាម​​​​គាំទ្រ​​​​ដល់​បាតុ​កម្ម​​តវ៉ា​ដែល​​ធ្វើ​ឱ្យ​​រង្គើ​​រ​ដល់​តំបន់​​ ហើយ​អ៊ីស្រាអែល​​​ត្រូវ​​ឡោមព័ទ្ធ​​​ដោយ​ពួកសត្រូវ ។ ចាប់តាំង​ពី​​​ច្រើន​ថ្ងៃ​​មក​​ហើយ អាជ្ញាធរ​​អ៊ីស្រាអែល​​​តាមឃ្លាំ​មើល​​ដោយប្រុង​ប្រយ័ត្ន​​​​នូវចលនា​​របស់នាវា​ចម្បាំង​​អ៊ីរ៉ង់​​​២គ្រឿង​ក្នុង​​នោះមាន​នាវា​ល្បាត​​ចំណុះ​​​១.៥០០​​តោន ​មួយគ្រឿង ឈ្មោះ ALVAND និង​​នាវា​ផ្គត់​ផ្គង់​​ និងជួយទ្រទ្រង់​មាន​​ចំណុះ​​៣៣.០០០​​តោន ​​ឈ្មោះ KHARG ដែលនាវា​ចម្បាំង​​ទាំង​២​គ្រឿង​នេះ​​ផលិត​នៅ​អង់គ្លេស ។ យោង​តាម​​ប្រភព​ការទូត​អ៊ីរ៉ង់​​ថា នាវា​ទាំង​២​គ្រឿង​នេះ​ត្រូវ​ទៅ​កាន់​ប្រទេស​ស៊ីរី​ជា​ទម្លាប់​​ ហើយ​​ត្រូវស្ថិត​នៅ​ទីនោះ​រយៈ​ពេល​ពីរបីថ្ងៃ​​ បន្ទាប់ពី​​ឈប់​នៅ​អូម៉ង់ និង​ក្នុង​កំពង់ផែ JEDDAH របស់​អារ៉ាប៊ី​សាអ៊ូឌីត ៕

No comments:

Post a Comment