Thursday, February 17, 2011

ហ៊ុន សែន សង្ឃឹម​អាស៊ាន​ជួយ​ក្នុង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ

 

2011-02-17
ទំនាស់​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា បាន​ធ្លាក់​ដល់​ដៃ​អាស៊ាន (ASEAN) ហើយ​នៅ​ពេល​នេះ។
បន្ទាប់​ពី​ភាគី​កម្ពុជា​បាន​ប្ដឹង​ភាគី​ថៃ ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ហើយ​មាន​ការ​ប្រកាស​លទ្ធផល កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៤ កុម្ភៈ អំពី​ជម្លោះ​ព្រំដែន​គោក​នោះ​មក ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ បាន​សម្រេច​ឲ្យ​ភាគី​កម្ពុជា-ថៃ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍ ហើយ​មិន​បាន​ដោះស្រាយ​ទំនាស់​នេះ​ទេ បែរ​ជា​ប្រគល់​រឿង​ទំនាស់​នេះ​ទៅ​ឲ្យ​សមាគម​អាស៊ាន​ដោះ​ស្រាយ​វិញ។
ការ​ជួប​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ថ្នាក់​អាស៊ាន​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ហ្សាការតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២២ កុម្ភៈ​នេះ​ហើយ ពោល​គឺ​នៅសល់​តែ​៥ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ដែល ភាគី​ទាំងពីរ​នឹង​ដឹង​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​តាម​កម្រិត​ថ្នាក់​ដំបន់ អា​ស៊ាន​ថា ភាគី​ខាង​ណា​ឈ្នះ​ភាគី​ខាងណា​ចាញ់។
ទន្ទឹម​ពេល​រង់ចាំ​ថ្ងៃ​ដោះស្រាយ​ទំនាស់​នេះ មាន​អ្នក​វិភាគ​នយោបាយ​ខ្មែរ​មួយ​ចំនួន​ព្រួយបារម្ភ​ខ្លាច​ភាគី​កម្ពុជា​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​តវ៉ា​នោះ​ក្នុង​ដំណោះ​ស្រាយ​អាស៊ាន ដោយ​បាន​ផ្អែក​កត្តា​អវិជ្ជមាន​នៃ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា​មួយ​ចំនួន​កន្លងមក នឹង​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​លើ​ឆាក​អន្តរជាតិ។
លោក ស៊ឺន ស៊ូបែរ ប្រធាន​មូលនិធិ​សម្ដេច សឺន សាន និង​ជា​អតីត​អ្នក​នយោបាយ​ខ្មែរ បាន​សម្ដែង​សេចក្ដី​ព្រួយ​បារម្ភ​ថា កន្លង​មក​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​អាក់​អន់​ចិត្ត​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​បើ​ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ គឺ​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​ស្ទើរ​តែ​ទាំង​អស់​បាន​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​ថៃ​ច្រើន​ជាង​កម្ពុជា ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​មិនសូវ​យកចិត្តទុកដាក់​ខាង​ភាគី​កម្ពុជា ៖ «សូម​អត់ទោស​ថ្មីៗ​នេះ​យើង​មាន​រឿង​ជា​មួយ​អង្គការសហប្រជាជាតិ ដល់​អ៊ីចឹង! យើង​ត្រូវ​ប្រើ​ផ្លូវ​ទូត​ឲ្យ​ច្រើន​បន្តិច​រឿង​ទំនាក់​ទំនង​នឹង​។ ហើយ​ណា​មួយទៀត​ស្រុក​ខ្លះ​គេ​មើល​ប្រយោជន៍​របស់​គេ ព្រោះ​គេ​មាន​ប្រយោជន៍​ជាមួយ​ថៃ​ច្រើន​ជាង ប្រហែល​គេ​លំអៀង​ថៃ​ហើយ»
ទាក់ទង​ការ​គាំទ្រ​លើ​ឆាក​អន្តរជាតិ​វិញ លោក សឺន សូប៊ែរ បាន​បញ្ជាក់​ថា ថៃ​អាច​មាន​ប្រៀប​លើ​កម្ពុជា​ផង​ដែរ ៖ «ដូច​នៅ​សន្តិសុខ​សហប្រជាជាតិ​នឹង វា​មាន​ប្រទេស​ច្រើន​នៅនឹង ជាពិសេស ពួក​មហា​អំណាចទាំង៥​នឹង នៅ​ក្នុង​នឹង​ខាង បើ​យើង​គិត​ទៅ ខាង​សហរដ្ឋអាមេរិក ខាង​អង់គ្លេស គឺ​ចង់​មិន​ចង់​លំអៀង​ទៅ​ថៃ​បាត់​ហើយ លំអៀង​ទៅ​ពីរ​នាក់​ហើយ រវាង​៥នាក់នឹង លំអៀង​ទៅ​ថៃ​បាត់​ហើយ ព្រោះ​មិត្តភ័ក្ដិ​គេ​ចាស់»
ចំណែក​លោក​បណ្ឌិត អុក វណ្ណា សាស្ត្រាចារ្យ​រាជបណ្ឌិត​សភា​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ដោយ​លោក​ជឿ​ជាក់​ថា ថៃ​មាន​អាមេរិក​គាំទ្រ មិន​ខុស​ប្រទេស​ជា សមាជិក​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​ដោយ​អាមេរិក​ដែរ​នោះ​ទេ ដូច​ជា​ប្រទេស ហ្វីលីពិន ជា​ដើម ហើយ​ប្រទេស​ទាំងនោះ​នឹង​អាច​គាំទ្រ​ថៃ ព្រោះ​មាន​និន្នាការនយោបាយ​ប្រហាក់​ប្រហែលគ្នា ហើយ​លោក​មាន​ជំនឿ​ថា ដំណោះស្រាយ​ក្នុង​កម្រិត​ថ្នាក់​តំបន់ មិន​ខុស​ពី​កម្ពុជា និង​ថៃ​បាន​ចរចា​គ្នា​អស់​រយៈពេល ជាង​ពីរ​ឆ្នាំ​មក​ហើយ​មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ ហើយ​ការ​បាញ់​គ្នា​នឹង​នៅតែ​កើត​មាន​ជា​បន្ត​ទៅ​ទៀត លោក​បាន​ប្រៀបធៀប​ការ​គាំ​ទ្រ​របស់​អាមេរិក​ចំពោះ​ថៃ​មាន​ទំនាស់​ជាមួយ​កម្ពុជា ទៅ​នឹង​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ ដូច្នេះ ៖ «ដូច​ប្រទេស​កូរ៉េ​អ៊ីចឹង នៅ​ពេល​ដែល​គ្រាន់តែ​មាន​ការ​លើក​ឡើង​រវាង​កូរ៉េខាងត្បូង វា​មាន​សម​យុទ្ធ​យោធា​រវាង​អាមេរិក នឹង​កូរ៉េ​ខាងត្បូង​បាត់​ទៅ​ហើយ។ ហើយ​ថ្មីៗ​នេះ​ទៀត​គ្រាន់​តែ​មាន​បញ្ហា​ជាមួយ​កម្ពុជា​ហើយ​ថៃ មិនទាន់​បាន​ប៉ុន្មាន​ផង អាមេរិក​ធ្វើ​សម​យុទ្ធ​ជាមួយ​ថៃ។ ដូច្នេះ ខ្ញុំ​ឃើញ​ថា នេះ​ជា​កិច្ចការ​មួយ ដែល​ខ្ញុំ​ឃើញ​ថា ជួនកាល​សហ​ប្រជាជាតិ ប្រទេស​មហាអំណាច​ធំៗ​នៅ​មាន​គំនាប បើ​សិន​ទម្លាក់​ឲ្យ​អាស៊ាន ខ្ញុំ​ឃើញ​ថា អាស៊ាន​នឹង​ទម្លាក់​ឲ្យ​កម្ពុជា​ទ្វេ​ភាគី​ដដែល»
ចំណែក​អ្នកវិភាគ​នយោបាយ​ខ្លះ​ទៀត បាន​ព្រួយ​ថា កម្ពុជា​អាច​ចាញ់​ភាគី​ថៃ បើ​ដោះស្រាយ​ទំនាស់​នេះ​តាម​យន្តការ​ថ្នាក់​អាស៊ាន ព្រោះ​ថា ថ្នាក់ដឹកនាំ​សមាគម​អាស៊ាន​បច្ចុប្បន្ន មាន​ប្រពន្ធ​ថៃ និង​ជា​សញ្ជាតិ​ថៃ ជាដើម ឧទាហរណ៍ ដូច​ជា លោក សូរិន ពិតសុវណ្ណ (Surin Pitsuwan) ជា​អគ្គ​លេខា​សមាគម​អាស៊ាន​ជាដើម ជា​សញ្ជាតិ​ថៃ។
ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​មន្ទិល​សង្ស័យ​ដូច្នេះ ហើយ លោក​ជឿជាក់​ថា ថ្នាក់​ដឹកនាំ​អាស៊ាន នឹង​ធ្វើ​ការ​ដោះស្រាយ​ជម្លោះ​រវាង​ភាគី​កម្ពុជា​និង​ថៃ​ដោយ​អាជីព​មិន​យក​ទឹក​ស្នេហាជាតិ​សាសន៍​ឯង​មក​ឡូកឡំ​ទេ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឬ​ហៅថា វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ​លោក​បាន​អះអាង​ថា ៖ «ទាក់​ទង​ទៅ​ជាមួយ​នឹង​បញ្ហា​អគ្គលេខាធិការ​អាស៊ាន ប្រធាន​អាស៊ាន​ត្រូវ​ជា​ជាតិ​ថៃ ឬ​មាន​ប្រពន្ធ​ថៃ​នោះ ខ្ញុំ​មិន​ជឿ​ថា វា​មិន​ដូច្នេះ  ពេលនេះ ឯក​ឧត្ដម សូរិន ពិត​សុវណ្ណ កំពុង​ពាក់​ទង់​ជាតិ​អាស៊ាន គាត់​មិន​អាច​ដើរ​ចូល​តុ​ចរចា​ពាក់​ទង់ជ័យ​ថៃ​ទេ។ គាត់​ពាក់​ទង់​ជ័យ​អាស៊ាន ដូច្នេះ​គាត់​ត្រូវ​បំពេញ​កាតព្វកិច្ច​អាស៊ាន។ ឯ​ចំពោះ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ខ្ញុំ​ទុក​ចិត្ត​គាត់»
ប្រទេស​ជា​សមាជិក​អាស៊ាន​រួម​មាន​ដូចជា ប្រទេស​កម្ពុជា វៀតណាម លាវ ថៃ ភូមា ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីព្ពីន សិង្ហបុរី។ មាត្រា​ទី៣១ នៃ​ធម្មនុញ្ញ​អាស៊ាន ប្រទេស​ជា​សមាជិក​អាស៊ាន​ហើយ​ប្រធាន​សមាគម​អាស៊ាន​ក្នុង​អាណត្តិ​នេះ​មួយ​ឆ្នាំ​ម្ដង តាម​លំដាប់​តួ​អក្សរ​ដោយ​ចាប់​ផ្ដើម​ពី​អក្សរ​បរទេស គឺ​អក្សរ A។ ហើយ​នៅ​ឆ្នាំ​នេះ​ដំណែង​ជា​ប្រធាន សមាគម​អាស៊ាន គឺ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​មាន​លោក ម៉ាទី ណា​តា​លី​ហ្គា​វ៉ា (Maty Nataleygawa) ជា​ប្រធាន ហើយ​លោក សូរិន ពិត​សុវណ្ណ (Surin Pitsuwan) ដែល​ជា​ជន​ជាតិ​ថៃ កាន់​ដំណែង​ជា​អគ្គ​លេខា​សមាគម​អាស៊ាន។
ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ នៅ​ពេល​ដែល​ភាគី​ថៃ បាន​លើកទ័ព​ចូល​មក​ទឹក​ដី​កម្ពុជា ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ។​ភាគី​កម្ពុជា បាន​ចោទ​ថៃ​ថា បាន​ឈ្លានពាន​កម្ពុជា តែ​ភាគី​ថៃ​បាន​ឆ្លើយ​ថា ទឹកដី​មួយ​ផ្នែក​នៅ​ក្បែរ​តំបន់​ប្រសាទ ព្រះវិហារ​ទំហំ ៤,៦ គ.ម ជា​របស់​ថៃ។ ភាគី​ជម្លោះ​ទាំង​ពីរ​បាន​បាញ់​ដាក់​គ្នា​ជាបន្តបន្ទាប់ បណ្ដាល​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់​និង​របួស និង​ប្រជាជន​នៃ​ប្រទេស​ទាង​ពីរ រាប់​ពាន់​អ្នក​បាន​ភៀស​សឹក​ចោល​ភូមិ​ស្ថាន។
ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ លោក​នាយករដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​ឲ្យ​មេបញ្ជាការ​ខ្មែរ-ថៃ តាម​ព្រំដែន​ជួប​ចរចា ឬ​ពិភាក្សា និង​លេង​កីឡា​ជាមួយ​គ្នា​ជា​មិត្តភាព​ឲ្យ​បាន​ញឹកញាប់​ដើម្បី​បន្ធូរ​បរិយាកាស​អមិត្ត​ដាក់​គ្នា ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ថ្លែង​ថា លោក​មាន​បំណង​ចង់​ឃើញ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន មាន​សន្តិភាព​ដូចមុន​ថ្ងៃ​១៥ កក្កដា ឆ្នាំ​២០០៨។
លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​សុំ​ឲ្យ​សមាជិក​អាស៊ាន​មាន​បញ្ជូន អ្នក​សង្កេតការណ៍ មក​ត្រួតពិនិត្យ​មើល​ការឈប់បាញ់​គ្នា​នៅ​តំបន់​ព្រំដែន កម្ពុជា-ថៃ ដែល​កងទ័ព​ទាំងពីរ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ។ តែ​សំណើ​នេះ​ត្រូវ​ភាគី​ថៃ​ទាត់ចោល​ភ្លាម​ៗ​ដែរ ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រុង​ភ្នំពេញ៕

No comments:

Post a Comment