Monday, February 21, 2011

អាបែន​​ហ្វ្រាំង​មិន​ស៊ីក្រឡាប់​ចាក់​អាចម៍​រណា​រចូល​ស្ថានីយ​ប្រេង


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
អាបែន​​ក្រឡាប់​ចាក់​អាចម៍​រណា​រចូល​ស្ថានីយ​ប្រេង​ អាបែន​​ក្រឡាប់​ចាក់​អាចម៍​រណា​រចូល​ស្ថានីយ​ប្រេង
(​រូបថត ចាន់​ថេ​ត​)
អាបែន​​ក្រឡាប់​ចាក់​អាចម៍​រណា​រចូល​ស្ថានីយ​ប្រេង​
 
ខេត្ត​កំពង់​ចាម​ ៖ រថ​យន្ត​បែន​១​គ្រឿង​ចំណុះ​២,៥​តោន ពាក់​ស្លាក​លេខ​កំពង់​ចាម​៣​A-១៥២៥ ដឹក​អាចម៍​រណារ​ពេញ​បាន​ក្រឡាប់​ចូល​ទៅ​ក្នុង​បរិ​វេណ​ស្ថានីយ​ប្រេង​កាល់​តិច​ ក្បាល​ស្ពាន​គី​ហ្ស៊ុណា​ ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម កាល​ពី​វេលា​ម៉ោង​៩ និង​៤០​នាទី​​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ព្រម​ទាំង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​រន្ធត់​ ព្រោះ​តែ​នឹក​ស្មាន​ថា​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​តែ​ឧប្បត្តិ​ហេតុ​នេះ​។
លោក​ស៊ាម យូ​សេង​ ប្រធាន​នគ​រ​បាល​ចរា​ចរ​ក្រុង​កំពង់​ចាម​​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​​ហេតុ​ការណ៍​មិន​មាន​អ្នក​ណា​ម្នាក់​​រង​គ្រោះ​ថ្នាក់​ទេ ព្រោះ​ពេល​​ឃើញ​រថ​យន្ត​​ មិន​ស្រួល​​ អ្នក​ដំណើរ​នាំ​គ្នា​រត់​គេច​ចេញ​តែ​រៀង​ខ្លួន​ ។ ​រថ​យន្ត​​បាន​ជ្រុល​ទៅ​បុក​ទុយោ​ដែក​បំពង់​ទីបបណ្តាល​​ឱ្យ​កោង​​ រួច​ក្រឡាប់​ដេក​ទៅ​ខាង​ស្តាំ​ដៃ​លើ​​សួន​​។ បន្ទាប់​មក​គេ​ឃើញ​អ្នក​បើក​បរ​រថ​យន្ត​ និង​មនុស្ស​៣​នាក់​ទៀត​​នាំ​គ្នា​វារ​ចេញ​ពី​ក្នុង​កា​ប៊ីន​ ដោយ​​មិន​រង​របួស​ទេ​ ។
អ្នក​បើក​បរ​ឈ្មោះ​សុខ​ សំណាង​ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់​នៅ​ភូមិ​ខ្វិត​ធំ​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃ​ឈរ ​ប្រាប់​ថា លោក​បើក​រថ​យន្ត​​ដឹក​អាចម៍​​រណា​រចេញ​​មក​ពី​​ស្រុក​ពញា​ក្រែក​ឆ្ពោះ​ទៅ​​កាន់​ស្រុក​ព្រៃ​ឈរ​​ដើម្បី​លក់​ឱ្យ​អ្នក​ធ្វើ​ស្ករ​ត្នោត​ដុត​រំងាស់​ស្ករ​។ ​ពេល​រថ​យន្ត​បើក​ដល់​លើ​ស្ពាន​គី​ហ្ស៊ុណា​​ត្រង់​ចំណោត​ចុះ​ទៅ​ត្រើយ​ខាង​លិច​ ស្រាប់​តែ​ចាប់​ហ្វ្រាំង​មិន​ស៊ី​សោះ​ ព្រោះ​តែ​បែក​កាប៉ែន​ហ្វ្រាំង។ ​ក្នុង​ស្ថាន​ភាពបែប​នេះ​លោក​​ប្រឹងបញ្ជា​ចង្កូត​រថ​យន្ត​មិន​ឱ្យ​ទៅ​បុក​អ្នក​ណា​ម្នាក់​ទេ។
អ្នក​បើក​រថ​យន្ត​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​នៅ​ខាង​មុខ​មាន​រង្វង់​មូល​ក្បាល​​ស្ពាន​នោះ​លោក​​ប្រឹង​កាច់​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ចូល​ទៅ​ក្នុង​ស្ថានីយ​​ចាក់​ប្រេង​កាល់​តិច ប៉ុន្តែ​​ប្រឹង​កាច់​ចង្កូត​​មិន​ឱ្យ​ទៅ​បុក​កន្លែង​ចាក់​ប្រេង​ទេ ព្រោះ​ខ្លាច​​កើត​មាន​អគ្គី​ភ័យ​។ ​រថ​យន្ត​បាន​បុក​ទុយោ​បំពង់​​ទីប​ ហើយ​ក្រឡាប់​​ទៅ​ខាង​ស្តាំ​ដៃ​ជះ​អាចម៍​រណារ​​ចោល​តែ​ម្រង​។
ក្នុង​ឧប្បតិ្ត​ហេតុ​នេះ​មនុស្ស​៣​នាក់​ដែល​​រួម​ដំណើរ​នៅ​ក្នុង​កាប៊ីន​មិនរង​របួស​​ទេ ចំណែក​រូប​លោក​ជា​អ្នក​បើក​បរប៉ះ​ទង្គិច​​ទ្រូង​​ទៅនឹង​ចង្កូត​រថ​យន្ត​​បណ្តាល​ឱ្យ​ឈឺ​ចាប់​បន្តិច​បន្តួច​ ​។ លោក​ស៊ាម យូ​សេង ​បញ្ជាក់​ថា ការ​ខូច​ខាត​​​​ដែក​បំពង់​ទីប​សំរាប់​បង្ហូរ​ប្រេង​នោះ​ត្រូវ​ភាគី​​ម្ចាស់​រថ​យន្ត​ព្រម​ទទួល​សង​ឱ្យ​ទៅ​​ម្ចាស់​ស្ថានីយ​ប្រេង​កាល់​តិច​ចំនួន​២៥០​ដុល្លារ​ដើម្បី​បញ្ចប់​ការ​ប្តឹង​ប្តល់៕                                 

No comments:

Post a Comment